29 C
Phnom Penh

លោក ថាក់ស៊ីន ត្រូវ​បាន​ឃុំ​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​វិល​ចូល​ស្រុក ខណៈ​ប្រទេស​ថៃ​មាន​នាយករដ្ឋមន្ត្រី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ភ្លាមៗ ហើយ​បញ្ជូន​ទៅ​កាន់​តុលាការ បន្ទាប់ពី​រូបលោក​វិលត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ក្រោយ​រស់នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​អស់​រយៈពេល ១៧​ឆ្នាំ។

លោក ថាក់ស៊ីន បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន Don Mueang នៅ​ទីក្រុង​បាងកក នៅ​ម៉ោង ៩​ព្រឹក​នេះ តាមរយៈ​យន្តហោះ​ឯកជន​មួយ​ដែល​បាន​ចេញ​ដំណើរ​ពី​ប្រទេស​សិង្ហបុរី។

ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុម​អ្នកគាំទ្រ​លោក ថាក់ស៊ីន ជាច្រើន​ពាន់​នាក់​ដែល​ស្លៀកពាក់​អាវ​ពណ៌​ក្រហម បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្បែរ​ព្រលាន​យន្តហោះ Don Mueang ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​មាន​ពិរុទ្ធភាព​រូប​នេះ។

នៅ​ពេល​មក​ដល់​ទឹកដី​ថៃ លោក ថាក់ស៊ីន បាន​ឱន​គោរព​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ថៃ ហើយ​មួយ​សន្ទុះ​ក្រោយ​មក ទើប​ប៉ូលិស​ថៃ​នាំ​លោក​ឡើង​រថយន្ត​ឆ្ពោះ​ទៅ​កាន់​តុលាការ​កំពូល​ជា​ទី​ដែល​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើពុករលួយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​តុលាការ​កំពូល បាន​បញ្ជាក់​អំពី​ការ​សម្រេច​ផ្ដន្ទាទោស​អតីត​នាយករដ្ឋមន្ត្រី​ថៃ វ័យ ៧៤​ឆ្នាំ​រូប​នេះ​ដាក់​ពន្ធនាគារ ៨​ឆ្នាំ។

នៅ​មុន​ពេល​តុលាការ​នាំ​ខ្លួន​លោក ថាក់ស៊ីន ទៅ​កាន់​តុលាការ​កំពូល អ្នកស្រី ផៃថោថាន ស៊ីណាវ៉ាត់ កូនស្រី​របស់​លោក ថាក់ស៊ីន បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​បន្ទប់ VIP នៃ​អាកាសយានដ្ឋាន Don Muang ក្នុង​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​សីហា នេះ ដោយ​បង្ហាញ​ពី​ឪពុក​របស់​នាង គឺ​លោក ថាក់ស៊ីន កំពុង​ជួបជុំ​ជាមួយ​ចៅៗ កូនប្រសា និង​កូន​បង្កើត។

នៅ​លើ​ទំព័រ Facebook អ្នកស្រី ផៃថោថាន ក៏​បាន​សរសេរ​សំណេរ​អម​ជាមួយ​រូបភាព​ផង​ដែរ​ថា ស្វាគមន៍​ការ​ត្រឡប់​មក​កាន់​ប្រទេស​ថៃ លោក​ឪពុក។ អ្នកស្រី​ក៏​បាន​អរគុណ​ផង​ដែរ​ដល់​ក្រុម​អ្នកគាំទ្រ​ដែល​បាន​មក​ទទួល​ស្វាគមន៍​លោក ថាក់ស៊ីន ជា​ឪពុក​របស់​អ្នកស្រី។

លោក ថាក់ស៊ីន ធ្លាប់​បាន​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​រូបលោក ដោយ​បាន​ចោទ​ថា​តុលាការ​មាន​ចេតនា​នយោបាយ។ មុន​នឹង​ការ​វិលត្រឡប់​ចូល​ស្រុក​វិញ លោក ថាក់ស៊ីន ក៏​ត្រូវ​បាន​ឱ្យ​ដឹង​ថា លោក​នឹង​ស្នើសុំ​ឲ្យ​មាន​ការ​លើកលែង​ទោស​ពី​ព្រះរាជា។

លោក ថាក់ស៊ីន ជា​នាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត​មកពី​គណបក្ស​ថៃរ៉ាក់ថៃ ដែល​ជា​បក្ស​ដើម​របស់​គណបក្ស​ភឿថៃ។ លោក​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០០១ ដោយ​បាន​កាន់​តំណែង​ពេញ​មួយ​អាណត្តិ ៥​ឆ្នាំ។ លោក​បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​២ បាន​ជិត​មួយ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៦។ ការ​វិល​មក​វិញ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ គឺជា​ការ​បិទ​បញ្ចប់​ភាព​ជា​អ្នក​នយោបាយ​និរទេស​ខ្លួន​រយៈពេល ១៧​ឆ្នាំ។

ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត​ដែល​កើត​នៅ​ក្រុង​បាងកក ផង​ដែរ​នោះ គឺ​សភា​ថៃ​បាន​បោះឆ្នោត​ជ្រើសតាំង​លោក Srettha Thavisin ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​រាជាណាចក្រ​ថៃ។

ព្រឹត្តិការណ៍​ជា​វិជ្ជមាន​នេះ នឹង​នាំ​ទៅ​រក​ការ​បិទ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ចាប់តាំងពី​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា មក​នេះ។

សភា​ថៃ បាន​កោះ​ប្រជុំ​សាជាថ្មី​ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ទី​៣០ របស់​ថៃ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២២ សីហា នេះ។ ដើម្បី​អាច​ជាប់​ជា​នាយករដ្ឋមន្ត្រី​បាន បេក្ខជន​នាយករដ្ឋមន្ត្រី​ត្រូវការ​សំឡេង​គាំទ្រ​ចាប់ពី ៣៧៥​សំឡេង​ឡើង​ទៅ ដែល​ស្មើ​នឹង​សំឡេង​ពាក់កណ្តាល​នៃ​ចំនួន​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ថៃ សរុប​បញ្ចូល​គ្នា ៧៥០​អាសនៈ។

តាម​លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា ៣៨២​រូប​បាន​បោះឆ្នោត​គាំទ្រ​លោក Srettha ដែល​នាំ​ឱ្យ​លោក​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ដោយ​មាន​សំឡេង​ភាគច្រើន​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថៃ។ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​មាន​សំឡេង ១៦៥ បោះឆ្នោត​ប្រឆាំង និង ៨១​សំឡេង​បោះឆ្នោត​អនុបវាទ ខណៈ​លោក Srettha មាន​សំឡេង​ក្នុង​ដៃ ៣១៤​សំឡេង​រួច​ហើយ​នោះ​ដែល​បូក​បញ្ចូល​គ្នា ១១​គណបក្ស។

បក្ស​ធំ​ពីរ​ដែល​មិន​បោះឆ្នោត​ឱ្យ​លោក Srettha គឺ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​មាន​សមាជិក​សភា​ដល់​ទៅ ១៥១​រូប​ដឹកនាំ​ដោយ​បេក្ខជន​នាយករដ្ឋមន្ត្រី​មិន​ជាប់​ឆ្នោត គឺ​លោក ភីថា លឹមចារឿនរ៉ាត់ និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សមាជិក​សភា ២៥​នាក់ ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី អាប់ភីសិត វេចាជីវ៉ា។

រដ្ឋសភា​ថៃ​មាន​សមាជិក​សរុប​ចំនួន ៥០០​នាក់​ជា​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត ហើយ​ព្រឹទ្ធសភា​មាន ២៥០​នាក់ តែ​ពួកគាត់​ជា​អ្នក​នយោបាយ​មិន​បាន​ជ្រើសរើស​ចេញពី​អ្នក​បោះឆ្នោត​នោះ​ទេ។

សមាជិក​ព្រឹទ្ធសភា​នេះ​កើតឡើង​ដោយ​ការ​ចាត់តាំង​របស់​ពួក​យោធា​កាលពី​ឆ្នាំ​២០១៧ ក្រោយពី​ពួក​យោធា​ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤។ លោក ប្រាយុទ្ធ ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ។

លោក​ប្រកាស​ឈប់​ធ្វើ​នយោបាយ​ដោយសារតែ​បក្ស​ថៃ​រួបរួម​ជាតិ​របស់​លោក មិន​បាន​អាសនៈ​ច្រើន​ដូច​កាល​បោះឆ្នោត​សភា​ឆ្នាំ​២០១៩។

ឥឡូវ​នេះ លោក Srettha Thavisin ដែល​ជា​អ្នក​នយោបាយ​ជំនាន់​ក្រោយ​នៃ​គណបក្ស​ភឿថៃ ជា​បក្ស​ជាប់​ឆ្នោត​លេខ​២ បន្ទាប់ពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ទី​៣០ របស់​រាជាណាចក្រ​ថៃ ដោយ​ឡើង​ជំនួស​លោក ប្រាយុទ្ធ ចាន់អូចា។ លោក​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចម្រុះ ១១​គណបក្ស ក្នុង​នោះ​មាន​បក្ស​របស់​ពួក​យោធា​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស