39 C
Phnom Penh

អ្នកវិភាគ​ថា​ការ​ប្ដូរ​ឈ្មោះ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ជា​ឱកាស​បែងចែក​តំណែង​ឱ្យ​កាន់តែ​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ប្ដូរ​ឈ្មោះ​ពី​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន មក​ជា​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ មិនមែន​ដើម្បី​ប្រសិទ្ធភាព​ការងារ​ព្រំដែន​នោះ​ទេ គឺ​ដើម្បី​បែងចែក​តំណែង ឋានៈ បុណ្យ​ស័ក្តិ និង​លាភសក្ការៈ តួនាទី​គ្នា​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ សីហា នេះ​ថា ការ​ប្ដូរ​ឈ្មោះ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដោះស្រាយ​ផល​ប្រយោជន៍​នៅ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ព្រោះ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​នេះ គឺជា​ស្ថាប័ន​អាច​ផ្តល់​ឋានៈ​បុណ្យ​ស័ក្តិ​ដូច​ក្រសួង​ដទៃ​ទៀត​ដែរ ដែល​គេ​អាច​តែងតាំង​សមាជិក​រដ្ឋាភិបាល​នានា ដូចជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ជាដើម។

លោក គឹម សុខ អះអាង​ថា ចំពោះ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​វិញ ពុំ​មែន​ជា​ស្ថាប័ន​ដែល​គេ​អាច​តែងតាំង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​បាន​ទេ ដូច្នេះ​ហើយ​ដើម្បី​បង្កើត​បក្ខពួក​សម្រាប់​ខ្លួនឯង​ឱ្យ​បាន​កាន់តែ​ច្រើន លោក ហ៊ុន ម៉ាណែត មាន​តែ​រក​ចន្លោះ​ផ្តល់​តំណែង​ឱ្យ​មនុស្ស​របស់​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ពី​ប្រសិទ្ធភាព​ការងារ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​សម្រេច​បង្កើត​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ជំនួស​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ក្នុង​គោលបំណង​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​អចិន្ត្រៃយ៍ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​សមត្ថកិច្ច​ពេញលេញ​ដើម្បី​ធានា​អាយុជីវិត​របស់​ជាតិ​ទៅ​ថ្ងៃ​អនាគត។

រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បញ្ជាក់​ថា ការ​បង្កើត​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​នេះ ក៏​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​បន្ត​បេសកកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​ឆ្ពោះ​ទៅ​បញ្ចប់​បញ្ហា​នានា​តាម​ព្រំដែន​ជា​ស្ថាពរ​ដែរ។

ប្រទេស​កម្ពុជា​មាន​ផ្ទៃដី ១៨១០៣៥​គីឡូម៉ែត្រ​ក្រឡា និង​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ​នៅ​ភាគ​ខាងលិច និង​ភាគ​ពាយ័ព្យ​ប្រវែង ៨០០​គីឡូម៉ែត្រ ព្រមទាំង​ជាប់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ឡាវ នៅ​ភាគ​ខាងជើង​ប្រវែង ៥៤១​គីឡូម៉ែត្រ និង​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នៅ​ភាគ​ខាងកើត និង​ភាគ​អាគ្នេយ៍​ប្រវែង ១២៧០​គីឡូម៉ែត្រ​ផង​ដែរ។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​លើ​ផែនទី​មាត្រដ្ឋាន​ខ្នាត ១/១០០០០០ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩ កន្លង​ទៅ​នោះ។

យ៉ាងណា​ក៏ដោយ ព្រំដែន​រវាង​កម្ពុជា-ថៃ និង​ព្រំដែន​រវាង​កម្ពុជា-ឡាវ ត្រូវ​គេ​មើល​ឃើញ​ថា​មិន​ស្ថិត​ក្នុង​ការ​ភ័យ​ព្រួយ​បារម្ភ​ដូច​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​នោះ​ទេ ត្បិត​ចាប់តាំងពី​មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​កាលពី​ឆ្នាំ​១៩៨៥ មក ព្រំដែន​របស់​កម្ពុជា​បាន​បាត់បង់​ជា​ជំហានៗ​ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​មើល​មិន​ឃើញ​ពី​សញ្ញា​វិជ្ជមាន​ណា​មួយ​នៅឡើយ​ទេ​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​សម្រាប់​រដ្ឋាភិបាល​ថ្មី ដែល​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក្នុង​អាណត្តិ​ទី​៧ នេះ ស្រប​ពេល​ដែល​កិច្ចព្រមព្រៀង​ខុស​ច្បាប់​កាត់​ទឹកដី​ឱ្យ​វៀតណាម ដូចជា​កិច្ចព្រមព្រៀង​ខុស​ច្បាប់​កំណត់​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ កិច្ចព្រមព្រៀង​ខុស​ច្បាប់​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ខុស​ច្បាប់​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៩ ព្រមទាំង​សារាចរ​ខុស​ច្បាប់​ជាច្រើន​ទៀត​ត្រូវ​បាន​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក​បាន​ចុះហត្ថលេខា​យល់ព្រម​កាត់​ទឹកដី​ឱ្យ​វៀតណាម​ទៅ​ហើយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត អះអាង​កាលពី​ពេល​កន្លងទៅ​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​មាត់ជ្រោះ​គួរ​ឱ្យ​ព្រួយបារម្ភ ព្រោះ​រដ្ឋ​ដ៏​កម្សត់​មួយ​នេះ​បាន​ស្ថិត​ក្នុង​ការ​ក្តោប​ក្តាប់​របស់​ត្រកូល​ហ៊ុន​ទាំងស្រុង ខណៈ​ត្រកូល ហ៊ុន ត្រូវ​បាន​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​គ្រប់​បែប​យ៉ាង​ពី​កម្ពុជា​ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស