34.7 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋសភា​កោះហៅ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ទៅ​សួរ​និង​បំភ្លឺ​អំពី​រឿង​ដំឡើង​ពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល ទាមទារ​រដ្ឋសភា​ឲ្យ​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅ​សួរ​ដេញដោល ដើម្បី​ឲ្យ​បំភ្លឺ​រឿង​ដំឡើង​ពន្ធ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ធ្លាក់​ចុះ​បន្តបន្ទាប់។

ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្បាល​ធំ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​ចាត់​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល និង​ដំឡើង​ពន្ធ​ផ្សេងៗ​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​វិស័យ​ឯកជន​មួយ​ចំនួន ខណៈ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ដោយ​ពលរដ្ឋ​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ និង​ជំពាក់​បំណុល​ធនាគារ ជាដើម។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា តំណាងរាស្ត្រ​គួរតែ​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​សួរ​ចម្លើយ និង​បំភ្លឺ​អំពី​ការ​ដំឡើង​ពន្ធ​លើ​រាស្ត្រ។

ចំណែក​លោក ប៉ា ចន្ទរឿន បាន​លើកឡើង​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​២៨ កញ្ញា នេះ​ថា នៅ​ប្រទេស​ជឿនលឿន​ដែល​កាន់​របប​ប្រជាធិបតេយ្យ​សេរី ប្រសិនបើ​សង្គម​របស់​គេ​មាន​បញ្ហា​អ្វី​មួយ សភា​របស់​គេ​តែងតែ​កោះ​អញ្ជើញ​តំណាង​រដ្ឋាភិបាល ឬ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​មក​បំភ្លឺ និង​បង្ហាញ​អំពី​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

ដោយឡែក​លោក អ៊ូ វីរៈ ក៏​បាន​លើកឡើង​ដែរ​ថា ទោះបីជា​ពលរដ្ឋ​មាន​កាតព្វកិច្ច​បង់​ពន្ធ​ក៏​ពិត​មែន ប៉ុន្តែ​ពួកគេ​ក៏​មាន​សិទ្ធិ​ដឹង​អំពី​របៀប​ដែល​ប្រាក់​របស់​ពួកគេ​ត្រូវ​បាន​ចំណាយ​ដែរ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​រដ្ឋសភា​កម្ពុជា​បាន​នៅឡើយ​ទេ​នា​ថ្ងៃ​នេះ។

មាត្រា ៩៦ និង ៩៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា អ្នក​តំណាងរាស្ត្រ​មាន​ភារកិច្ច​ដាក់​សំណួរ ឬ​សួរ​ដេញដោល​ចំពោះ​សមាជិក​រដ្ឋាភិបាល ហើយ​រឿង​ដែល​សំខាន់​ចាំបាច់​ទៅ​ទៀត​នោះ គឺ​តំណាងរាស្ត្រ​មាន​កាតព្វកិច្ច​តាមដាន ឃ្លាំមើល​ការ​អនុវត្ត​ការងារ​របស់​ក្រសួង​ស្ថាប័ន​ទាំងនោះ ដើម្បី​ធានា​ឲ្យ​ឃើញ​ថា​មាន​ការ​អនុវត្ត​ការងារ​បាន​ត្រឹមត្រូវ ស្មោះត្រង់ និង​តម្លាភាព​ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​ជាតិ។

តែ​យ៉ាងណា ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ ក្រុម​អ្នក​ឃ្លាំមើល​ថា​រដ្ឋសភា​ដែល​ជា​អ្នក​តំណាងរាស្ត្រ​នេះ មិន​បាន​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ និង​សង្គម​ជាតិ​ឡើយ។ ផ្ទុយទៅវិញ រដ្ឋសភា​បច្ចុប្បន្ន​ការពារ​តែ​ផល​ប្រយោជន៍​គ្រួសារ​ត្រកូល «ហ៊ុន» និង​បក្ខពួក​ខ្លួន​តែប៉ុណ្ណោះ ពីព្រោះ​រដ្ឋសភា​សព្វថ្ងៃ​នេះ​កើត​ចេញពី​គណបក្ស​តែ​មួយ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស