31 C
Phnom Penh

លោក ឱម យ៉ិនទៀង ជំរុញ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​បន្ត​រួម​គ្នា​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេស​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យ៉ិនទៀង ជំរុញ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន បន្ត​ធ្វើការ​រួម​គ្នា​ដើម្បី​ប្រឆាំង​អំពើពុករលួយ​នៅ​តាម​បណ្ដា​ប្រទេស​របស់​ខ្លួន។

យ៉ាងណា​ក៏ដោយ ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​នៅតែ​បន្ត​ជាប់​លេខ​រៀង​អាក្រក់​ដដែល ដែល​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង ១០ លើកលែងតែ​ប្រទេស​ភូមា។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យ៉ិនទៀង និង​ជា​ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​អាស៊ាន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លេខាធិការដ្ឋាន​អាស៊ាន-ផេក (ASEAN-PAC) នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ជា​ការពិត​ណាស់ តំបន់​អាស៊ាន​ក៏ដូចជា​ពិភពលោក​ទាំងមូល​ដែរ​ដែល​តម្រូវ​ឱ្យ​មាន​កិច្ចសហការ និង​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ជា​បងប្អូន។

លោក ឱម យ៉ិនទៀង លើកឡើង​ថា ផ្អែក​លើ​ស្មារតី​ចែករំលែក​ក្នុង​នាម​ជា​បងប្អូន​ដែល​មាន​គោលដៅ​រួម​គ្នា គឺ​ត្រូវ​ប្រឆាំង​អំពើពុករលួយ​នៅ​ក្នុង​ប្រទេស​នីមួយៗ​របស់​ខ្លួន ដើម្បី​មាន​លទ្ធភាព​ឈាន​ទៅ​ជួយ និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ផ្អែក​ទៅ​តាម​បរិបទ និង​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ដូច​មាន​ចែង​នៅ​ក្នុង ASEAN-PAC MOU នា​ពេល​កន្លង​ទៅ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​រក​ឃើញ​ថា​កម្ពុជា​ជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ប្រធាន​កម្មវិធី​សុចរិតភាព​ធុរកិច្ច និង​ធនធាន​រ៉ែ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក តុង សុប្រាជ្ញ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​ទោះបីជា​អំពើពុករលួយ​កើត​មាន​នៅ​កម្ពុជា​រហូត​សហគមន៍​អន្តរជាតិ​ដាក់​ពិន្ទុ​ឱ្យ​ស្ថិត​ក្នុង​លេខ​រៀង​ដ៏​អាក្រក់​ក៏ដោយ ក៏​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ជាដើម មិន​សូវ​ឃើញ​មាន​វិធានការ​ស៊ើប​អង្កេត​លើ​ស្ថាប័ន​នានា​ដែល​មន្ត្រី​នៃ​ស្ថាប័ន​នោះ​កំពុង​សម្ងំ​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​លុយ​ជាតិ​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​អំពើពុករលួយ​កាន់តែ​រីក​ដុះដាល និង​កាន់តែ​ចាក់​ឫស​ចូល​ជ្រៅ​នៅ​កម្ពុជា អ្នក​ដែល​រង​នូវ​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ គឺ​មាន​តែ​មន្ត្រី​រាជការ​ដែល​ស្មោះត្រង់ និង​ពលរដ្ឋ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត វិបត្តិ​ផ្សេងៗ ដូចជា​អយុត្តិធម៌​សង្គម គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ ជាដើម នឹង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ជាមិនខាន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា អំពើពុករលួយ​នៅ​កម្ពុជា​កំពុងតែ​ចាក់​ឫស​យ៉ាង​ជ្រៅ​ចូល​ទៅ​ក្នុង​ស្ថាប័ន​ជាតិ ដែល​កំពុង​ទាញ​ទម្លាក់​កម្ពុជា​ចូល​ទៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ដែល​ងើប​មុខ​មិន​រួច ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ច្បាប់​ច្បាស់លាស់​លើ​មន្ត្រី​ខិលខូច​ដែល​កំពុង​ចង​បណ្ដាញ​ដើម្បី​បំផ្លាញ​ជាតិ​ក្នុង​ស្ថាប័ន​រដ្ឋ​ទេ​នោះ។

កាលពី​ពេល​ថ្មីៗ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​អំពើពុករលួយ​សម្រាប់​ឆ្នាំ​២០២២ ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១៥០ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ នៅ​លើ​ពិភពលោក ជុំវិញ​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ចំណាត់ថ្នាក់​នេះ​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ល្អ​ជាង​ប្រទេស​ភូមា តែ​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន។ ជាក់ស្តែង ប្រទេស​ឡាវ​ជាប់​លេខ ១២៦ ហ្វីលីពីន​ជាប់​លេខ ១១៦ ឥណ្ឌូនេស៊ី​ជាប់​លេខ ១១០ ថៃ​ជាប់​លេខ ១០១ វៀតណាម​ជាប់​លេខ ៧៧ ម៉ាឡេស៊ី​ជាប់​លេខ ៦១ ដោយឡែក​ប្រទេស​សិង្ហបុរី​ជាប់​លេខ​៥។

កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១២ មក ក្នុង​នោះ​ឆ្នាំ​២០១៦ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១៥៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ជាប់​ចំណាត់ថ្នាក់​លេខ ១៦១ ខណៈ​ឆ្នាំ​២០១៩ ជាប់​លេខ​១៦២ ឆ្នាំ​២០២០ ជាប់​លេខ​១៦០ និង​ឆ្នាំ​២០២១ ជាប់​ចំណាត់ថ្នាក់​លេខ ១៥៧ ខណៈ​ឆ្នាំ​២០២២ គឺ​ជាប់​លេខ​១៥០ ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ដដែល​ខាង​ប្រព្រឹត្ត​អំពើពុករលួយ។

មាត្រា​១ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ចែង​ថា ច្បាប់​នេះ​មាន​គោលបំណង​លើក​កម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់​បែប​យ៉ាង ពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​នៅ​ក្នុង​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​រដ្ឋ ព្រមទាំង​រក្សា​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដែល​ជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ មាន​ការ​ចោទប្រកាន់​ថា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ជុំវិញ​ការ​បញ្ចូល​មន្ត្រី​កម្មសិក្សា​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​២០២៣ ចំនួន ៦៦​រូប ក្នុង​នោះ​មន្ត្រី​ដែល​ត្រូវ​ធ្វើ​កម្មសិក្សា​សម្រាប់​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​២០២៣ ទាំង ៦៦​រូប​នោះ ត្រូវ​គេ​ដឹង​ថា​សុទ្ធតែ​ជាប់​ទាំងអស់ ដោយសារតែ​មាន​ការ​សូកប៉ាន់​ទាំងអស់​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​ពេញ​សិទ្ធិ​ក្នុង​ក្រសួង​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស