32 C
Phnom Penh

តុល្យការ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​៥៣៨​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ជាង ២៥​ម៉ឺន​៥​ពាន់​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំងពី​រុស្ស៊ី​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ មក​ទល់​ថ្ងៃទី​១៦ ខែ​សីហា នេះ សង្គ្រាម​បាន​អូស​បន្លាយ​អស់​រយៈពេល ៥៣៨​ថ្ងៃ។ ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​បញ្ចេញ​តួលេខ​ចុងក្រោយ​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​អំពី​ការ​បាត់បង់​ទ័ព និង​សព្វាវុធ​របស់​រុស្ស៊ី។

សារព័ត៌មាន​របស់​អ៊ុយក្រែន The new voice of Ukraine បាន​ស្រង់​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន មក​ចុះផ្សាយ​ថា រុស្ស៊ី​បាត់បង់​ទ័ព និង​សព្វាវុធ​យ៉ាង​សម្បើម បើ​ប្រៀបធៀប​ទៅ​នឹង​សហភាព​សូវៀត​លើក​ទ័ព​ចូល​ទៅ​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​សង្គ្រាម​ត្រជាក់ គឺ​ខុស​គ្នា​ដល់​ទៅ​ជាង ១០​ដង បើ​ធៀប​នឹង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នៅ​ពេលនេះ។

របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ពុធ ទី​១៦ សីហា នេះ រុស្ស៊ី​បាត់បង់៖

  • ទ័ព​កើនឡើង ២៥​ម៉ឺន ៥៥៧០​នាក់
  • រថក្រោះ​រុស្ស៊ី​បាត់បង់ ៤៣២៥​គ្រឿង
  • រថពាសដែក​ចំនួន ៨៣៨០​គ្រឿង
  • កាំភ្លើង​ធំ ៥១៥២​គ្រឿង
  • រ៉ុក្កែត ៧១៤​គ្រឿង
  • យន្តហោះ​ចម្បាំង ៣១៥​គ្រឿង
  • ឧទ្ធម្ភាគចក្រ ៣១៤​គ្រឿង
  • ប្រព័ន្ធ​ការពារ​ដែន​អាកាស ៤៨៥​គ្រឿង
  • ដ្រូន​ត្រូវ​បាន​បាញ់​ទម្លាក់​បាន ៤២៤៨​គ្រឿង
  • មីស៊ីល​គ្រុស ១៤០៤​គ្រាប់
  • នាវា​តូច​ធំ ១៨​គ្រឿង
  • យានយន្ត​យោធា ៧៦១៤​គ្រឿង
  • និង​ឧបករណ៍​ដទៃ​ទៀត ៧៧៣​គ្រឿង។

យ៉ាងណា បើ​យោង​តាម​សារព័ត៌មាន​ដដែល​នេះ អំឡុង​សង្គ្រាម ២៤​ម៉ោង​ចុងក្រោយ​នេះ​នៅ​រវាង​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ សីហា ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​អះអាង​ថា ទ័ព​របស់​រុស្ស៊ី​បាន​បាត់បង់​ចំនួន ៦៥០​នាក់ រថក្រោះ ១១​គ្រឿង រថពាសដែក ១០​គ្រឿង និង​ប្រព័ន្ធ​កាំភ្លើង​ធំ ២៤​គ្រឿង។ តែ​តួលេខ​ទាំងអស់​នេះ សារព័ត៌មាន The new voice of Ukraine មិន​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​នោះ​ទេ។

ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា អំឡុង​នៃ​សង្គ្រាម​វាយ​បក​របស់​អ៊ុយក្រែន​រយៈពេល​បី​ខែ​មក​នេះ ទ័ព​អ៊ុយក្រែន​បាត់បង់​នៅ​លើ​សមរភូមិ​ជាង ៤​ម៉ឺន​នាក់​ហើយ បាត់បង់​សព្វាវុធ​ប្រមាណ​ជា ៥០០​គ្រឿង ក្នុង​នោះ​មាន​រថក្រោះ និង​រថពាសដែក។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ៊ុយក្រែន​មិន​អាច​វាយ​យក​ទឹកដី​ពី​ដៃ​នៃ​កងទ័ព​រុស្ស៊ី​បាន​ទេ ទោះជា​អ៊ុយក្រែន​ព្យាយាម​ប្រើប្រាស់​សព្វាវុធ​របស់​ពួក​បស្ចិម​ប្រទេស​ក៏ដោយ​នោះ។ រុស្ស៊ី​អះអាង​ថា ឆាប់ៗ​នេះ អ៊ុយក្រែន​នឹង​បាត់បង់​ការ​ប្រយុទ្ធ​របស់​ខ្លួន​ជាមួយ​នឹង​សព្វាវុធ​របស់​ពួក​បស្ចិម​ប្រទេស​ដែល​ផ្ដល់​ទៅ​ឲ្យ​អ៊ុយក្រែន នឹង​ត្រូវ​បាន​កម្ទេច​នៅ​លើ​សមរភូមិ។

តែ​យ៉ាងណា អ្នកជំនាញ​មើល​ឃើញ​ថា ចំនួន​ទ័ព​របស់​រុស្ស៊ី​ដែល​បាត់បង់​នៅ​លើ​សមរភូមិ​ដ៏​ច្រើន​សម្បើម​នេះ បើ​ធៀប​នឹង​សង្គ្រាម​រយៈពេល ១០​ឆ្នាំ​ដែល​សហភាព​សូវៀត​លើក​ទ័ព​ចូល​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ទសវត្ស​១៩៨០ គឺ​សហភាព​សូវៀត​បាត់បង់​ទ័ព​តែ ២​ម៉ឺន ៥​ពាន់​នាក់​ប៉ុណ្ណោះ។

ដូចនេះ ត្រឹមតែ ១៨​ខែ​ប៉ុណ្ណោះ រុស្ស៊ី​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង វ៉្លាឌីមៀរ ពូទីន ដែល​បញ្ជា​ឲ្យ​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន គឺ​ចំនួន​ទ័ព​រុស្ស៊ី​ដែល​បាត់បង់​ដូចនេះ​គឺ​ខុស​គ្នា​ដល់​ទៅ​ជាង ១០​ដង។

រុស្ស៊ី​បាត់បង់​ទ័ព​ក្នុង​មួយ​ថ្ងៃ​ពី ៤០០​នាក់​ឡើង​ទៅ រីឯ​សហភាព​សូវៀត​បាត់បង់​ទ័ព​មួយ​ថ្ងៃ​ប្រមាណ​ជា​ជិត ៤០​នាក់​ប៉ុណ្ណោះ ហើយ​បើ​ប្រៀបធៀប​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​លើក​ទ័ព​ចូល​ទៅ​ធ្វើ​សង្គ្រាម​នៅ​វៀតណាម​ខាងត្បូង​រយៈពេល ១១​ឆ្នាំ អាមេរិក​បាត់បង់​ទ័ព​ជាង ៨​ម៉ឺន​នាក់ ហើយ​អាមេរិក​ក៏​បាន​បាត់បង់​ទ័ព​ក្នុង​មួយ​ថ្ងៃ ២០​នាក់។ ដូចនេះ រុស្ស៊ី​បច្ចុប្បន្ន​បាត់បង់​ទ័ព​នៅ​លើ​សមរភូមិ​ទឹកដី​អ៊ុយក្រែន គឺ​ច្រើន​ជាង​អាមេរិក ២០​ដង។

អង្គភាព​ចារកម្ម​របស់​អង់គ្លេស និង​សហរដ្ឋ​អាមេរិក ទទួលស្គាល់​ថា​តួលេខ​ដែល​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​បញ្ចេញ​ដូចនេះ វា​អាច​ប្រហាក់ប្រហែល​នឹង​ស្ថានភាព​ជាក់ស្ដែង​ដែល​រុស្ស៊ី​បាត់បង់​ទ័ព និង​សព្វាវុធ​ក្នុង​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន។

ចារកម្ម​របស់​អាមេរិក CIA ថ្មីៗ​នេះ​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា គ្រាន់តែ​សមរភូមិ​បាក់មុត នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ដែល​មាន​ផ្ទៃដី ៤០​គីឡូម៉ែត្រ​ការ៉េ រុស្ស៊ី​ប្រើប្រាស់​ទ័ព​យ៉ាង​សម្បើម ហើយ​ប្រើ​ពេល​ដល់​ទៅ ១​ឆ្នាំ​ទើប​វាយ​យក​បាន​ពី​ដៃ​របស់​ទ័ព​អ៊ុយក្រែន នៅ​ថ្ងៃទី​២០ ឧសភា ឆ្នាំ​២០២៣ ដោយ​ចំណាយ​ទ័ព​ជាង ៥​ម៉ឺន​នាក់។

លោក​ប្រធានាធិបតី ចូ បៃដិន កាលពី​ប្រជុំ​នៃ​មេដឹកនាំ​កំពូល​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G7 បាន​ថ្លែង​ប្រាប់​វេទិកា​ដែល​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន កាលពី​ដើម​ខែ​មិថុនា ថា ការ​បាត់បង់​ទ័ព​រុស្ស៊ី​យ៉ាង​សម្បើម​នៅ​បាក់មុត បាន​បង្ហាញ​អំពី​មហាអំណាច​មួយ​នេះ​មាន​ចំណុច​ខ្សោយ​យ៉ាង​ខ្លាំង​ក្នុង​ការ​គូសវាស​យុទ្ធសាស្ត្រ​សង្គ្រាម។ លោក​បាន​ថ្លែង​ដោយ​ទទូច​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​ត្រូវ​ពង្រឹង​ជំនួយ​យោធា​របស់​ខ្លួន​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ទៅ​ឲ្យ​អ៊ុយក្រែន។

មក​ដល់​ពេលនេះ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន មិន​ដែល​បង្ហាញ​ជំហរ​រត់​ទៅ​រក​ការ​ចរចា​នោះ​ទេ គឺ​ភាគី​ទាំង​ពីរ​ចង់​យក​ឈ្នះ​រៀងៗ​ខ្លួន ហើយ​ជាពិសេស​គឺ​អ៊ុយក្រែន​ជា​ប្រទេស​រងគ្រោះ​ដោយសារ​សង្គ្រាម​បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា គ្មាន​ទេ​ការ​ចរចា លើកលែងតែ​ទីក្រុង​មូស្គូ ដក​ទ័ព​ទាំងស្រុង​ចេញពី​ទឹកដី​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស