30 C
Phnom Penh

CCIM ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើងវិញ​របស់ VOD នៅ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើងវិញ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នៅ​ទីក្រុង​តាកូម៉ា នៃ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នោះ​ឡើយ។

CCIM ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា នេះ​ថា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ CCIM ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ និង​បញ្ឈប់​ការ​ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ហើយ​គេហទំព័រ​របស់ VOD ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ក៏​ត្រូវ​បាន​រាំង​ខ្ទប់ (Block) ដែរ។ ចាប់តាំងពី​ពេល​នោះ​មក រាល់​សកម្មភាព​ទាំងអស់​របស់ VOD ត្រូវ​បាន​បញ្ឈប់ ហើយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មិន​ដែល​អនុវត្ត​ផ្ទុយ​ពី​សេចក្តី​សម្រេច​នេះ​ឡើយ។ ដូច្នេះ រាល់​សកម្មភាព​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់ VOD នៅ​សហរដ្ឋ​អាមេរិក មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង CCIM នោះ​ទេ។

សេចក្ដី​ប្រកាស​របស់​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន វីអូឌី (VOD) បាន​ប្រកាស​ដំណើរការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​សាជាថ្មី​ចាប់ពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៣ តាម​បណ្ដាញ​សង្គម Facebook, YouTube និង TikTok រៀងរាល់​ម៉ោង ៥:៣០​នាទី​ល្ងាច​ដល់​ម៉ោង ៦:០០​ល្ងាច ម៉ោង​នៅ​កម្ពុជា។

ចំពោះ​រាល់​ប្រតិបត្តិការ​របស់ VOD នឹង​ធ្វើឡើង​ពី​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង​តាកូម៉ា នៃ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

តាម​សេចក្ដី​ប្រកាស​របស់​វីអូឌី បញ្ជាក់​ថា ការ​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​ផ្សាយ​ឡើងវិញ​នេះ ដើម្បី​បន្ត​រក្សា​ជំហរ​ជា​សារព័ត៌មាន​ឯករាជ្យ និង​បន្ត​បេសកកម្ម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ស៊ីជម្រៅ​ជូន​ពលរដ្ឋ​កម្ពុជា ព្រមទាំង​ចូលរួម​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​ដូច​មុន​ដដែល។

លោក ប៉ា ងួនទៀង ដែល​ទើប​តែ​លាឈប់​ពី​នាយក​ប្រតិបត្តិ​របស់ CCIM នឹង​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ការ​ផ្សាយ​របស់ VOD នៅ​សហរដ្ឋ​អាមេរិក បាន​លើកឡើង​ថា ការ​ដំណើរការ​ឡើងវិញ​របស់ VOD គឺ​ជា​ការ​បំពេញ​បន្ថែម​លើ​សារព័ត៌មាន​ដែល​មាន​ស្រាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ VOD នឹង​មាន​ឱកាស​ផ្សាយ​អត្ថបទ​ស៊ីជម្រៅ និង​ព័ត៌មាន​ស៊ើប​អង្កេត ដែល​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​មិន​ហ៊ាន​ផ្សព្វផ្សាយ ដូចជា​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ពុករលួយ​របស់​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច ជាដើម។

កម្មវិធី​ផ្សាយ​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (Voice of Democracy (VOD)) ត្រូវ​បាន​បង្កើត​ឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៩ ដើម្បី​ជួយ​លើក​កម្ពស់​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រោម​ឆត្រ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​ដឹកនាំ​ដោយ​លោក ប៉ា ងួនទៀង អស់​រយៈពេល ២០​ឆ្នាំ។

ប៉ុន្តែ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ CCIM ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ តាម​ការ​បញ្ជា​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បន្ទាប់ពី VOD បាន​ចុះផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត ដែល​បាន​ដើរ​តួនាទី​ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ក្នុង​ការ​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​តួកគី។

ក្រោយ​ការ​ចុះផ្សាយ​នេះ សារព័ត៌មាន VOD ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ថា VOD មាន​ចេតនា​មួលបង្កាច់​លើ​លោក ហ៊ុន ម៉ាណែត និង​មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​របស់​លោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស