32 C
Phnom Penh

លោក គីម ជុងអ៊ុន និង​លោក ពូទីន សន្យា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ករណី​សង្គ្រាម​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ដំណើរ​តាម​រថភ្លើង​ដោយ​ឆ្លងកាត់​ព្រំដែន​រួម​កូរ៉េខាងជើង និង​រុស្ស៊ី បាន​នាំ​លោក គីម ជុងអ៊ុន ចូល​ទៅ​ដល់​ខាង​ក្នុង​នៃ​ទឹកដី​រុស្ស៊ី ដោយ​បាន​ឆ្ពោះ​ទៅ​ដល់​តំបន់​ស៊ីបេរី នោះ​ហើយ ដែល​លោក វ្ល៉ាឌីមៀរ ពូទីន រង់ចាំ​ចាប់​ដៃ​រលាក់​ជាមួយ​លោក គីម ជុងអ៊ុន។

តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​ជួប​គ្នា និង​ចាប់​ដៃ​គ្នា​នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​កញ្ញា នេះ ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​ឯ​ទីតាំង​អវកាស Vostochny Cosmodrome ជា​មូលដ្ឋាន​បាញ់​បង្ហោះ​យាន​អវកាស​ដ៏​ទំនើប​មួយ​ស្ថិត​នៅ​ចុង​បូព៌ា​បំផុត​នៃ​ប្រទេស​រុស្ស៊ី ហើយ​នេះ​ក៏​ជា​ជំនួប​លើកដំបូង​ម្ដង​ទៀត​រវាង​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បាន​ជួប​គ្នា​ម្ដង​ហើយ​នៅ​ឯ​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង Vladivostok កាលពី​ឆ្នាំ​២០១៩។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Tass លោក គីម ជុងអ៊ុន និង​លោក ពូទីន បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម ក៏ដូចជា​កិច្ចការ​អន្តរជាតិ ប៉ុន្តែ​លោក ពូទីន បាន​និយាយ​ថា រុស្ស៊ី​នឹង​ជួយ​កូរ៉េខាងជើង​ផលិត​ផ្កាយរណប ហើយ​នៅ​ពេល​ត្រូវ​បាន​សាកសួរ​ថា តើ​ជំនួប​នេះ​មាន​ការ​ជជែក​គ្នា​អំពី​ការ​ផ្គត់ផ្គង់​អាវុធ​ពី​កូរ៉េខាងជើង​ដែរ​ឬ​ក៏​អត់​នោះ លោក ពូទីន បាន​ឆ្លើយតប​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​អំពី​បញ្ហា​ទាំងអស់​នេះ។

លោក ពូទីន បាន​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា នេះ​ហើយ​ជា​មូលហេតុ​ដែល​លោក និង​លោក គីម បាន​មក​កាន់​ទីនេះ។ ក្នុង​ជំនួប​នោះ លោក គីម បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ចំពោះ​វិស្វកម្ម​គ្រាប់​រ៉ុក្កែត ហើយ​ប្រទេស​របស់​លោក​ក៏​កំពុង​ព្យាយាម​អភិវឌ្ឍ​វិស័យ​អវកាស​ដែរ។

ក្នុង​ឱកាស​នោះ លោក ពូទីន បាន​នាំ​លោក គីម ដើរ​ទស្សនា​មូលដ្ឋាន​អវកាស Vostochny Cosmodrome រួម​មាន​អគារ​ដែល​ជា​កន្លែង​កំពុង​ដំឡើង​គ្រាប់​រ៉ុក្កែត​អវកាស​ស៊េរី​ថ្មី Angara របស់​រុស្ស៊ី។

រ៉ុក្កែត​ប្រវែង​ជាង ៤០​ម៉ែត្រ​នោះ គឺ​ប្រើ​សម្រាប់​បញ្ជូន​វត្ថុ​ផ្សេងៗ​ឡើង​ទៅ​កាន់​គន្លង​អវកាស​កម្រិត​ទាប​ក្បែរ​ផែនដី។ កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​នេះ កូរ៉េខាងជើង​ធ្លាប់​បាន​ព្យាយាម​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​ឡើង​ទៅ​កាន់​អវកាស​ពីរ​លើក ប៉ុន្តែ​ទទួល​បរាជ័យ​ទាំង​ពីរ​លើក។

ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ទៀត កំពូល​មេដឹកនាំ​កូរ៉េខាងជើង លោក គីម បាន​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី។ លោក​សន្យា​ថា កូរ៉េខាងជើង​នឹង​ឈរ​នៅ​ជាមួយ​រុស្ស៊ី​ជានិច្ច ហើយ​នឹង​ផ្ដោត​អាទិភាព​ចម្បង​បំផុត​ទៅ​លើ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​មូស្គូ។

លោក​បន្ត​ថា ក្រុង​ព្យុងយ៉ាង សូម​គាំទ្រ​រុស្ស៊ី​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។ លោក ជុងអ៊ុន មិន​ត្រឹមតែ​សន្យា​គាំទ្រ​រុស្ស៊ី​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​អ៊ុយក្រែន នោះ​ទេ គឺ​សន្យា​ជួយ និង​គាំទ្រ​រុស្ស៊ី ប្រឆាំង​នឹង​ពួក​បស្ចិម​ប្រទេស ដែល​លោក ជុងអ៊ុន ហៅថា​ពួក​ចក្រព័ត្រ​និយម និង​ជា​កម្លាំង​អនុត្តរភាព​ដែល​កំពុងតែ​ព្យាយាម​បំផ្លាញ​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី។

យោង​តាម​ប្រព័ន្ធ​ព័ត៌មាន​របស់​រុស្ស៊ី លោក ជុងអ៊ុន សន្យា​ថា កូរ៉េខាងជើង​តែងតែ​គាំទ្រ​ពេញ​ទំហឹង និង​ឥត​លក្ខខណ្ឌ​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​រុស្ស៊ី ដែល​ប្រឆាំង​ពួក​ចក្រព័ត្រ​ដែល​លោក​ធានា​ជា​ថ្មី​ថា កូរ៉េខាងជើង​សន្យា​បន្ត​ឈរ​នៅ​ជាមួយ​រុស្ស៊ី​ជាប់​ជានិច្ច។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំង​ពីរ​ដែល​ធ្វើឡើង​រវាង​ប្រតិភូ​មួយ​ទល់​មួយ បាន​បិទ​បញ្ចប់​ទៅ​វិញ​ក្រោយ​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ប្រហែល ២​ម៉ោង។ តែ​យ៉ាងណា សម្រាប់​លោក ជុងអ៊ុន គឺជា​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើកដំបូង​របស់​លោក​ក្នុង​រយៈពេល​ជាង ៤​ឆ្នាំ​មក​នេះ។

ទស្សនកិច្ច​របស់​លោក ជុងអ៊ុន នៅ​ឯ​ក្រៅ​ប្រទេស​រុស្ស៊ី គឺ​កាលពី​ឆ្នាំ​២០១៩ នៅ​ពេល​ដែល​រូបលោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Vladivostok សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​មួយ​ជាមួយ​លោក ពូទីន ក្រោយ​ការ​ដួល​រលំ​នៃ​កិច្ច​ចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ជួប​លោក ជុងអ៊ុន ដល់​ទៅ ៣​លើក។

ក្រុម​មន្ត្រី​របស់​សហរដ្ឋ​អាមេរិក អះអាង​ថា រុស្ស៊ី​មាន​ការ​ចាប់អារម្មណ៍​លើ​សព្វាវុធ​របស់​កូរ៉េខាងជើង ដោយ​ចង់​ទិញ​គ្រាប់រំសេវ​ដូចជា​គ្រាប់​កាំភ្លើង​ធំ និង​មីស៊ីល​ប្រឆាំង​រថក្រោះ​ជាដើម ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ក្រុង​មូស្គូ​ទៅ​លើ​អ៊ុយក្រែន។

ចំណែក​ខាង​ទីក្រុង​ព្យុងយ៉ាង ក៏​អាច​ទទួល​បាន​ផល​ប្រយោជន៍​មក​វិញ​ផង​ដែរ ខណៈ​ដែល​ខ្លួន​ចង់​បាន​បច្ចេកវិទ្យា​ផ្កាយរណប​ទំនើបៗ និង​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

កាលពី​ដើម​ខែ​កញ្ញា ក្រុង​វ៉ាស៊ីនតោន សង្ស័យ​ថា ក្រុង​ព្យុងយ៉ាង​អាច​ផ្តល់​ឱ្យ​រុស្ស៊ី​នូវ​គ្រាប់​រ៉ុក្កែត និង​មីស៊ីល។ តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ក្រុង​មូស្គូ យល់​ថា រុស្ស៊ី​ពិត​ជា​ត្រូវការ​ពី​កូរ៉េខាងជើង នូវ​គ្រាប់​កាំភ្លើង​ធំ ព្រោះ​ព្យុងយ៉ាង​មាន​ឃ្លាំង​ស្តុក​គ្រាប់​កាំភ្លើង​ធំ​ផលិត​សម័យ​សហភាព​សូវៀត​ច្រើន​ជាងគេ​បំផុត ដែល​អាច​មក​បំពេញ​ឃ្លាំង​ស្តុក​គ្រាប់​របស់​រុស្ស៊ី។

បើ​តាម​សារព័ត៌មាន The Sydney Morning Herald លោក ជុងអ៊ុន ត្រឡប់​ទៅ​វិញ​ជាមួយ​នឹង​ការ​សន្យា​របស់​លោក ពូទីន ជួយ​ប្រេងឥន្ធនៈ ស្បៀង និង​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ហើយ​កូរ៉េខាងជើង​អាច​នឹង​ជួយ​រុស្ស៊ី​វិញ​នូវ​អ្វី​ដែល​រុស្ស៊ី​ត្រូវការ គឺ​គ្រាប់​រំសេវ​មួយ​ចំនួន។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ព្រមាន​ខ្លាំងៗ​ទៅ​លើ​កូរ៉េខាងជើង​ថា ប្រសិនបើ​កូរ៉េខាងជើង​លក់​គ្រាប់​កាំភ្លើង​ធំ ឬ​អាវុធ​ណា​មួយ​ទៅ​ឱ្យ​រុស្ស៊ី គឺ​ត្រូវតែ​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ថែម​ទៀត។

តែ​ក្នុង​ពេល​ដែល​លោក ជុងអ៊ុន និង​លោក ពូទីន ជួប​គ្នា​នេះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បាលិស្ទីច ចំនួន ២​គ្រាប់។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​នាយសេនាធិការ​កងទ័ព​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បាលិស្ទីច ទម្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន។

ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​ឱ្យ​ដឹង​ថា គ្រាប់​មីស៊ីល​បាលិស្ទីច​ដែល​កូរ៉េខាងជើង​បាន​បាញ់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែ​កញ្ញា នេះ វា​បាន​ធ្លាក់​ទៅ​លើ​សមុទ្រ​ជប៉ុន ដែល​អាជ្ញាធរ​ជប៉ុន​បាន​តាមដាន​ជា​ខ្លាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស