39 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ការ​ជួញដូរ​គ្រឿងញៀន ជាជាង​គ្រាន់​តែ​លុប​ឈ្មោះ​ទាហាន​ចេញពី​ក្របខ័ណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​លុប​ឈ្មោះ​ទាហាន​ចេញពី​ក្របខ័ណ្ឌ ដោយ​មិន​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នោះ ថា​ជា​ការ​បំបាត់​ភស្តុតាង​ក្នុង​ការ​ស្វែងរក​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ធំ ដែល​ជំរុញ​ឲ្យ​បញ្ហា​នេះ​បន្ត​កើតឡើង​ដដែលៗ។

ក្នុង​សេចក្ដី​ប្រកាស​ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​សម្រេច​លុប​ឈ្មោះ​នាយ​ទាហាន​ចំនួន ៣​នាក់​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

នាយ​ទាហាន​ដែល​ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​គ្រូ​បច្ចេកទេស​ថ្មើរជើង​នៃ​សាលា​នាយ​ទាហាន​សកម្ម ដោយសារ​ពួកគេ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន។

នាយ​ទាហាន​ទាំង ៣​នាក់ ក្នុង​នោះ​មាន​ឈ្មោះ ពោន ធា និង​ឈ្មោះ សាន្ត គឹមសៀង រួម​ទាំង​ឈ្មោះ យ៉ែន ច័ន្ទវិសាល។

ការ​លុប​ឈ្មោះ​នាយ​ទាហាន​ទាំង ៣​នាក់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ទៀ សីហា កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ទាហាន​ណា​ដែល​ជាប់​ពាក់ព័ន្ធ និង​ប្រើប្រាស់​គ្រឿងញៀន ខណៈ​អ្នក​ប្រឡង​ចូល​ក្របខ័ណ្ឌ​កងទ័ព​ក៏​ត្រូវតែ​ធ្វើ​តេស្ដ​គ្រឿងញៀន​យ៉ាងតិច​ចំនួន​បួន​ដង​ផង​ដែរ។

តែ​យ៉ាងណា អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត យល់​ថា ចំណាត់ការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លើ​នាយ​ទាហាន​តូចតាច​នា​ពេលនេះ គ្រាន់តែ​ចង់​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​ដែល​ទើប​ឡើង​កាន់​តំណែង​បន្ត​ពី​ឪពុក​តែប៉ុណ្ណោះ។

លោក​ថា ការ​លុប​ឈ្មោះ​ទាហាន​ចេញពី​ក្របខ័ណ្ឌ​ក្រោយពី​រក​ឃើញ​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នេះ វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ខណៈ​បញ្ហា​គ្រឿងញៀន​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ជំងឺ​មហារីក​ទៅ​ហើយ​នោះ។

លោក​ជំរុញ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ករណី​នេះ ទើប​ទប់ស្កាត់​ការ​រីក​រាលដាល​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​ជួរ​កងទ័ព​មាន​ប្រសិទ្ធភាព ប៉ុន្តែ​បើ​គ្រាន់តែ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ដោយ​មិន​ធ្វើការ​ស៊ើបអង្កេត​ទេ​នោះ លោក​ថា​វា​ជា​ការ​បំបាត់​ភស្តុតាង​ក្នុង​ការ​ស្វែងរក​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ធំ ដែល​អ្នក​មាន​អំណាច និង​មាន​ឥទ្ធិពល​នៅ​ក្នុង​ជួរ​កងទ័ព ទើប​មិន​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នោះ។

រដ្ឋាភិបាល​បាន​បរាជ័យ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ចាប់ពី​តាំង​ឆ្នាំ​២០១៧ រហូត​ដល់​ឆ្នាំ​២០២៣ ខណៈ​បច្ចុប្បន្ន កម្ពុជា​ត្រូវ​បាន​ក្លាយ​ជា​ទីតាំង​ផលិត ជួញដូរ ចែកចាយ និង​ប្រើប្រាស់ ដោយ​ក្នុង​មួយ​ឆ្នាំៗ សមត្ថកិច្ច​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន​កើន​ឡើង​ជា​បន្តបន្ទាប់។

ក្រៅពី​រឹបអូស​គ្រឿងញៀន​ហើយ សមត្ថកិច្ច​ក៏​ចាប់​ខ្លួន​យុវជន​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី ២០ ទៅ ៧០​នាក់​នៅ​ទូទាំង​ប្រទេស ហើយ​បច្ចុប្បន្ន​នេះ គ្រឿងញៀន​កំពុង​ក្លាយ​ជា​ជំងឺ​មហារីក​នៅ​ក្នុង​សង្គម​កម្ពុជា ដោយ​ជ្រាប​ចូល​ទាំង​ក្នុង​ជួរ​កងទ័ព និង​មន្ត្រី​រាជការ វិស័យ​ឯកជន ជាដើម។

អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក មាស វិរិទ្ធ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​លើកឡើង​ថា ក្នុង​រយៈពេល ៨​ខែ​ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង ៥​ពាន់​ករណី (៥០៦០​ករណី) ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ជាង ១​ម៉ឺន ២​ពាន់​នាក់ (១២៣៥៦​នាក់) ក្នុង​នោះ សមត្ថកិច្ច​ដកហូត​សារធាតុ​ញៀន​ជាង ២៦០០​គីឡូក្រាម និង​កញ្ឆា​ស្ងួត​ជិត ៥០​គីឡូក្រាម ហើយ​សារធាតុ​គីមី​ជាង ៨០០​គីឡូក្រាម។

លោក មាស វិរិទ្ធ បញ្ជាក់​ថា តួលេខ​ជនល្មើស​ប្រព្រឹត្ត​គ្រឿងញៀន​ជាង ១​ម៉ឺន​នាក់​នេះ​ជា​ចំនួន​ដែល​អាជ្ញាធរ​គ្រប់គ្រង និង​បង្ក្រាប​បាន ខណៈ​បទល្មើស​ជាក់ស្ដែង​ប្រមាណ ៣​ម៉ឺន​ករណី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​មិន​អាច​គ្រប់គ្រង​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស