31 C
Phnom Penh

ក្រុម​រិះគន់​ថា​ការ​តែងតាំង​ទីប្រឹក្សា​គឺ​ស្ថិត​ក្រោម​ហេតុផល​នយោបាយ ជាជាង​ការ​ធានា​ប្រសិទ្ធភាព​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​បញ្ចប់​មុខតំណែង​តួនាទី​របស់​ទីប្រឹក្សា និង​ជំនួយការ​របស់​រដ្ឋាភិបាល​អាណត្តិ​ចាស់ គឺជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​ថា​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​មាន​បុព្វសិទ្ធិ​ស្រប​តាម​ច្បាប់​ក្នុង​ការ​ជ្រើសរើស​ទីប្រឹក្សា និង​ជំនួយការ​សម្រាប់​ការ​ដឹកនាំ​នៅ​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន ប៉ុន្តែ​ការ​តែងតាំង​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លងមក ត្រូវ​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ហេតុផល​នយោបាយ​ជាជាង​ការ​ធានា​នូវ​ប្រសិទ្ធភាព​ការងារ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា ការ​តែងតាំង​ទីប្រឹក្សា​គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​រឿង​ដែល​មិន​ធម្មតា​នោះ គឺ​នៅ​ត្រង់​ថា​ទីប្រឹក្សា​ដែល​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែងតាំង​កន្លងមក គឺ​គ្មាន​ដែន​កំណត់​ទាល់តែសោះ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​ដ៏​ច្រើន​លើសលប់​ទាំងនោះ គឺ​មិន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នោះ​ទេ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក៏​នឹង​ត្រូវ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​ដែរ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​មិន​បាន​សិក្សា និង​កំណត់​នូវ​តម្រូវការ​ទីប្រឹក្សា និង​ជំនួយការ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ គឺ​មាន​ន័យ​ថា​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​ទាំងនោះ ក៏​នឹង​មាន​គោលដៅ និង​មាន​វត្ថុបំណង​មិន​ខុស​ពី​រដ្ឋាភិបាល​អាណត្តិ​ចាស់​ដែរ។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល ទីប្រឹក្សា ជំនួយការ​ទាំងអស់​របស់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទីប្រឹក្សា ជំនួយការ​ទាំងអស់​របស់​ខុទ្ទកាល័យ​ឧបនាយករដ្ឋមន្ត្រី ទីប្រឹក្សា ជំនួយការ​ទាំងអស់​របស់​ថ្នាក់​ដឹកនាំ​ក្រសួង-ស្ថាប័ន និង​ទីប្រឹក្សា​ជំនួយការ​អម​ក្រសួង-ស្ថាប័ន​ទាំងអស់​ដែល​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​មុន​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នេះ។

មាត្រា​៦ នៃ​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​ទីប្រឹក្សា និង​ជំនួយការ ចែង​ថា ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​ត្រូវ​អស់​សុពលភាព​ជា​ស្វ័យប្រវត្តិ​នៅ​ពេល​មុខតំណែង​របស់​ថ្នាក់​ដឹកនាំ​ត្រូវ​បាន​បញ្ចប់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន បាន​លើកឡើង​ថា ដើម្បី​កុំ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​មាន​ការ​ភ័យ​ព្រួយ​នឹង​តំណែង​របស់​ខ្លួន លោក​សូម​ប្រកាស​ទុក​ជា​មុន​ថា លោក​នឹង​រក្សាទុក​មុខតំណែង​មន្ត្រី​នៅ​ក្នុង​មុខងារ​ក្របខ័ណ្ឌ​នយោបាយ​ឱ្យ​នៅ​ដដែល ហើយ​នឹង​ធ្វើការ​តែងតាំង​បន្ត​សម្រាប់​អាណត្តិ​ថ្មី​នេះ។

មេដឹកនាំ​ខ្មែរ​គ្រប់គ្រង​ប្រទេស​បែប​គ្រួសារ​និយម​លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ទីប្រឹក្សា​ទាំងអស់ នឹង​ត្រូវ​បញ្ចប់​មុខតំណែង​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ជាមួយ​នឹង​ការ​បញ្ចប់​អាណត្តិ​របស់​រាជរដ្ឋាភិបាល​ចាស់ ប៉ុន្តែ​មុខតំណែង​ទាំងនេះ​នឹង​ត្រូវ​រៀបចំ​តែងតាំង​ជា​ថ្មី​ឡើងវិញ​សម្រាប់​អាណត្តិ​រដ្ឋាភិបាល​ថ្មី​បន្ត​ទៀត។

ការ​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​ទាំងនេះ ត្រូវ​គេ​មើល​ឃើញ​ថា​គ្រាន់តែ​ធ្វើឡើង​ដើម្បី​បញ្ចប់​តួនាទី​របស់​ពួកគេ​ដែល​ត្រូវ​បាន​តែងតាំង​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ចាស់​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​តែងតាំង​ជា​ទីប្រឹក្សា និង​ជំនួយការ​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​បន្ត​ទៀត ដូច្នេះ​ថវិកា​ជាតិ​នឹង​ត្រូវ​បន្ត​ផ្តល់​ឱ្យ​ពួកគេ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ដូច​ដែល​ពួកគេ​ធ្លាប់​បាន​ទទួល​កាលពី​រដ្ឋាភិបាល​ចាស់​កន្លងមក​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​ទីប្រឹក្សា​ផ្ទាល់ និង​ជំនួយការ​ទាំងអស់​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ ប៉ុន្តែ​ព្រះរាជក្រឹត្យ​ដដែល​នោះ​ក៏​បាន​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា​ផ្ទាល់​ដល់​រូបលោក​ជាង ១០០​នាក់​ផង​ដែរ ក្នុង​នោះ​មាន ៥៥​នាក់ គឺជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​តែម្តង។

ដោយឡែក​ទីប្រឹក្សា និង​ជំនួយការ​នៅ​តាម​ក្រសួង​ស្ថាប័ន​ជាតិ​ទាំង ២៧ របស់​កម្ពុជា ក៏​ត្រូវ​បាន​ប្រកាស​តែងតាំង​ព្រោងព្រាត​ជា​បន្តបន្ទាប់​ផង​ដែរ ក្នុង​នោះ​ក្រសួង​ស្ថាប័ន​នីមួយៗ​បាន​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​របស់​ខ្លួន​រហូត​ដល់​ទៅ​រាប់​រយ​នាក់​ឯណោះ។ ជាក់ស្តែង កាលពី​អំឡុង​ឆ្នាំ​២០១៩ គ្រាន់តែ​ទីប្រឹក្សា​សម្រាប់​ក្រសួង​មហាផ្ទៃ​មាន​ដល់​ទៅ ១៥៧​នាក់ ក្នុង​នោះ​ទីប្រឹក្សា​ខ្លះ​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ ខ្លះ​ទៀត​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ខ្លះ​ទៀត​មាន​ឋានៈ​ស្មើ​អគ្គនាយក​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​តួនាទី​របស់​ទីប្រឹក្សា និង​ជំនួយការ​ដែល​នឹង​ត្រូវ​តែងតាំង​ថ្មី ដើម្បី​ធានា​នូវ​ការ​ចំណាយ​ថវិកា​ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៀត ក៏​ត្រូវ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ផង​ដែរ​ថា វិស័យ​ណា​ត្រូវការ​ទីប្រឹក្សា​ប៉ុន្មាន ដើម្បី​ធានា​ដល់​ការ​អនុវត្ត​ការងារ​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស