32 C
Phnom Penh

គ.ជ.ប បើក​យុទ្ធនាការ​១៩​ថ្ងៃ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​និង​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បើក​យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​១ រហូត​ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣។

គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ដំណើរការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នេះ គឺ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង​ដែរ ប៉ុន្តែ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​ផ្អាក​តែ ១​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ក្រុម​ការងារ​ចុះឈ្មោះ​បោះឆ្នោត ធ្វើការ​ប្រជុំ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ការងារ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ។

ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​របស់​ត្រកូល​ហ៊ុន​មួយ​នេះ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​មិន​បាន​ចុះឈ្មោះ​បោះឆ្នោត​ពី​មុន​មក ឬ​អ្នក​ដែល​នឹង​ត្រូវ​គ្រប់​អាយុ ១៨​ឆ្នាំ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ ខាងមុខ​នេះ ជាពិសេស​អ្នក​ដែល​មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​មុន ឬ​ត្រឹម​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០០៦ និង​អ្នក​ដែល​បាន​ផ្លាស់ប្ដូរ​លំនៅឋាន​ចូល​ទៅ​រស់នៅ​ក្នុង​ឃុំ-សង្កាត់​ថ្មី ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ឃុំ-សង្កាត់​ដែល​ពួកគេ​កំពុង​រស់នៅ ឬ​ស្នាក់នៅ​សព្វថ្ងៃ​នេះ។

ការ​ចេញ​សេចក្តី​ជូនដំណឹង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត និង​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត ឱ្យ​ទៅ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន​ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន​នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ តុលា នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​នាំគ្នា​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​អនុវត្ត​សិទ្ធិ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ហើយ​នេះ​ក៏​ជា​វិធី​តែ​មួយ​គត់​ដែល​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ត្រូវតែ​ប្រកាន់​យក ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​ដែរ។

លោក មាជ សុវណ្ណារ៉ា ត្អូញត្អែរ​ថា មាន​ពលរដ្ឋ​ជាច្រើន​បាន​លើកឡើង​ពី​ឧបសគ្គ​មួយ​ចំនួន​ដែល​ជា​បញ្ហា​ធ្វើ​ឱ្យ​ពួកគាត់​មិន​ចង់​ទៅ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ក្នុង​នោះ​គឺ​បណ្តាល​មកពី​មន្ត្រី គ.ជ.ប នៅ​មូលដ្ឋាន​មាន​ការ​រើសអើង​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល និង​ភាព​លម្អៀង​របស់ គ.ជ.ប ទៅ​រក​បក្ស​កាន់​អំណាច​ក្នុង​ការ​រៀបចំ​ដំណើរការ​បោះឆ្នោត​កន្លង​មក ព្រមទាំង​ការ​អវត្តមាន​គណបក្ស​ប្រឆាំង​ដែល​មិន​បាន​ចូលរួម​បោះឆ្នោត​នៅ​អាណត្តិ​មុនៗ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ជំរុញ​ឱ្យ គ.ជ.ប ពិនិត្យ​លើ​កិច្ចការ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ប្រកប​ដោយ​តម្លាភាព ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ពួកគាត់​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ស្រប​តាម​ច្បាប់ ដើម្បី​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទៅ​ថ្ងៃ​មុខ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ស៊ឹង សែនករុណា ក៏​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ តុលា នេះ​ដែរ​ថា ទោះ​ស្ថានភាព​នយោបាយ​ដែល​ខ្លួន​មិន​ពេញចិត្ត​ក៏ដោយ ក៏​ពលរដ្ឋ​ត្រូវតែ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ដែរ ដើម្បី​រង់ចាំ​ឱកាស​ណា​មួយ​ដែល​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ ហើយ​នៅ​ពេល​នោះ ពលរដ្ឋ​គឺ​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​តែម្តង។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​លះបង់​កាតព្វកិច្ច​ចុះឈ្មោះ​បោះឆ្នោត គឺ​អាច​នឹង​ក្លាយ​ជា​គុណវិបត្តិ​នៅ​ពេល​ក្រោយ ព្រោះ​ថា​ប្រសិនបើ​បរិបទ​នយោបាយ​ក្នុង​ពេល​ណា​មួយ​ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះឆ្នោត ចូលរួម​ដើម្បី​ទាញ​សង្គម​ជាតិ​ឱ្យ​មក​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ ប៉ុន្តែ​ពួកគាត់​បែរ​ជា​គ្មាន​ឱកាស​ធ្វើ​កិច្ចការ​នេះ ដោយសារតែ​ភាព​ធ្វេសប្រហែស​របស់​ខ្លួន នោះ​គឺជា​រឿង​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដើម្បី​ធានា​ដល់​ការ​អនុវត្ត​សិទ្ធិ​បោះឆ្នោត​សម្រាប់​ពលរដ្ឋ​ដែល​ចំណាកស្រុក ត្បិត​ពួកគេ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស និង​ម្ចាស់​ឆ្នោត​ដែរ ដូច្នេះ​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ​មិន​គួរ​ត្រូវ​បាន​ទុក​ចោល​ដូច​ពេល​កន្លងមក​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា យោង​តាម​តារាង​ស្ថិតិ​ប៉ាន់ស្មាន ពលរដ្ឋ​ដែល​មាន​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គឺ​មាន​ចំនួន ១០,៩​លាន​នាក់ (១០ ៩៧៨ ២៥៨​នាក់) ខណៈ​ចំនួន​ពលរដ្ឋ​ដែល​ត្រូវ​រំពឹង​ថា​នឹង​ចុះឈ្មោះ​បោះឆ្នោត​បន្ត​ទៀត​មាន​ចំនួន​ជាង ២​សែន​នាក់ (២៨០ ៥៩៣​នាក់) ផង​ដែរ ស្រប​ពេល​ដែល​ចំនួន​ឈ្មោះ​ពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២២ កន្លងទៅ មាន​ចំនួន​ជាង ៩,៧​លាន​នាក់​នោះ (៩ ៧១០ ៦៥៥​នាក់)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស