40 C
Phnom Penh

រដ្ឋមន្ត្រី​ព័ត៌មាន​ទុក​ពេល​១​ខែ​ឱ្យ​អ្នក​សារព័ត៌មាន​ដែល​ធ្លាប់​យក​លុយ​ពី​កាស៊ីណូ​ថបដាយអឹម៉ិន​ចូល​ខ្លួន​សារភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា ទុក​ពេល​មួយ​ខែ​ឱ្យ​អ្នក​សារព័ត៌មាន​ដែល​បាន​យក​លុយ​កាក់​​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ចូល​ខ្លួន​ទៅ​សារភាព​នៅ​ក្រសួង​ព័ត៌មាន និង​ទុក​ពេល​ឲ្យ​ប្រធាន​អង្គភាព​សារព័ត៌មាន និង​ភាគី​ខាង​កាស៊ីណូ​រយៈពេល ២​សប្តាហ៍ សម្រាប់​ចូល​ខ្លួន​មក​បំភ្លឺ​លើ​ករណី​នេះ បើ​មិន​ដូច្នោះ​ទេ ក្រសួង​ព័ត៌មាន​នឹង​លុប​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​អង្គភាព​ទាំងនោះ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​កាស៊ីណូ​នោះ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ដ្រា បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ទៅ​កាន់​ម្ចាស់​កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) និង​អង្គភាព​សារព័ត៌មាន​ដែល​ធ្លាប់​បាន​ទទួល​លុយ​កាក់​ពី​កាស៊ីណូ​ខាងលើ​ថា ម្ចាស់​អង្គភាព​សារព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ ត្រូវតែ​បញ្ជូន​ឈ្មោះ​បុគ្គលិក​ព័ត៌មាន​របស់​ខ្លួន​ដែល​ធ្លាប់​ទទួល​លុយ​កាក់​ពី​កាស៊ីណូ ថបដាយអឹម៉ិន មក​ឱ្យ​ក្រសួង​ព័ត៌មាន​ទាំងអស់ ចំណែក​ភាគី​កាស៊ីណូ ក៏​ត្រូវតែ​ធ្វើ​បញ្ជី​ឈ្មោះ​អង្គភាព និង​អ្នក​សារព័ត៌មាន​ទាំងនោះ​មក​ឱ្យ​ក្រសួង​ដូច​គ្នា​ដែរ។

លោក នេត្រ ភក្ដ្រា ព្រមាន​ថា ក្នុង​ករណី​ភាគី​កាស៊ីណូ​មិន​សហការ​អនុវត្ត​តាម​ការ​ស្នើសុំ​ខាងលើ ក្រសួង​ព័ត៌មាន​រក្សា​សិទ្ធិ​ក្នុង​ការ​ចាត់​វិធានការ​នានា​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ក្រមសីលធម៌​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា។ ជាង​នេះ​ទៀត ក្នុង​ករណី​ដែល​មាន​ការ​សូកប៉ាន់​ដើម្បី​បិទ​បាំង​ករណី​ណា​មួយ ដែល​មិន​ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភាគី​ដែល​ពាក់ព័ន្ធ​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​បញ្ជាក់​ថា ដោយឡែក​ម្ចាស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​ដែល​រឹងរូស​មិន​អនុវត្ត​តាម​ការ​ព្រមាន​នេះ ក្រសួង​ព័ត៌មាន​នឹង​លុប​អាជ្ញាប័ណ្ណ​ចោល​ទាំងអស់ ព្រមទាំង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ថែម​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ទម្លាយ​ជា​សាធារណៈ​កាលពី​ពេល​កន្លង​ទៅ​ជុំវិញ​ការ​សុំ​លុយ​កាក់​ពី​អង្គភាព​សារព័ត៌មាន​លើ​កាស៊ីណូ​របស់​ខ្លួន។

កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ អ្នក​គ្រប់គ្រង​បនល្បែង​កាស៊ីណូ ថបដាយអឹម៉ិន ក្នុង​ខេត្ត​តាកែវ (Top Diamond Casino) ទម្លាយ​ជា​សាធារណៈ​ថា មាន​អ្នក​សារព័ត៌មាន​ជិត ១​ពាន់​អង្គភាព (៧០០ ទៅ ៩០០​អង្គភាព) បាន​ទៅ​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​បនល្បែង​របស់​ខ្លួន​ជា​ប្រចាំ​ខែ ប៉ុន្តែ​នៅ​ពេលនេះ បនល្បែង​អស់​លទ្ធភាព​នឹង​ឧបត្ថម្ភ​បន្ត​ទៀត​ហើយ។

អ្នក​គ្រប់គ្រង​បនល្បែង​កាស៊ីណូ​ខាងលើ​បញ្ជាក់​ថា កន្លងមក ក្រុមហ៊ុន​ល្បែង​ស៊ីសង​របស់​ខ្លួន​ធ្លាប់​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជា​លក្ខណៈ​មនោសញ្ចេតនា​សម្រាប់​បាយ ទឹក និង​ថ្លៃ​សាំង ជាដើម ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ទីតាំង​បនល្បែង​របស់​ខ្លួន​ទៅ​តាម​លទ្ធភាព​របស់​ក្រុមហ៊ុន ប៉ុន្តែ​នៅ​ពេលនេះ ក្រុមហ៊ុន​លែង​មាន​លទ្ធភាព​ទៀត​ហើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ចោទ​សួរ​ថា តើ​ក្រុមហ៊ុន​កាស៊ីណូ​នេះ​មាន​អាថ៌កំបាំង​អ្វី​នៅ​ពីក្រោយ​ដែរ​ទេ ទើប​បាន​ជា​ក្រុមហ៊ុន​ចេះ​តែ​ផ្តល់​លុយ​កាក់​ដល់​អ្នក​សារព័ត៌មាន​ទាំងនោះ ហើយ​ការ​ផ្តល់​លុយ​កាក់​នេះ​ជា​ការ​ផ្តល់​ឱ្យ​តាម​បែប​មនោសញ្ចេតនា ឬ​ដើម្បី​បិទ​បាំង​រឿង​ទុច្ចរិត​របស់​ខ្លួន។

លោក ស្រ៊ុន ស្រ៊ន លើកឡើង​ថា ក្រុមហ៊ុន​ល្បែង​ស៊ីសង​កាស៊ីណូ ថបដាយអឹម៉ិន (Top Diamond Casino) គួរតែ​ដាក់​ពាក្យ​បណ្តឹង​លើ​បុគ្គលិក​សារព័ត៌មាន​ដែល​បាន​ទទួល​លុយ​កាក់​ពី​ខ្លួន​ទៅ​តុលាការ ដើម្បី​រក​ខុសត្រូវ​ក្នុង​រឿង​នេះ ប្រសិនបើ​ខ្លួន​ពិត​ជា​ជនរងគ្រោះ​លើ​ករណី​នេះ។

ចំណែក​អតីត​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​រដ្ឋាភិបាល​ចង់​លុប​បំបាត់​អង្គភាព​សារព័ត៌មាន​ដែល​ធ្វើ​ការ​មិន​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ គឺ​មាន​តែ​លើក​ទឹកចិត្ត និង​គាំទ្រ​ឱ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អាច​ដំណើរការ​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ទូលំទូលាយ​ប៉ុណ្ណោះ បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​ក៏​មិន​អាច​បំបាត់​អង្គភាព​បែប​នេះ​បាន​ដែរ។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា សព្វថ្ងៃ​នេះ អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​ជាង ២​ពាន់​អង្គភាព (២១៥៤​អង្គភាព) ដែល​កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​តាម​បែប​បុរាណ និង​បែប​ទំនើប​ទៅ​តាម​លទ្ធភាព​របស់​ពួកគេ​រៀងៗ​ខ្លួន។

យ៉ាងណា​ក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​កន្លងមក ដូចជា អំពើពុករលួយ ល្បែង​ស៊ីសង​ខុស​ច្បាប់ និង​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ជាដើម ត្រូវ​រដ្ឋាភិបាល​កម្ពុជា​លុប​អាជ្ញាប័ណ្ណ​លែង​ឱ្យ​ធ្វើ​សកម្មភាព​គ្មាន​សល់ ដូច្នេះ​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា អង្គភាព​សារព័ត៌មាន​ដែល​អាច​ធ្វើ​សកម្មភាព​ដោយ​រលូន គឺ​មាន​តែ​អង្គភាព​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ធ្លាប់​បាន​លាតត្រដាង​កាលពី​ពេល​កន្លង​ទៅ​ថា កូនស្រី​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​នៅ​ពេលនេះ ត្រូវ​គេ​រក​ឃើញ​ថា គឺជា​ប្រធាន​ក្រុមហ៊ុន​មួយ​ដែល​កាន់កាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​របស់​កម្ពុជា ដូចជា កាសែត ទស្សនាវដី្ត ស្ថានីយ​វិទ្យុ បណ្ដាញ​ទូរទស្សន៍ និង​គេហទំព័រ​អ៊ីនធឺណិត ជាដើម ដែល​ប្រើ​ជា​ស្ថាប័ន​ឃោសនា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រហូត​មក ខណៈ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​លោក ហ៊ុន សែន តែង​ផ្តល់​ថវិកា​រហូត​មក​នោះ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ស្ថាប័ន​បម្រើ​សេណារីយ៉ូ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស