32 C
Phnom Penh

មេ​ក្រុម​ទាហាន​ស៊ីឈ្នួល​ដ៏​កំណាច​ឱ្យ​រុស្ស៊ី​បាត់បង់​ជីវិត​ដោយ​ការ​ផ្ទុះ​ធ្លាក់​យន្តហោះ តើ​អ្វី​នាំ​ទៅ​រក​ស្ថានភាព​បែប​នេះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​រុស្ស៊ី បាន​និយាយ​ថា មេ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បាន​ជិះ​នៅ​លើ​យន្តហោះ​ឯកជន​មួយ​គ្រឿង​ដែល​បាន​ផ្ទុះ​ធ្លាក់​នៅ​ភាគ​ខាងជើង​ទីក្រុង​មូស្គូ កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែ​សីហា ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជិះ​លើ​យន្តហោះ​នោះ​ស្លាប់​ទាំងអស់។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​សីហា នេះ ក្រុម​មន្ត្រី​អាកាសចរណ៍​ស៊ីវិល​រុស្ស៊ី​បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ជន​រងគ្រោះ​ជា​អ្នក​ដំណើរ​ទាំង ៧​នាក់ ក្នុង​នោះ​រួម​មាន​ទាំង​លោក Prigozhin និង​មេបញ្ជាការ​រង​នៃ​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner ម្នាក់ គឺ​លោក Dmitry Utkin ព្រមទាំង​សមាជិក​អាកាសយានិក ៣​នាក់​ដែល​ត្រូវ​បាន​ផ្សាយ​ថា​បាន​ស្លាប់​ទាំងអស់។

តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​ស្ថានភាព​អាសន្ន​របស់​រុស្ស៊ី អ្នក​ទាំង ១០​នាក់​នោះ គឺ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​នៅ​រស់​រាន​មាន​ជីវិត​នោះ​ទេ។

ជាមួយ​គ្នា​នេះ ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​របស់​រុស្ស៊ី Rosaviatsia បាន​និយាយ​ថា លោក Prigozhin ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នោះ។

ទីភ្នាក់ងារ​សារព័ត៌មាន Tass របស់​រុស្ស៊ី ដែល​បាន​ដកស្រង់​សម្ដី​របស់​ក្រុម​មន្ត្រី​សង្គ្រោះ​បន្ទាន់​បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​កំពុងតែ​ស៊ើប​អង្កេត​លើ​ហេតុការណ៍​ធ្លាក់​យន្តហោះ​នោះ។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​តំបន់ Tver ដែល​មាន​ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​ទីក្រុង​មូស្គូ ខណៈ​យន្តហោះ​កំពុង​ហោះ​សំដៅ​ទៅ​ទីក្រុង Saint Petersburg ជា​លំនៅឋាន​របស់​លោក Prigozhin។

តាម​ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​របស់​រុស្ស៊ី យន្តហោះ​ដែល​បាន​ដឹក​លោក Prigozhin គឺ​យន្តហោះ​ឯកជន Embraer Legacy 600។ ប៉ុន្តែ​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​កើតមាន​ឡើង​តែ​ជាង ២​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក Prigozhin ដឹកនាំ​ការ​បះបោរ​យោធា​រយៈពេល​ខ្លី​មួយ​ប្រឆាំង​នឹង​មេដឹកនាំ​យោធា​រុស្ស៊ី។

ក្នុង​ការ​បះបោរ​នោះ លោក Prigozhin ដែល​ជា​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner និង​កូន​ទាហាន​របស់​លោក​បាន​ប្រយុទ្ធ​ព្រម​គ្នា​ជាមួយ​នឹង​ទាហាន​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៤ មិថុនា។ ព្រឹត្តិការណ៍​នោះ គឺជា​ការ​បះបោរ​ប្រដាប់​អាវុធ​សំដៅ​ប្រឆាំង​នឹង​មេដឹកនាំ​យោធា​រុស្ស៊ី។

លោក Prigozhin គឺជា​មេដឹកនាំ​ក្នុង​ការ​បះបោរ​នោះ។ ក្រោយពី​វាយ​កាន់កាប់​បាន​ក្រុង​មួយ​ជាប់​ព្រំដែន​រុស្ស៊ី និង​អ៊ុយក្រែន លោក Prigozhin បាន​ដឹកនាំ​ទ័ព ៥០០០​នាក់​សំដៅ​ទៅ​ក្រុង​មូស្គូ នូវ​អ្វី​ដែល​គេ​ហៅថា​ដើម្បី​ទាមទារ​យុត្តិធម៌​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន ឱ្យ​ដកហូត​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ពី​លោក Sergei Shoigu និង​ពី​ឧត្តមសេនីយ៍ Valery Gerasimov អគ្គសេនាធិការ​កងទ័ព​ដោយ​ចោទ​ថា មេ​ទ័ព​រុស្ស៊ី ២​រូប​នេះ​ជា​អ្នក​បង្ក​ជម្លោះ​ជាមួយ​ក្រុម​ទាហាន​របស់​លោក។

ក្នុង​ហេតុការណ៍​នេះ លោក ពូទីន បាន​រត់​ភៀសខ្លួន​តាម​យន្តហោះ​ទៅ​កាន់​តំបន់​យ៉ាង​ឆ្ងាយ​ពី​ក្រុង​មូស្គូ ដោយ​បញ្ជា​ទ័ព​តាម​ចាប់​លោក Prigozhin ឱ្យ​បាន ហើយ​នាំ​យក​មក​កាត់ទោស​ក្រោម​បទ​ចោទ​ថា​ជា​មេ​បះបោរ ហើយ​ក្បត់​ជាតិ។

ភ្លាមៗ​ក្រោយពី​លោក ពូទីន ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន លោក Prigozhin ប្រកាស​ថា​រុស្ស៊ី​ត្រូវការ​ប្រធានាធិបតី​ថ្មី។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្រុង​មូស្គូ បាន​ហៅ​ការ​រុល​សំដៅ​ទៅ​ក្រុង​មូស្គូ របស់​ទ័ព Wagner ថា​ជា​រដ្ឋប្រហារ។ តែ​ចលនា​របស់​ទ័ព​ក្រុម Wagner ដែល​សំដៅ​ទៅ​ក្រុង​មូស្គូ បាន​វិល​ត្រឡប់​ទៅ​ជំរំ​វិញ​ក្រោយពី​លោក ពូទីន ទទួល​យក​ការ​សម្របសម្រួល​ពី​ប្រធានាធិបតី​នៃ​ប្រទេស​បេឡារុស ហើយ​សម្រេច​ដក​បទបញ្ជា​ចាប់​ខ្លួន​លោក Prigozhin ជាមួយ​នឹង​ការ​ទុក​ជា​មោឃៈ​ការ​ចោទ​លោក Prigozhin ថា​ជន​ក្បត់​ជាតិ។

តែ​យ៉ាងណា​នេះ​ក្ដី អ្នក​សង្កេតការណ៍ និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រុម​បស្ចិម​ប្រទេស បាន​ហៅ​ស្ថានភាព​នៅ​រុស្ស៊ី ពេល​នោះ ថា​កំពុង​ធ្លាក់​ក្នុង​ការ​បែកបាក់​ជុំវិញ​យុទ្ធសាស្ត្រ​របស់​លោក ពូទីន ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

លោក Antony Blinken បាន​និយាយ​ថា ការ​បះបោរ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner ប្រឆាំង​នឹង​វិមាន​ក្រឹមឡាំង បាន​បង្ហាញ​ពី «ស្នាម​ប្រេះ» នៅ​ក្នុង​អំណាច​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ពូទីន។

ជាមួយ​គ្នា​នេះ អគ្គលេខាធិការ​អង្គការ​ណាតូ Jens Stoltenberg បាន​និយាយ​ថា សកម្មភាព​បះបោរ​ប្រដាប់​អាវុធ​ដែល​ក្រោយ​មក​ត្រូវ​បោះបង់​ចោល​វិញ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner នៅ​ប្រទេស​រុស្ស៊ី បង្ហាញ​ថា ទីក្រុង​មូស្គូ​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ផ្នែក​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ​តាមរយៈ​ការ​សម្រេច​ចិត្ត​បង្ក​សង្គ្រាម​នៅ​អ៊ុយក្រែន។

រឿង​នោះ​បាន​ធ្វើ​ឱ្យ​លោក ពូទីន មិន​ត្រឹមតែ​អាម៉ាស់​មុខ​នៅ​ឆាក​អន្តរជាតិ ព្រោះ​តែ​ករណី​បះបោរ​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner នោះ​ទេ លោក​អាច​ប្រឈម​នឹង​រលក​រិះគន់​តវ៉ា​ក្នុង​ប្រទេស​រុស្ស៊ី ថែម​ទៀត បើ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​កាន់តែ​អូស​បន្លាយ ហើយ​រុស្ស៊ី​ពុំ​មាន​លទ្ធភាព​ឈ្នះ​សង្គ្រាម។

តើ​អ្វី​នាំ​ទៅ​រក​ស្ថានភាព​បែប​នេះ?

តាម​សារព័ត៌មាន​ក្នុង​ស្រុក​នៃ​ប្រទេស​រុស្ស៊ី យន្តហោះ​នោះ​អាច​ត្រូវ​គ្រាប់​មីស៊ីល​ដែល​សាក្សី​បាន​ឃើញ និង​លឺ​ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង មុន​វា​ធ្លាក់​ដល់​ដី​លើ​វាលស្មៅ ហើយ​ឆេះ​បង្ក​ឱ្យ​មាន​អណ្ដាតភ្លើង​យ៉ាង​ខ្លាំង។ ដំបូង​ភ្លាម គេ​រក​ឃើញ​សាកសព ៤​នាក់ ហើយ​ក្រោយ​មក​រក​ឃើញ ៥​នាក់​ទៀត តែ​សាកសព​ទាំងនោះ​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​នោះ​ទេ។ យន្តហោះ​បាន​ស្ថិត​ក្នុង​ប្រព័ន្ធ​រ៉ាដា​ប្រហែល​ជា ៣០​នាទី ហើយ​ក៏​បាត់​ពី​ប្រព័ន្ធ​រ៉ាដា​ភ្លាម ទើប​ហេតុការណ៍​នេះ​កើតឡើង។

ទោះ​ជា​យ៉ាងណា គ្មាន​ប្រភព​ផ្លូវការ​ណា​មួយ​បញ្ជាក់​ថា វា​ជា​ហេតុការណ៍​ធម្មជាតិ ឬ​ករណី​បច្ចេកទេស ឬ​ក៏​រង​ការ​វាយប្រហារ​អ្វី​នោះ​ទេ។

ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ ប្រធាន​ចារកម្ម​នៃ​ប្រទេស​អ៊ុយក្រែន ឧត្តមសេនីយ៍ Kyrylo Budanov បាន​បញ្ចេញ​ព័ត៌មាន​ថា លោក Prigozhin ជា​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី ដែល​មាន​ជម្លោះ​នឹង​មេទ័ព​រុស្ស៊ី អាច​នឹង​ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ការ​បំពុល ឬ​ការ​ធ្វើ​ឃាត​ដោយ​បាញ់​សម្លាប់។ លោក​បន្ត​ថា លោក ពូទីន អាច​នឹង​បញ្ជា​ឱ្យ​កម្លាំង​សម្ងាត់​សម្លាប់​លោក Prigozhin ឱ្យ​ទាល់តែ​បាន។

យ៉ាងណា លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ​ចំពោះ​ដំណឹង​ពី​ការ​បាត់បង់​ជីវិត​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី លោក Prigozhin។

Adrienne Watson អ្នក​នាំពាក្យ​សម្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន NBC ថា បើ​ទោះជា​ពិត​ក៏ដោយ គឺ​លោក បៃដិន មិន​មាន​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​នឹង​រឿង​នេះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស