39 C
Phnom Penh

VOD ប្រកាស​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​ផ្សាយ​របស់​ខ្លួន​ឡើងវិញ​នៅ​ដើម​ខែ​ក្រោយ​ពី​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (Voice of Democracy) ដែល​ហៅ​កាត់​ថា (VOD) ប្រកាស​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ឡើងវិញ​នៅ​ដើម​ខែ​ក្រោយ បន្ទាប់ពី​ត្រូវ​បាន​បិទ​ខ្ទប់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​អស់​រយៈពេល ៨​ខែ​កន្លង​មក។

សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ចាប់ផ្តើម​ដំណើរការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ជីវិត​ទី​ពីរ​ដោយ​ដាក់​ដំណើរការ​ផ្សាយ​ព័ត៌មាន​សាជាថ្មី​ចាប់ពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៣ តាម​បណ្ដាញ​សង្គម Facebook, YouTube និង Tik Tok រៀងរាល់​ម៉ោង ៥:៣០​នាទី​ដល់​ម៉ោង ៦:០០​នាទី​ល្ងាច ម៉ោង​នៅ​ប្រទេស​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា រាល់​ប្រតិបត្តិការ​របស់ VOD នឹង​ត្រូវ​ធ្វើ​ឡើង​ពី​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង​តាកូម៉ា នៃ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ហើយ VOD នៅតែ​បន្ត​រក្សា​ជំហរ​ជា​សារព័ត៌មាន​ឯករាជ្យ និង​បន្ត​បេសកកម្ម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត ស៊ីជម្រៅ​ជូន​ពលរដ្ឋ​កម្ពុជា ដើម្បី​ចូលរួម​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ដូច​មុន​ដដែល។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​ដើម្បី​ផ្សាយ​អំពី​ដំណើរការ​សកម្មភាព​របស់​កម្មវិធី​ផ្សាយ​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី ឡើងវិញ ក្រោយ​ការ​បិទ​ខ្ទប់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​តាំងពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ មក។

កម្មវិធី​ផ្សាយ​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី Voice of Democracy (VOD) ត្រូវ​បាន​បង្កើត​ឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៩ ដើម្បី​ជួយ​លើក​កម្ពស់​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម​ឆត្រ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​ដឹកនាំ​ដោយ​លោក ប៉ា ងួនទៀង អស់​រយៈពេល ២០​ឆ្នាំ​កន្លង​មក។

កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​លើកឡើង​ក្នុង​ខួប ២០​ឆ្នាំ​របស់​ខ្លួន​ថា ដំណើរការ​របស់ វីអូឌី ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ឯករាជ្យ​ប្រកប​ដោយ​វិជ្ជាជីវៈ​អស់​រយៈពេល ២០​ឆ្នាំ បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន​ពី​ការ​រាំង​ខ្ទប់​របស់​រដ្ឋាភិបាល​កម្ពុជា។

ជាក់ស្តែង នៅ​អំឡុង​ឆ្នាំ​២០០៧ វីអូឌី បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក្នុង​បំណង​ស្នើសុំ​ហ្វ្រេកង់​វិទ្យុ​ដើម្បី​បើក​ស្ថានីយ​ផ្សព្វផ្សាយ​ព័ត៌មាន និង​កម្មវិធី​នានា ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បដិសេធ​ក្រោម​ហេតុផល​ថា អស់​ហ្រេ្វកង់ ស្រប​ពេល​ដែល​ស្ថានីយ​វិទ្យុ​ថ្មីៗ​ជាច្រើន​ផ្សេង​ទៀត​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​បើក​ដំណើរការ​ជា​បន្តបន្ទាប់។

រហូត​ដល់​ឆ្នាំ​២០១៥ វីអូឌី បាន​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​កម្មវិធី​របស់​ខ្លួន​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​ផ្សព្វផ្សាយ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​លុប​សិទ្ធិ​គ្រប់គ្រង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នោះ​វិញ បន្ទាប់ពី​ខ្លួន​បាន​ផ្សព្វផ្សាយ​ត្រឹម​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ។ ក្រៅពី​នេះ ស្ថានីយ​វិទ្យុ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដែល​បាន​សហការ​ផ្សាយ​កម្មវិធី​របស់ VOD ក៏​ត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៧ ផង​ដែរ។

ទោះបី VOD ខំ​ប្រឹង​ធ្វើ​សកម្មភាព​ទៅ​មុខ​ដោយ​ច្រក​ចង្អៀត​អស់​រយៈពេល ២០​ឆ្នាំ​ក៏ដោយ ក៏​ការ​គំរាមកំហែង​នៅ​កើត​មាន​ជានិច្ច។ ជាក់ស្តែង កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៥ អ្នក​សារព័ត៌មាន វីអូឌី បាន​រង​នូវ​ការ​វាយដំ​ទាត់​ធាក់​រហូត​សន្លប់​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ជាង​នេះ​ទៀត ក៏​មាន​ការ​ឃាត់​ខ្លួន និង​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​ការងារ VOD នៅ​តំបន់​អភិរក្ស​សួនសត្វ​ភ្នំ​តាម៉ៅ កាលពី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ ផង​ដែរ ក្នុង​នោះ​ក៏​មាន​ការ​គំរាមកំហែង​ជាច្រើន​ពី​សំណាក់​អាជ្ញាធរ​ថែម​ទៀត។

ជា​អកុសល នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​មួយ​នេះ តាម​ការ​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បន្ទាប់ពី VOD បាន​ចុះផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត ដែល​បាន​ដើរ​តួនាទី​ជំនួស​លោក ហ៊ុន សែន ក្នុង​ការ​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​តួកគី ហើយ​ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ថា VOD មាន​ចេតនា​មួលបង្កាច់​លើ​លោក ហ៊ុន ម៉ាណែត និង​មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​របស់​លោក។

ទាក់ទិន​នឹង​ការ​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បណ្ដាញ​អ្នក​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន រួម​មាន​សហព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ (អាស៊ី​ប៉ាស៊ីហ្វិក) អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (RSF) និង​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​ជប៉ុន (Foreign Correspondents’ Club of Japan (FCCJ) បាន​រិះគន់​ថា ការ​សម្រេច​ចិត្ត​លុប​ចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់ វីអូឌី នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣ បាន​បង្ហាញ​ពី​ការ​គំរាមកំហែង​ប្រឆាំង​នឹង​សារព័ត៌មាន​ឯករាជ្យ​យ៉ាង​ធ្ងន់ធ្ងរ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ជា​ចំណាត់ថ្នាក់​ដ៏​អាក្រក់​មួយ ក្រោយ​គេ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សំអាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ រហូត​មក ដែល​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស