30 C
Phnom Penh

កម្ពុជា​ច្រាន​ចោល​របាយការណ៍ UN ដែល​រក​ឃើញ​ថា​មនុស្ស​១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា បាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​បាន​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ទទួលស្គាល់​ថា នៅ​កម្ពុជា​ពិត​ជា​មាន​ករណី​ជួញដូរ​មនុស្ស និង​បង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​មែន ប៉ុន្តែ​មិន​ដល់ ១០​ម៉ឺន​នាក់​នោះ​ទេ។

អ្នកស្រី​ច្រាន​ចោល​ចំពោះ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ដោយ​អ្នកស្រី​ចាត់ទុក​របាយការណ៍​កាលពី​ថ្ងៃទី​២៩ ខែ​សីហា នេះ ថា​ជា​របាយការណ៍​ដែល​ធ្វើឡើង​ទៅ​តាម​ការ​នឹក​ឃើញ និង​បាន​ចោទប្រកាន់​ប្រទេស​កម្ពុជា​ទាំង​បំពាន។

កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ចេញ​របាយការណ៍​មួយ ឲ្យ​ដឹង​ថា មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ជួញដូរ​ដោយ​ក្រុម​ឧក្រិដ្ឋជន និង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ខុស​ច្បាប់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា ក្នុង​នោះ​មនុស្ស​ប្រមាណ ១០​ម៉ឺន​នាក់​កំពុង​ជាប់​ឃុំ ឬ​បង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​ទាំងនោះ​ប្រឈមមុខ​នឹង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ និង​ការ​គំរាមកំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត ពួកគេ​ក៏​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ អមនុស្សធម៌ និង​ថោកទាប។ ជាង​នេះ​ទៅ​ទៀត ពួកគេ​រង​នូវ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន ការ​ប្រើប្រាស់​អំពើ​ហិង្សា​ផ្លូវភេទ ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក Volker Türk និយាយ​ក្នុង​របាយការណ៍​នោះ​ថា អ្នក​ដែល​ត្រូវ​បាន​បង្ខិតបង្ខំ​ឲ្យ​ធ្វើការ​ក្នុង​ប្រតិបត្តិការ​បោកប្រាស់​ទាំងនេះ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រព្រឹត្ត​នូវ​អំពើ​អមនុស្សធម៌ ដោយសារ​ពួកគេ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​បង្ខំ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២ អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ក៏​បាន​ទទួលស្គាល់​ដែរ​ថា កម្ពុជា​ពិត​ជា​មាន​ការ​ជួញដូរ និង​បង្ខាំង​មនុស្ស​ជាច្រើន​ករណី​ពិត​មែន បន្ទាប់ពី​ចុះ​អនុវត្ត​ការ​បង្ក្រាប​ជាក់ស្ដែង​ទៅ​តាម​ពាក្យ​បណ្ដឹង​ដែល​អាជ្ញាធរ​ទទួល​បាន​ប្រមាណ ៩៥%។

លោក​បញ្ជាក់​ថា បណ្ដឹង​ដែល​ក្រសួង​មហាផ្ទៃ​ទទួល​បាន​សរុប​ចំនួន ២៨៩​ករណី​ពី​សាមីជន សាច់ញាតិ ស្ថានទូត និង​អង្គការ​អន្តរជាតិ​គិត​ចាប់ពី​ថ្ងៃទី​១៨ ខែ​សីហា ដល់​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​ករណី​បទល្មើស​ទាំងអស់​នេះ​កើតឡើង​នៅ​ក្នុង​ទឹកដី​កម្ពុជា​ជាច្រើន ក្នុង​នោះ​មាន​ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិ៍សាត់ ខេត្ត​ស្វាយរៀង ខេត្ត​កោះកុង ខេត្ត​ប៉ៃលិន ខេត្ត​ឧត្តរមានជ័យ ខេត្ត​កណ្ដាល ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ។

ការ​លើកឡើង​របស់​លោក ស ខេង បន្ទាប់ពី​ក្រសួង​ការបរទេស​អាមេរិក​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ កាលពី​ខែ​កក្កដា ដោយ​បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​ចុះ​មក​លំដាប់​ទី​៣ ដែល​មាន​ន័យ​ថា អាក្រក់​បំផុត និង​ពុំ​ធ្លាប់​មាន​ទេ​ចាប់តាំងពី​ឆ្នាំ​២០១៥ មក។

របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ថា កម្ពុជា​ដើរ​ថយក្រោយ និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស ដោយសារតែ​បញ្ហា​អំពើពុករលួយ​ជា​ប្រព័ន្ធ​ដែល​បាន​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស