32 C
Phnom Penh

ក្រសួង​មហាផ្ទៃ​បំភ្លឺ​រឿង​ប័ណ្ណ​បើកបរ​ម៉ូតូ បន្ទាប់ពី​សាធារណជន​បញ្ចេញ​ប្រតិកម្ម​មិន​គាំទ្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​បំភ្លឺ​បកស្រាយ​ពី​បំណង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា ជុំវិញ​ការ​សិក្សា​ធ្វើ​ប័ណ្ណ​បើកបរ​ទោចក្រយានយន្ត (ម៉ូតូ) ចាប់ពី​កម្លាំង ៦០​សេសេ (cc) ឡើង​ទៅ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់ពី​សាធារណជន​បាន​បញ្ចេញ​ប្រតិកម្ម​មិន​គាំទ្រ ដោយ​ថា​រឿង​ប័ណ្ណ​បើកបរ​នេះ​មិនមែន​ជា​បញ្ហា​ធំ​ដែល​ត្រូវ​ដោះស្រាយ​ឡើយ។

ប្រតិកម្ម​របស់​សាធារណជន​បន្ទាប់ពី​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​មហាផ្ទៃ ដែល​ទើប​ឡើង​ជំនួស​ឪពុក គឺ​លោក ស សុខា បាន​លើកឡើង​នៅ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​កើតឡើង​យ៉ាង​ខ្លាំង ដោយសារ​ការ​បើកបរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ល្បឿន​លឿន និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ។ ដូច្នេះ ដើម្បី​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​អត្រា​ស្លាប់​ឲ្យ​នៅ​ក្រោម​មួយ​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​នោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ​ចាប់ពី​កម្លាំង​ម៉ាស៊ីន ៦០​សេសេ​ឡើង​ទៅ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ឈ្មោះ លោក ហ៊ុន ដារ៉ា លើកឡើង​ដែរ​ថា សព្វថ្ងៃ​កម្ពុជា​មាន​ច្បាប់​ចរាចរណ៍ គឺ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ មន្ត្រី​ដែល​យក​មក​អនុវត្ត​នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ​ភាព​គ្នា​ដោយ​កុំ​ចេះ​តែ​ពុករលួយ។

លោក​ថា ការ​បង្រៀន​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ច្បាប់​នោះ វា​នឹង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​បាន​ហើយ ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​បើកបរ​ម៉ូតូ​ចាប់ពី​កម្លាំង ៦០​CC ឡើងវិញ​ឡើយ។

លោក ហ៊ុន ដារ៉ា ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ឲ្យ​ពិនិត្យ​មើល​បញ្ហា​ធំ​នៅ​កម្ពុជា​បច្ចុប្បន្ន​ដែល​ត្រូវ​ដោះស្រាយ​នោះ ដូចជា​គ្រឿងញៀន ក្មេង​ទំនើង​កាប់​ចាក់ អសន្តិសុខ​សង្គម ការ​កាប់​ព្រៃឈើ និង​រឿង​អយុត្តិធម៌​ជាច្រើន​ទៀត ជាដើម។

ចំណែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ទៀត​ឈ្មោះ ហេង សំអ៊ន បាន​លើកឡើង​ថា រូបលោក​មិន​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​លោក ស សុខា នោះ​ទេ។

ចំណែក​អ្នកស្រី ម៉េង សុភារី ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​លើកឡើង​ដែរ​ថា បើសិនជា​រដ្ឋ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ​ចាប់ពី​កម្លាំង ៦០​CC ក្នុង​នាម​អ្នកស្រី​ជា​ប្រជារាស្ត្រ​យល់ព្រម​ធ្វើ ប៉ុន្តែ​ការ​ចំណាយ​វិញ អ្នកស្រី​ស្នើសុំ​ឲ្យ​រដ្ឋ​ជា​អ្នក​ចេញ​ជំនួស។

អ្នកស្រី​ថា បញ្ហា​ធំ​របស់​កម្ពុជា​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជា​អាទិភាព​នោះ គឺ​បញ្ហា​គ្រឿងញៀន​ដែល​បាន​បំផ្លាញ​អនាគត​យុវជន បញ្ហា​យុវជន​អត់​ការងារ​ធ្វើ និង​កម្មករ​បាត់បង់​ការងារ ចំពោះ​រឿង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​បើកបរ​ម៉ូតូ​ចាប់ពី​កម្លាំង ៦០​CC នោះ អ្នកស្រី​ថា​មិនមែន​ជា​បញ្ហា​អាទិភាព​ត្រូវ​រក​ដំណោះស្រាយ​ឡើយ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ខ្លះ​ទៀត​ស្នើ​ទៅ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឲ្យ​ទម្លាក់​សំណើ​រឿង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​បើកបរ​ម៉ូតូ ៦០​Cc ចោល​វិញ។ លើស​ពី​នេះ លោក​ស្នើ​ឲ្យ​លោក ស សុខា គួរ​ពិនិត្យ ឬ​ងាក​មក​ពង្រីក​ទីតាំង​សេវា​ធ្វើ​ប៉ាសស្ព័រ និង​បញ្ចុះ​តម្លៃ​ប៉ាសស្ព័រ​ឲ្យ​នៅ​ស្មើ​ថៃ ឬ​វៀតណាម​ផង​ដែរ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា ចំនួន​ម៉ូតូ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​បាន​ចុះបញ្ជី​នៅ​កម្ពុជា​បាន​កើនឡើង​ប្រមាណ ៥,២​លាន​គ្រឿង បើ​គិត​តាំងពី​ឆ្នាំ​១៩៩៨ រហូត​ដល់​បច្ចុប្បន្ន ខណៈ​ចំនួន​រថយន្ត​បាន​កើនឡើង​ពី ៦៥០០០ ដល់ ៩២០០០០​គ្រឿង។

ក្រោយ​មាន​ប្រតិកម្ម​ពី​មហាជន​បែប​នេះ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ចេញ​មក​បកស្រាយ​បន្ថែម​ថា ការ​លើកឡើង​របស់​លោក ស សុខា គឺ​ចង់​សង្កត់​ធ្ងន់​ទៅ​លើ​ការ​សិក្សា​ឡើងវិញ​នូវ​បទពិសោធន៍ និង​លទ្ធផល​នៃ​ការ​អនុវត្ត​កន្លងមក។ ត្រង់​ចំណុច​នេះ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ព្យាយាម​ពន្យល់​ថា បើ​ការ​សិក្សា​សម្រាប់​ការ​អនុវត្ត​នា​ពេល​អនាគត​រក​ឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​លើ​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត (ម៉ូតូ) មាន​អត្រា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​នោះ ទើប​ក្រសួង​មហាផ្ទៃ​នឹង​លើក​យក​មូលដ្ឋាន​នៃ​ការ​សិក្សា​នេះ​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​មាន​សមត្ថកិច្ច​សម្រេច​ធ្វើ​ប័ណ្ណ​បើកបរ។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃទី​២៩ សីហា បកស្រាយ​ជុំវិញ​ការ​លើកឡើង​របស់​លោក ស សុខា ដូច្នេះ​ថា ជា​រួម ពុំ​មាន​លក្ខខណ្ឌ​ដាច់ខាត​ឱ្យ​តែ​ម៉ូតូ​មាន​កម្លាំង​ចាប់ពី ៦០​cc ឡើង​ទៅ គឺ​សុទ្ធតែ​តម្រូវ​ឱ្យ​មាន​ប័ណ្ណ​បើកបរ​នោះ​ទេ ពោល​គឺ​ត្រូវ​ពិនិត្យ​ទៅ​តាម​ប្រភេទ​នៃ​យានជំនិះ​ផង​ដែរ ដូចជា​ប្រភេទ ក, ខ ជាដើម នឹង​ត្រូវ​អនុវត្ត​ជា​ជំហានៗ​បែប​ណា​ឱ្យ​ស្រប​តាម​ស្ថានភាព​សង្គម​ជាក់ស្ដែង។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​លើកឡើង​របស់​លោក ស សុខា នេះ គឺជា​ផែនការ​អនាគត​ដែល​ត្រូវ​ចាប់ផ្ដើម​គិតគូរ​ពី​ពេលនេះ​ទៅ​ប៉ុណ្ណោះ ដោយ​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ការ​អនុវត្ត​ឡើយ។

លោក ស សុខា ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំនួស​លោក ស ខេង ជា​ឪពុក​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​បន្ត​វេន​ពី​ខ្លួន​ក្រោយពី​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា។

បើ​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ កើតឡើង​សរុប​ចំនួន ១៥៤៨​លើក ដោយ​គ្រោះថ្នាក់​នៅ​ពេល​យប់ ៥៤​ភាគរយ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧៥៦​នាក់ និង​របួស ២០៧២​នាក់ ក្នុង​នោះ​របួស​ធ្ងន់ ១៣៣២​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បើ​ធៀប​ទៅ​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២២ មាន​ការ​ថយ​ចុះ ៦១​លើក ស្មើ ៤​ភាគរយ (១៦០៩​លើក)។ ចំណែក​អ្នក​ស្លាប់​ថយ​ចុះ ១៨៦​នាក់ ស្មើ ២០​ភាគរយ (៩៤២​នាក់) និង​អ្នក​របួស​ថយ​ចុះ ១៦៣​នាក់ ស្មើ ៧​ភាគរយ (២២៣៥​នាក់)។ នេះ​បើ​តាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កន្លង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស