34 C
Phnom Penh

តុលាការ​ខេត្ត​កោះកុង​កាត់ទោស​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ​ដែល​មាន​ជម្លោះ​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​សហគមន៍​ដីធ្លី​ម្នាក់​ក្នុង​ចំណោម ៩​នាក់​ទៀត​ខកចិត្ត​ដែល​តុលាការ​ខេត្ត​កោះកុង កាត់ទោស​លោកស្រី និង​អ្នក​ផ្សេង​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​ម្នាក់ៗ ៤០​លាន​រៀល ដោយសារ​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី និង​យុត្តិធម៌​ដែល​ត្រូវ​បាន​ឧកញ៉ា ហេង ហ៊ុយ រំលោភ​យក​កាលពី​ឆ្នាំ​២០០៧។

តំណាង​ទាំង ១០​នាក់ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១​ឆ្នាំ និង​បង្គាប់​ឲ្យ​តំណាង ៩​នាក់​បង់​ប្រាក់​ពិន័យ ៤០​លាន​រៀល ដោយ​ចោទប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​បរិហារ​បង្កាច់​កេរ្តិ៍» ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ តាំងពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ។

ប្រាប់​អ្នក​សារព័ត៌មាន​ខាងមុខ​សាលាដំបូង​ខេត្ត​កោះកុង លោកស្រី កើត នៅ ដែល​ជា​តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​តំណាង​ទាំង ១០​នាក់​នោះ​និយាយ​ថា លោកស្រី​សោកស្ដាយ​ដែល​តុលាការ​កាត់ទោស​ឲ្យ​គាត់​ជាប់​ពន្ធនាគារ ១​ឆ្នាំ​ទាំង​ដែល​លោកស្រី និង​អ្នក​ផ្សេង​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ​នោះ។

លោកស្រី​ចាត់ទុក​ការ​កាត់ទោស​របស់​តុលាការ​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់ ព្រោះ​ពួកគាត់​រងគ្រោះ​បាត់បង់​ដីធ្លី​ហើយ ឥឡូវ​បែរ​ជា​មក​រងគ្រោះ​ដោយសារ​តុលាការ​បន្ថែម​ទៀត។ លោកស្រី​ថា ពួកគាត់​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​ជាន់ខ្ពស់​បន្ត​ទៀត ដើម្បី​ទាមទារ​រក​យុត្តិធម៌ ព្រោះ​ពួកគាត់​ជា​ជន​រងគ្រោះ​បាត់បង់​ដីធ្លី មិនមែន​ជា​ជនល្មើស​ឡើយ។

អំឡុង​ពេល​តុលាការ​ប្រកាស​សាលក្រម​នោះ ពលរដ្ឋ​រងគ្រោះ​ជាច្រើន​នាក់​បាន​នាំគ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​នេះ ដោយ​ភ្ជាប់​ជាមួយ​បដា​ទាមទារ​ទម្លាក់​បទ​ចោទ និង​ដោះលែង​តំណាង​ពួកគេ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ផង​ដែរ។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ នគរបាល​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន ១១​នាក់ រួម​មាន​អ្នកស្រី ដេត ហួរ លោក ហេង ជ័យ និង​លោក សុខ ជ័យ ខណៈ​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ ក្នុង​គោលបំណង​ដាក់​ញត្តិ​ស្នើសុំ​អន្តរាគមន៍​ឲ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​លើ​សមាជិក​សហគមន៍ និង​អំពាវនាវ​ឲ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ដែល​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ពួកគេ។

លោកស្រី ដេត ហួរ លោក សុខ ជ័យ និង​លោក ហេង ជ័យ ត្រូវ​រង​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ជា​លើក​ទី​ពីរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ ខណៈ​លោកស្រី អិន ធូ ដែល​បាន​ចូលរួម​ដំណើរ​ក្នុង​ការ​ដាក់​ញត្តិ​នោះ ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ខ្លួន​ដើម្បី​សួរ​ចម្លើយ​នៅ​សាលាដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។

គិត​ចាប់តាំងពី​ឆ្នាំ​២០០៧ មក​ដល់​ឆ្នាំ​២០២៣ ពោល​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ពលរដ្ឋ​រងគ្រោះ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ​ទេ។ ក្រៅពី​មិន​ដោះស្រាយ​ហើយ តំណាង​ពលរដ្ឋ ១០​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ហើយ​អាជ្ញាធរ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​រងគ្រោះ​ជាបន្តបន្ទាប់​នៅ​ពេល​ពួកគេ​ចេញ​តវ៉ា​ទាមទារ​ដំណោះស្រាយ និង​យុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស