39 C
Phnom Penh

តុលាការ​ភ្នំពេញ​ថ្កោលទោស​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ​ក្នុង​សំណុំរឿង​សែក​ស្អុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ​ក្នុង​សំណុំរឿង​ចេញ​សែក​ស្អុយ ខណៈ​សំណុំរឿង «ញុះញង់» តុលាការ​នឹង​បើក​សវនាការ​នៅ​ខែ​តុលា ខាងមុខ​នេះ​វិញ។

ការ​ប្រកាស​សាលក្រម​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដារី បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា។

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឈុន ដារី នៅ​ថ្ងៃទី​២១ ខែ​កញ្ញា នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ​ក្រោម​បទ​ចោទប្រកាន់ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​អត់​ប្រាក់»។

ក្រៅពី​ផ្ដន្ទាទោស​ហើយ អ្នកស្រី ឈុន ដារី ក៏​បាន​បង្គាប់​ឲ្យ​លោក ថាច់ សេដ្ឋា សង​សំណង​រដ្ឋប្បវេណី​ទៅ​កាន់​ដើមបណ្ដឹង​ប្រមាណ ៣​ម៉ឺន​ដុល្លារ និង​សង​ជំងឺចិត្ត​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដដែល​ចំនួន ៥​លាន​រៀល រួម​ទាំង​បង្គាប់​ឲ្យ​លោក ថាច់ សេដ្ឋា បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ​ចំនួន ៣​លាន​រៀល​បន្ថែម​ទៀត​ផង​ដែរ។

ភរិយា​របស់​លោក ថាច់ សេដ្ឋា និង​អ្នក​ដែល​គាំទ្រ​លោក រួម​ទាំង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ផង​នោះ បាន​ចាត់ទុក​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​២១ កញ្ញា នេះ​ថា​ជា​រឿង​អយុត្តិធម៌។

ភរិយា​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ធ្លាប់​លើកឡើង​ថា រយៈពេល​ជាប់​នៅ​ក្នុង​ពន្ធនាគារ​នេះ សុខភាព​របស់​ស្វាមី​អ្នកស្រី​កាន់តែ​ទ្រុឌទ្រោម ដោយសារ​មិន​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ដូច​នៅ​ខាងក្រៅ ស្រប​ពេល​ស្វាមី​លោកស្រី​កំពុង​មាន​ជំងឺ​បេះដូង និង​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ផង​ដែរ។

ក្រៅពី​រឿង​ចេញ​សែក​ស្អុយ ឬ​សែក​អត់​ប្រាក់ លោក ថាច់ សេដ្ឋា ក៏​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍» បន្ថែម​ទៀត​ដែរ បន្ទាប់ពី​លោក​និយាយ​អំពី​នយោបាយ និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ដើម​ឆ្នាំ​២០២៣។

ការ​ចោទប្រកាន់​នេះ ក្រោម​ហេតុផល​ថា លោក ថាច់ សេដ្ឋា បាន​និយាយ​អំពី​ប្រវត្តិសាស្ត្រ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ «វៀតណាម​ឈ្លានពាន» ការ​សង់​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ធ្វើ​ឲ្យ «បែកបាក់​ជាតិ» និង​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា។

ចំពោះ​សំណុំរឿង​ទាំង​ពីរ​ខាងលើ​នេះ តុលាការ​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា នេះ​ដែរ ប៉ុន្តែ​ក្រោយពី​ប្រកាស​សាលក្រម​សំណុំរឿង​ចេញ​សែក​ស្អុយ​នា​ព្រឹក​នេះ​រួច តុលាការ​ក៏​សម្រេច​លើក​ពេល​ទៅ​បើក​សវនាការ​នៅ​ថ្ងៃទី​១៨ ខែ​តុលា ខាងមុខ​នេះ​វិញ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ខែ​មករា ឆ្នាំ​២០២៣។ ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន រិនឆាយ ផនសប ដែល​បាន​ប្ដឹង​លោក​បន្ទាប់ពី​លោក ថាច់ សេដ្ឋា បាន​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​មួយ​នេះ​ចំនួន ២​ម៉ឺន​ដុល្លារ​កាលពី​អំឡុង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ប៉ុន្តែ​បើ​តាម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា អះអាង​ថា ប្រាក់​ដែល​កូនក្ដី​របស់​លោក​ជំពាក់​ក្រុមហ៊ុន រិនឆាយ នៅតែ ៥​ពាន់​ដុល្លារ​ទៀត​តែប៉ុណ្ណោះ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន រិនឆាយ ផនសប នេះ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ផ្លូវការ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម កាលពី​ខែ​តុលា ឆ្នាំ​២០១៥។ ម្ចាស់​ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅពី​កាន់កាប់​ក្រុមហ៊ុន រិនឆាយ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏​ជា​ម្ចាស់​ក្រុមហ៊ុន Dynith Commercial ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ថែម​ទៀត។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០១៤។

សព្វថ្ងៃ ក្រុមហ៊ុន Dynith Commercial នេះ​គ្រប់គ្រង​ដោយ​អ្នកស្រី ឌី សុខឃី ជា​កូនស្រី​អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ហុក ឡង់ឌី ហើយ​ក៏​ត្រូវ​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស