32 C
Phnom Penh

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ទាមទារ​ឱ្យ​អគ្គនាយក​ពន្ធដារ​ពន្យល់​ឱ្យ​ច្បាស់​អំពី​ពន្ធ​ចំណេញ​មូលធន​ដែល​គ្រោង​ប្រមូល​នៅ​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ផ្នែក​ច្បាប់​កម្ពុជា ទាមទារ​ឱ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ពន្យល់​ឱ្យ​បាន​ច្បាស់​ជុំវិញ​គម្រោង​អនុវត្ត​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ ដោយសារ​តែ​ការ​បកស្រាយ​របស់​លោក គង់ វិបុល លើ​ករណី​នេះ​មិន​ដាច់ស្រេច ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅតែ​មាន​ចម្ងល់។

លោក​មេធាវី ផែង ហេង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដោយ​ដកស្រង់​ចម្ងល់​របស់​ពលរដ្ឋ​ដែល​ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​លោក គង់ វិបុល ជុំវិញ​ការ​អនុវត្ត​ពន្ធ​មូលធន​ដែល​យក​គំរូ​តាម​ប្រទេស​បារាំង និង​ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​កំណត់​ត្រឹមតែ ២០% នៃ​ប្រាក់​ចំណេញ​ពី​ការ​លក់​អចលនទ្រព្យ​របស់​ពលរដ្ឋ​ខ្មែរ។

លោក ផែង ហេង លើកឡើង​ថា ត្រង់​ចំណុច​នេះ បើ​យោង​តាម​ប្រទេស​បារាំង និង​អូស្ត្រាលី រដ្ឋ​មាន​កាតព្វកិច្ច​ប្រមូល​ពន្ធ​មូលធន​ពី​ពលរដ្ឋ​មែន ប៉ុន្តែ​រដ្ឋ​ក៏​មាន​កាតព្វកិច្ច​ជួយ​ឱ្យ​អចលនវត្ថុ​របស់​ពលរដ្ឋ​មិន​ខាតបង់ ឬ​គ្មាន​ទីផ្សារ​ដែរ។ ជាង​នេះ​ទៀត បើ​ពលរដ្ឋ​អត់​ការងារ​ធ្វើ រដ្ឋ​មាន​កាតព្វកិច្ច​ត្រូវ​ចិញ្ចឹម​ពលរដ្ឋ​ថែម​ទៀត ដោយឡែក​សម្រាប់​ពលរដ្ឋ​ដែល​ចូល​និវត្តន៍ រដ្ឋ​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ផ្តល់​ប្រាក់​សោធន​និវត្តន៍​អាច​ឱ្យ​ពលរដ្ឋ​ចិញ្ចឹម​ជីវិត​បាន​សមរម្យ​ដែរ។

លោក​បន្ថែម​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​ពលរដ្ឋ​មាន​ជំងឺ រដ្ឋ​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ជួយ​ព្យាបាល​ដោយ​មិន​បង់​ថ្លៃ ហើយ​បើ​ពលរដ្ឋ​ក្រីក្រ​រហូត​ដល់​ថ្នាក់​គ្មាន​ផ្ទះសម្បែង រដ្ឋ​ត្រូវ​ផ្តល់​ទីជម្រក​ឱ្យ​ពួកគេ​រស់នៅ​បាន​សមរម្យ​ថែម​ទៀត។ ចំណែក​ក្មេងៗ​ដែល​គ្រប់​អាយុ​ត្រូវ​ចូល​សាលារៀន រដ្ឋ​ត្រូវ​ជួយ និង​ផ្តល់​ប្រាក់កម្ចី​ដល់​ពួកគេ​ដើម្បី​បន្ត​ការ​សិក្សា​ដែរ ប្រសិនបើ​ពួកគេ​គ្មាន​លទ្ធភាព។

លោក​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា​អាច​អនុវត្ត​ដូច​ប្រទេស​បារាំង និង​ប្រទេស​អូស្ត្រាលី បាន​ដែរ​ឬ​ទេ នៅ​ពេល​ខ្លួន​ចាប់ផ្តើម​អនុវត្ត​ពន្ធ​មូលធន​ដូច​ប្រទេស​ទាំង​ពីរ​នេះ?

អ្នកជំនាញ​ផ្នែក​ច្បាប់​រូប​នេះ​បញ្ជាក់​ថា ចំណែកឯ​ចម្ងល់​ទី​ពីរ គឺ​ការ​លើកឡើង​របស់​លោក គង់ វិបុល ទាក់ទិន​នឹង​ការ​បាត់បង់​ឯកសារ​ទិញ​ចូល ដែល​លោក​បាន​លើកឡើង​ថា ប្រសិនបើ​ពលរដ្ឋ​បាត់បង់​ឯកសារ នោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​អនុវត្ត​ពន្ធ​ត្រឹមតែ ២០% ប៉ុណ្ណោះ ដោយសារតែ​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​កាត់​យក ២០% គឺជា​ប្រាក់​ចំណេញ​នៃ​ទឹកប្រាក់​សរុប ដែល​មាន​ន័យ​ថា ពលរដ្ឋ​បង់​លុយ​ត្រឹមតែ ៤% ប៉ុណ្ណោះ​លើ​ពន្ធ ២០% នេះ ដែល​ការ​បកស្រាយ​នេះ គឺ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ។

លោក ផែង ហេង ទាមទារ​ឱ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល ពន្យល់​ឱ្យ​បាន​ច្បាស់​ត្រង់​ចំណុច​នៃ​ការ​អនុវត្ត​ពន្ធ​មូលធន​នេះ ព្រោះ​ថា​ការ​អនុវត្ត​ពន្ធ​បច្ចុប្បន្ន​នេះ គឺ​រដ្ឋ​បាន​តម្រូវ​ឱ្យ​ពលរដ្ឋ​បង់​ពន្ធ​ប្រថាប់ត្រា ឬ​ពន្ធ​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ៤% នៃ​តម្លៃ​អចលនទ្រព្យ​សរុប។

លោក​លើក​ជា​ឧទាហរណ៍​ថា បើ​ពលរដ្ឋ​លក់​ដី​បាន ១​លាន​រៀល គឺ​ត្រូវ​បង់​ពន្ធ​ប្រថាប់ត្រា ៤​ម៉ឺន​រៀល ដូច្នេះ​ការ​អនុវត្ត​ពន្ធ​លើ​ប្រាក់​ចំណេញ ២០% ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​គ្រោង​អនុវត្ត​នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ ត្រូវ​អនុវត្ត​ពន្ធ​ប្រាក់​ចំណេញ​មូលធន ៤% ទៀត​បន្ថែម​ពី​ពន្ធ​ប្រថាប់ត្រា ៤% ដែល​រដ្ឋ​ធ្លាប់​បាន​អនុវត្ត​កន្លងមក ឬ​យ៉ាង​ណា។

កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ស្ដីពី «ការ​យល់ដឹង​អំពី​ពន្ធដារ» អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បញ្ជាក់​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចាប់ផ្តើម​អនុវត្ត​ការ​ប្រមូល​ចំណូល​ពន្ធ «ចំណេញ​មូលធន» ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៤ តទៅ បន្ទាប់ពី​ពន្ធ​នេះ​បាន​ពន្យារ​ពេល​អនុវត្ត​រយៈពេល ៣​ឆ្នាំ​កន្លងមក។

លោក គង់ វិបុល ពន្យល់​ពី​ការ​ប្រមូល​ចំណូល​ពន្ធ ឬ «ពន្ធ​ចំណេញ​មូលធន» នេះ​ថា បើ​ពលរដ្ឋ​លក់​អចលនទ្រព្យ​ខាត ឬ​រួច​ខ្លួន​នោះ គឺ​មិន​ជាប់​ពន្ធ​ចំណេញ​មូលធន​នេះ​ទេ ព្រោះ​ថា​ពន្ធ​នេះ​គិត​ទៅ​លើ​តែ​ការ​លក់​បាន​ចំណេញ​ប៉ុណ្ណោះ ហើយ​ប្រាក់​ចំណេញ​នេះ​ទៀតសោត គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចាប់ផ្តើម​ដំបូង​មិន​យក​ដូច​ប្រទេស​បារាំង ឬ​ប្រទេស​អូស្ត្រាលី ពី ៤០% ទៅ ៥០% ទេ គឺ​យក​តែ ២០% ប៉ុណ្ណោះ បើ​គិត​ទៅ គឺ​ស្មើ​នឹង ៤% ដូច្នេះ​ការ​អនុវត្ត​ពន្ធ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ទេ ព្រោះ​ថា​បើ​ពលរដ្ឋ​លក់​បាន​ចំណេញ គឺ​បង់​ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​បើ​មិន​ចំណេញ​ទេ គឺ​មិន​បង់​ពន្ធ​ឡើយ។

កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តី​ប្រកាស​ស្ដីពី «ពន្ធ​លើ​ការ​ចំណេញ​មូលធន» ដែល​បាន​កំណត់​យក​លើ​ការ​លក់​អចលនទ្រព្យ​មួយ​ចំនួន ដូចជា ដី អគារ ភាគហ៊ុន អាជ្ញាប័ណ្ណ ប៉ាតង់ សញ្ញា​ប័ណ្ណ​បំណុល និង​រូបិយប័ណ្ណ ក្នុង​អត្រា ២០% ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​ពន្យារ​រហូត​ដល់​ឆ្នាំ​២០២៤ ខាងមុខ​នេះ​ទើប​ចាប់ផ្តើម​អនុវត្ត។

ប្រាក់​ចំណេញ​មូលធន គឺជា​ប្រាក់​បន្ទាប់ពី​ការ​កាត់​ថ្លៃ​ដើម និង​ការ​ចំណាយ​ផ្សេងៗ ដូចជា ការ​បង់​ខាត​ការប្រាក់​នៅ​ធនាគារ ការ​ជួសជុល​កែលំអ​ផ្ទះ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត ជាដើម។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋ​នឹង​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន ២០% នៃ​ការ​លក់​ដី លក់​ផ្ទះ នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ ស្រប​ពេល​ដែល​អាជីវកម្ម​ដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ​ចាប់ពី ៦​ម៉ឺន​ដុល្លារ​ឡើង​ទៅ ដែល​ស្មើ​នឹង​ជាង ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ (១៦៤​ដុល្លារ​ឡើង​ក្នុង​មួយ​ថ្ងៃ) ត្រូវតែ​ចុះបញ្ជី​បង់​ពន្ធ​ជាដាច់ខាត ខណៈ​សេដ្ឋកិច្ច​កម្ពុជា​កំពុងតែ​ដុនដាប​នៅ​ពេលនេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​កំពុង​រិះរក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​ឱ្យ​គ្រប់​តាម​ផែនការ ដែល​ហាក់ដូចជា​កំពុងតែ​គាប​ប្រជាពលរដ្ឋ​យក​លុយ​ដើម្បី​ចិញ្ចឹម​រដ្ឋាភិបាល​របស់​ខ្លួន​ដូច្នោះ​ដែរ។

លោក​បន្ថែម​ថា តាម​ពិត រដ្ឋាភិបាល​ថ្មី​គួរ​តែ​រិះរក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​អាច​បង្កើន​ចំណូល​បាន​ច្រើន​ជាង​មុន និង​បញ្ចុះ​ថ្លៃ​សាំង ថ្លៃ​ភ្លើង​ដូច​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ ដែល​គេ​បាន​ប្រកាស​អនុវត្ត​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក ស្រេដ្ឋា ថាវីស៊ីន បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​រដ្ឋាភិបាល​ថ្មី​របស់​លោក ដោយ​ការ​ចែក​ប្រាក់​ដល់​ពលរដ្ឋ​ថៃ​ចាប់ពី​អាយុ ១៦​ឆ្នាំ​ឡើង​ទៅ​ក្នុង​ម្នាក់ ២៨០​ដុល្លារ​អាមេរិក និង​ផ្អាក​ការ​ទូទាត់​បំណុល​រយៈពេល ៣​ឆ្នាំ​សម្រាប់​កសិករ​ខ្នាត​តូច សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​បញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ និង​តម្លៃ​អគ្គិសនី ជាដើម ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស