32 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​អនុវត្ត​នូវ​កម្មវិធី​កែទម្រង់​កសាង​ប្រទេស​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ដែល​ឡើង​តាម​ជើងខោ​ឪពុក​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​អនុវត្ត​នូវ​កម្មវិធី​កែទម្រង់​សំខាន់ៗ​តាម​យុទ្ធសាស្ត្រ បញ្ចកោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ ធានា​សមធម៌ បង្កើន​ប្រសិទ្ធភាព និង​រក្សា​ចីរភាព​សំដៅ​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០។

នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​ស្នង​អំណាច​បន្ត​វង្ស​ត្រកូល​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​អង្គប្រជុំ​លើកដំបូង​នៃ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៧ ក្នុង​វិមាន​សន្តិភាព​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​ថ្មី​បាន​កំណត់​ដាក់​ចេញ​នូវ​គោលនយោបាយ​ចម្បងៗ​ជា​អាទិភាព និង​គោលនយោបាយ​អភិវឌ្ឍ​តាម​វិស័យ​ដែល​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០២៣ នេះ​តទៅ។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន ម៉ាណែត អះអាង​ថា ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​សំដៅ​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ រាជរដ្ឋាភិបាល​បាន​រៀបចំ «យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១» សម្រាប់​ជំរុញ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក្នុង​រយៈពេល​មធ្យម និង​វែង​ទៅ​មុខ​តាមរយៈ​ការ​កែទម្រង់​មុត​ស្រួច​លើ​គ្រប់​វិស័យ។

កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា យុទ្ធសាស្ត្រ​បញ្ចកោណ គឺជា​យុទ្ធសាស្ត្រ​សម្លឹង​ទៅ​មុខ​សម្រាប់​រយៈពេល ២៥​ឆ្នាំ ដែល​ត្រូវ​ដាក់​ចេញ និង​អនុវត្ត​ជា ៥​ដំណាក់កាល ក្នុង​នោះ​បញ្ចកោណ​ទី​១ គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស បញ្ចកោណ​ទី​២ ផ្ដោត​លើ​សេដ្ឋកិច្ច និង​បង្កើន​ការ​ប្រកួតប្រជែង បញ្ចកោណ​ទី​៣ គឺ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ការងារ បញ្ចកោណ​ទី​៤ គឺ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បញ្ចកោណ​ទី​៥ គឺ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល។

នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ នេះ កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​នឹង​ត្រូវ​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​របស់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​នៃ​រដ្ឋាភិបាល​ដែល​ខ្លួន​នឹង​ត្រូវ​ដឹកនាំ​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៅ​ថ្ងៃ​មុខ​ចាប់ពី​ឆ្នាំ​២០២៣ រហូត​ដល់​ឆ្នាំ​២០២៨។

ជុំវិញ​ការ​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាន​ផ្ញើ​លិខិត​អបអរ​សាទរ​លោក ហ៊ុន ម៉ាណែត ចំពោះ​ការ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ផង​ដែរ។

នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន​រូប​នេះ​បញ្ជាក់​ថា លោក​មាន​បំណង​សហការ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​លើ​ឆាក​តំបន់ និង​អន្តរជាតិ ព្រមទាំង​ពង្រឹង “ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ”។

ដោយឡែក​ទាក់ទង​ទៅ​នឹង​លទ្ធិប្រជាធិបតេយ្យ ប្រទេស​ជប៉ុន​នឹង​បន្ត​ពិភាក្សា​ដោយ​ស្មោះត្រង់ និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ថែម​ទៀត។

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី មិន​បាន​អបអរ​សាទរ​លោក ហ៊ុន ម៉ាណែត ទេ ប៉ុន្តែ​លោក​បែរជា​រិះគន់​ថា​លោក ហ៊ុន ម៉ាណែត គ្មាន​លក្ខណៈ​សម្បត្តិ​ជា​អ្នក​ដឹកនាំ​ទេ ព្រោះ​គាត់​គ្មាន​គំនិត​ផ្ទាល់ខ្លួន​ក្នុង​ការ​ដឹកនាំ ដូច្នេះ​ទៅ​ថ្ងៃ​មុខ គាត់​នឹង​ធ្វើ​តាម​តែ​ការ​រៀបចំ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​អ្វី​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា​ទេ ពីព្រោះ​គាត់​ត្រូវ​បាន​លោក ហ៊ុន សែន ដាក់​ក្នុង​ប្រព័ន្ធ​នយោបាយ​ដ៏​អាក្រក់​ដែល​គាត់​បាន​រៀបចំ​ទុក​តាំងពី​រាប់​ទសវត្សរ៍​កន្លងមក។

ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា អះអាង​ថា ដើម្បី​ក្លាយ​ជា​មេដឹកនាំ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ គឺ​ត្រូវតែ​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ដោយ​ពិតប្រាកដ នោះ​ទើប​ប្រទេស​ជាតិ​រីកចម្រើន​ទៅ​មុខ ប៉ុន្តែ​បើ​រង់ចាំ​តែ​គេ​ប្រាប់​ពីក្រោយ នោះ​ប្រទេស​នឹង​មិន​អាច​លូតលាស់ ឬ​មាន​ការ​អភិវឌ្ឍ​បាន​ទេ។ លើស​ពី​នេះ នឹង​បង្ក​ទៅ​ជា​វិបត្តិ​ដល់​ប្រទេស​ជាតិ​ដូច​សព្វថ្ងៃ​នេះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស