30 C
Phnom Penh

លោក អ៊ុំ សំអាន ថា​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​នៃ​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ថែម​មួយ​កម្រិត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អះអាង​ថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​នៃ​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ថែម​មួយ​កម្រិត​ទៀត ក្រោយ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត និង​ការ​រៀបចំ​តែងតាំង​សាច់ញាតិ​ខ្លួនឯង​ឱ្យ​ចូល​ទៅ​កាន់​តួនាទី​កាន់តែ​ខ្ពស់ ដោយ​កម្ចាត់​អ្នក​ដទៃ​ឱ្យ​ចេញ​ផុត​ពី​តួនាទី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ពេលនេះ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៤ សីហា នេះ​ថា ខ្លឹមសារ​ដែល​ចែង​នៅ​ក្នុង​សេចក្តី​សម្រេច​បែងចែក​តួនាទី​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​តួនាទី​របស់​ឧបនាយករដ្ឋមន្ត្រី​ទី​១ លោក នេត សាវឿន ដែល​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ជំនួស​លោក ហ៊ុន ម៉ាណែត ពេល​ដែល​នាយករដ្ឋមន្ត្រី​អវត្តមាន​នៅ​ក្នុង​ប្រទេស។

លោក​បន្ថែម​ថា ខ្លឹមសារ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា អំណាច​ត្រកូល​ហ៊ុន​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​កាន់តែ​រីក​ធំ​ជាង​កាលពី​ពេល​ដែល​លោក ហ៊ុន សែន នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​លោក ស ខេង ពេល​នោះ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​រាល់​ពេល​អវត្តមាន​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ប្រទេស ដែល​មាន​ន័យ​ថា មុន​នឹង​លោក ហ៊ុន សែន ធ្វើ​អ្វី​ក៏​ត្រូវ​មាន​ការ​ឯកភាព​ពី​លោក ស ខេង ជា​មុន​ដែរ មិនមែន​ចេះ​តែ​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត ឬ​តាម​អំណាច​ដែល​ខ្លួន​មាន​នោះ​ទេ។

ប្រភព​ដដែល​លើកឡើង​ថា លោក នេត សាវឿន ដែល​ត្រូវ​ជា​បង​ជីដូនមួយ​សាច់ថ្លៃ​របស់​លោក ហ៊ុន ម៉ាណែត ដូច្នេះ​ការ​ក្តោប​ក្តាប់​អំណាច​ដើម្បី​កាន់កាប់​ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​យ៉ាង​ពិតប្រាកដ ខណៈ​លោក ស សុខា ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នឹង​មិន​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ដូច​សម័យ​ឪពុក​របស់​គាត់​កាលពី​ជំនាន់​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ការ​កំណត់​តួនាទី​ឱ្យ​លោក នេត សាវឿន ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​បែប​នេះ ពិត​មែន​តែ​ធ្វើ​ឱ្យ​ត្រកូល​ហ៊ុន​មាន​អំណាច​កាន់តែ​ខ្លាំង ប៉ុន្តែ​ក៏​បង្ហាញ​ពី​ការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់​របស់​ពួកគេ​ដែរ ខណៈ​មន្ត្រី​បក្ស​កាន់​អំណាច​ភាគច្រើន​មាន​គោលដៅ​ត្រឹមតែ​ការពារ​អំណាច​គណបក្ស​ប៉ុណ្ណោះ មិនមែន​ប្រមូលផ្ដុំ​អំណាច​ក្នុង​គ្រួសារ​ដូច​គ្រួសារ​ត្រកូល​ហ៊ុន​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋសភា​ជាតិ​បាន​បោះឆ្នោត​ផ្ដល់​សេចក្តី​ទុកចិត្ត​ដល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ដើម្បី​កំណត់​សមាសភាព​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​មាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែល​សរុប​មាន​ចំនួន​ដល់​ទៅ​ជាង ១​ពាន់​នាក់ (១៥៤៣​នាក់) ក្នុង​នោះ​បក្ខពួក និង​សែស្រឡាយ​សាច់ញាតិ​របស់​ត្រកូល​ហ៊ុន ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​ឱ្យ​កាន់​តួនាទី​សំខាន់ៗ​ជាច្រើន ដូចជា​លោក នេត សាវឿន ដែល​ត្រូវ​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ត្រូវ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ទី​១ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ថ្មី​ដែល​ត្រូវ​ឪពុក​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​២២ ខែ​សីហា ស្ដីពី​ការ​កំណត់​របៀប​របប​ការងារ និង​បែងចែក​ភារកិច្ច​របស់​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ដែល​ទើប​នឹង​ត្រូវ​តែងតាំង​ផង​ដែរ ក្នុង​នោះ​ត្រង់​ប្រការ​៣ កំណត់​ថា លោក នេត សាវឿន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ទី​១ ត្រូវ​ទទួល​បន្ទុក​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​ពេល​នាយករដ្ឋមន្ត្រី​អវត្តមាន។

ជាង​នេះ​ទៀត ត្រូវ​ជួយ​នាយករដ្ឋមន្ត្រី​លើ​វិស័យ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ក្របខ័ណ្ឌ​អន្តរ​ក្រសួង ជួយ​នាយករដ្ឋមន្ត្រី​ក្នុង​ការ​សម្របសម្រួល​ដឹកនាំ​កម្លាំង​គ្រប់​ប្រភេទ ដើម្បី​ការងារ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ។ លើស​ពី​នេះ ក៏​ត្រូវ​ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ពេល​នាយករដ្ឋមន្ត្រី​អវត្តមាន​ផង​ដែរ។

បន្ថែម​ពី​នេះ ត្រូវ​ជួយ​តម្រង់​ទិស​ដល់​អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សា​ដែល​ចំណុះ​ឱ្យ​រាជរដ្ឋាភិបាល ព្រមទាំង​ទទួល​បន្ទុក​អនុវត្ត​ការងារ​ពិសេស ឬ​បេសកកម្ម​ពិសេស​ផ្សេង​ទៀត​ដែល​នាយករដ្ឋមន្ត្រី​ប្រគល់​ជូន​ថែម​ទៀត។

ដោយឡែក​ឧបនាយករដ្ឋមន្ត្រី​ផ្សេង​ទៀត ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ឬ​លោក ស សុខា ជាដើម គ្រាន់តែ​តម្រូវ​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ក្រសួង​ដែល​ពួកគេ​ដឹកនាំ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​តួនាទី​ជំនួស​កិច្ចការ​នាយករដ្ឋមន្ត្រី​ដូច​លោក ស ខេង ជំនួស​លោក ហ៊ុន សែន កាលពី​ពេល​ដែល​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ដែល​នេះ​បង្ហាញ​ថា ការ​រៀបចំ​គ្រប់គ្រង​អំណាច​របស់​ត្រកូល​ហ៊ុន គឺ​កាន់តែ​រឹងមាំ និង​រីក​ធំ​ជាង​មុន​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​រៀបចំ​ឱ្យ​មាន​អង្គការ​ចាត់តាំង​តាម​របៀប​ប្រព័ន្ធ​គ្រប់គ្រង​របស់​ខ្មែរក្រហម ដើម្បី​រក្សា​អំណាច​នៃ​វង្ស​ត្រកូល​របស់​ខ្លួន។

លោក គឹម សុខ បញ្ជាក់​ថា ការ​រៀបចំ​អំណាច​ដឹកនាំ​ប្រទេស​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស ទោះ​អាក្រក់​យ៉ាងណា​ក៏​នៅតែ​គ្រាន់បើ​ជាង​ការ​រៀបចំ​អំណាច​ដឹកនាំ​ប្រទេស​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គ្រួសារ​និយម​ដែរ ដូច្នេះ​ការ​រៀបចំ​អំណាច​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​ក្នុង​វង្ស​ត្រកូល​លោក ហ៊ុន សែន បែប​នេះ នឹង​ទាញ​កម្ពុជា​ឱ្យ​វិល​ធ្លាក់​ទៅ​ក្នុង​ការ​ដឹកនាំ​ដូច​អតីតកាល​ឡើង​វិញ ដែល​នឹង​នាំ​វាសនា​អាក្រក់​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​នា​ពេល​អនាគត​ជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស