29 C
Phnom Penh

ព្រះមហាក្សត្រ៖ ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ ប្រជារាស្ត្រ​នឹង​មាន​ជីវភាព​ធូរធារ​សម្បូរ​រុងរឿង​ជានិច្ច​និរន្តរ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ នរោត្ដម សីហមុនី សម្ដែង​នូវ​ព្រះទ័យ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ គ្រប់​ស្ថាប័ន​ជាតិ​នានា​របស់​កម្ពុជា​នឹង​បន្ត​បំពេញ​ភារកិច្ច​តាម​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​ឱ្យ​ក្លាយ​ជា​ប្រទេស​រីកចម្រើន​រឹងមាំ ប្រជារាស្ត្រ​ខ្មែរ​មាន​ជីវភាព​ធូរធារ​សម្បូរ​រុងរឿង រស់​ក្នុង​សុខ​សន្តិភាព ស្ថិរភាព​ជានិច្ច​និរន្តរ៍។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ សីហមុនី មាន​ព្រះរាជ​បន្ទូល​ក្នុង​ព្រះរាជ​ពិធី​អបអរ​សាទរ​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ក្រោម​ព្រះរាជ​តម្រិះ​ចុងក្រោយ​របស់​ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ហើយ​ក៏​បាន​ឆ្លង​ការ​អនុម័ត​របស់​សភា​ធម្មនុញ្ញ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣ រហូត​កើត​ចេញ​ជា​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ពេញលេញ​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ដែរ ដែល​ត្រូវ​ចាត់ទុក​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​រហូត​មក។

ព្រះមហាក្សត្រ​ខ្មែរ​សម្ដែង​នូវ​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​វិញ្ញាណក្ខន្ធ​របស់​ស្ថាបនិក​ដែល​បាន​រៀបចំ​បង្កើត​រដ្ឋធម្មនុញ្ញ​កម្ពុជា​ទាំងឡាយ​ដែល​បាន​លាចាក​លោក និង​សូម​ឱ្យ​ពួកគេ​ទៅ​កាន់​សុគតិភព ព្រមទាំង​សម្ដែង​នូវ​ការ​កោត​សរសើរ និង​ដឹងគុណ​ចំពោះ​បញ្ញវន្ត​ផ្នែក​ច្បាប់​ជាតិ និង​អន្តរជាតិ​គ្រប់​រូប ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ការ​លះបង់​ខ្ពស់ ជួយ​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​នៃ​រដ្ឋធម្មនុញ្ញ​ជាតិ​នេះ​អស់​រយៈពេល ៣០​ឆ្នាំ​កន្លង​មក។

សម្តេច​ព្រះ​បរមនាថ សីហមុនី សម្ដែង​នូវ​ព្រះទ័យ​កោត​សរសើរ​ដល់​ប្រធាន និង​សមាជិក​សមាជិកា​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​គ្រប់​អាណត្តិ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​សតិសម្បជញ្ញៈ ដើម្បី​គុណ​ប្រយោជន៍​នៃ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី អធិបតេយ្យភាព សន្តិភាព សេចក្តី​សុខ ជីវភាព​សម្បូរ​សប្បាយ​ថ្កុំថ្កើង​រុងរឿង​របស់​ប្រជាជាតិ​ខ្មែរ និង​ស្ថិរភាព​សង្គម ក្រោម​បាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» រហូត​មក។

ព្រះរាជ​បន្ទូល​ព្រះមហាក្សត្រ​ខ្មែរ​ធ្វើឡើង​ក្នុង​ព្រះ​រាជពិធី​អបអរ​សាទរ​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ។

មេដឹកនាំ​ដែល​រំលោភ​ច្បាប់ រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ តុលា នេះ​ដែរ​ថា គិត​មក​ដល់​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ រដ្ឋធម្មនុញ្ញ​កម្ពុជា​មាន​អាយុ ៣០​ឆ្នាំ​គត់ ដែល​ជា​រដ្ឋធម្មនុញ្ញ​មាន​អាយុ​វែង​ជាងគេ​ក្នុង​ចំណោម​រដ្ឋធម្មនុញ្ញ​ទាំង ៦ ដែល​កម្ពុជា​ធ្លាប់​បាន​អនុវត្ត​កន្លង​មក។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ជាន់ឈ្លី​ច្បាប់​នៅ​កម្ពុជា​លោក ហ៊ុន សែន បញ្ជាក់​ថា ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ក្នុង​អំឡុង​ពេល ៣០​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង ប្រកប​ដោយ​ភាព​ជោគជ័យ​ត្រចះត្រចង់ ដែល​ញាំង​ឱ្យ​ប្រជារាស្ត្រ​រស់នៅ​ក្នុង​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ពិធី​អបអរ​សាទរ​ទិវា​រំលឹក​ខួប ៣០​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ វិញ តាម​ការ​ស្នើសុំ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា។

រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ និង​ឡាយ​ព្រះហស្តលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ព្រះបាទ នរោត្តម សីហនុ ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ចំនួន ១០​លើក​រួច​មក​ហើយ ក្នុង​នោះ លើក​ទី​១ កែប្រែ​នៅ​ឆ្នាំ​១៩៩៤ លើក​ទី​២ នៅ​ឆ្នាំ​១៩៩៩។

រីឯ​លើក​ទី​៥ នៅ​ឆ្នាំ​២០០៦ ដើម្បី​កែសម្រួល​នីតិវិធី​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​បង្កើត​រាជរដ្ឋាភិបាល ពី ២​ភាគ​៣ មក​ជា ៥០​ភាគរយ​បូក​១ រហូត​លើក​ទី​១០ នៅ​ឆ្នាំ​២០២២ ដែល​គេ​មើល​ឃើញ​ថា ការ​កែប្រែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​លើក​ចុងក្រោយ​នេះ គឺ​បង្ហាញ​ពី​ខ្លឹមសារ​ដោយ​ត្រង់​ក្នុង​ការ​ប្រគល់​អំណាច​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី ដោយ​ទាត់​ចោល​នូវ​ការ​សម្រេច​ចិត្ត​របស់​ប្រធាន​សភា​ទាំងស្រុង​ដែល​កម្ពុជា​តែង​អនុវត្ត​កន្លង​មក។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ តុលា នេះ​ថា ពិត​មែន​តែ​ខ្លឹមសារ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់​ពី​គោលការណ៍​អំណាច​របស់​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា ដើម្បី​ឱ្យ​ការ​អនុវត្ត​ច្បាប់​នានា​ប្រកប​ដោយ​យុត្តិធម៌​ដែល​នឹង​នាំ​មក​នូវ​សុភមង្គល​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង លោក ហ៊ុន សែន បាន​រំលោភ​ទៅ​លើ​អំណាច​នីតិប្រតិបត្តិ អំណាច​នីតិប្បញ្ញត្តិ និង​អំណាច​តុលាការ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​ការ​អនុវត្ត​នានា​ដែល​មាន​ចែង​ក្នុង​ច្បាប់​កំពូល​នេះ ត្រូវ​ខកខាន​ស្ទើរតែ​ទាំងស្រុង។

លោក ម៉ែន ណាត ត្អូញត្អែរ​ថា ក្រោយ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ជាច្រើន​លើក​ច្រើនសា​ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក បាន​ធ្វើ​ឱ្យ​បាត់បង់​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ ហើយ​ការ​បាត់បង់​នូវ​សិទ្ធិ​អំណាច​នេះ គឺ​ដោយសារតែ​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​កែប្រែ​ជា​បន្តបន្ទាប់​មក​នោះ គឺ​បាន​ចែង​ពី​ការ​ប្រគល់​អំណាច​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​តំណ​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ​ពេញ​ទំហឹង។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ជាក់ស្តែង ការ​កែប្រែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ កាលពី​ឆ្នាំ​២០២២ កន្លងទៅ​នេះ គឺជា​ផែនការ​របស់​លោក ហ៊ុន សែន ដែល​បំបិទ​សិទ្ធិ​រដ្ឋសភា​ក្នុង​ការ​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ទាំងស្រុង។ ជាក់ស្តែង លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ មិន​មែន​ជ្រើសតាំង​ចេញពី​រដ្ឋសភា​រួច​ហើយ​ថ្វាយ​ព្រះមហាក្សត្រ​សម្រេច​ទេ គឺ​មាត្រា​១១៩​ចាស់ ដែល​កែប្រែ​ថ្មី បាន​តម្រូវ​ឱ្យ​ព្រះមហាក្សត្រ​ចាត់តាំង​នាយករដ្ឋមន្ត្រី​មុន​ការ​ជ្រើសរើស​របស់​រដ្ឋសភា​តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​រំលោភ​បំពាន​ក្រោម​រូបភាព​វិសោធនកម្ម​ដើម្បី​កែប្រែ​ខ្លឹមសារ​ដើម​ម្តង​ហើយ​ម្តង​ទៀត ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ដែល​ជា​សញ្ញា​ដ៏​អាក្រក់​បំផុត​មួយ​បង្ហាញ​ថា បក្ស​កាន់​អំណាច​កំពុង​មាន​ឥទ្ធិពល​ក្នុង​ការ​គ្រប់គ្រង​លើ​ស្ថាប័ន​ជាតិ​ទាំង ៣ របស់​កម្ពុជា ដូចជា ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​តុលាការ និង​ស្ថាប័ន​រដ្ឋាភិបាល តាម​អំពើ​ចិត្ត​ដែល​ដូច​គ្នា​ទៅ​នឹង​ក្រុម​ប្រទេស​ផ្ដាច់ការ​ដែល​តែង​អនុវត្ត​បែប​នេះ​ក្នុង​ការ​ដឹកនាំ​របស់​ពួកគេ​តាំងពី​អតីតកាល​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស