34.7 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ប្រកាស​ជុំ​គ្នា​ប្រារព្ធ​ខួប​លើក​ទី​៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើ​ទឹកដី​អាមេរិក​នៅ​ចុង​សប្តាហ៍​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​លើ​សកលលោក ប្រកាស​ជួបជុំ​គ្នា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ (Paris Peace Accords) នៅ​ឯ​សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ (Cambodian Association Illinois) ដែល​ហៅ​កាត់​ថា CAI លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នៅ​ចុង​សប្តាហ៍​នេះ។

សមាគម​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន ដូចជា ក្រុមប្រឹក្សា ២៣​តុលា (23 October Council) សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ (Cambodian Association Illinois) សហព័ន្ធ​ខ្មែរ​អូស្ត្រាលី (Cambodian Australian Federation) សមាគម​សង្គ្រោះ​កម្ពុជា (Save Cambodia) និង​សមាគម​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជិត ២០​ស្ថាប័ន​ផ្សេង​ទៀត បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ពួកគេ​នឹង​ប្រារព្ធ​ខួប​លើក​ទី​៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ នៅ​ក្នុង​ទីតាំង​សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ ស្ថិត​នៅ​វិថី 2831 W Lawrence Ave ទីក្រុង​ឈីកាកូ (Chicago) រដ្ឋ​អ៊ីល្លីណយ (IL 60625) នៅ​ចុង​សប្តាហ៍​នេះ។

ក្រុម​សមាគម​ខ្មែរ​នៅ​ក្រៅ​ស្រុក​ខាងលើ​បញ្ជាក់​ថា កម្មវិធី​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ១៩៩១ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ ទី​២០ វេលា​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច និង​ថ្ងៃ​សៅរ៍ ទី​២១ ចាប់ផ្តើម​ពី​វេលា​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១០​យប់។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ (Cambodian Association Illinois) ដែល​ហៅ​កាត់​ថា CAI ក៏​នឹង​ប្រារព្ធ​ខួប​លើក ៤៨​ឆ្នាំ​របស់​ខ្លួន​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២១ ខែ​តុលា នេះ​ផង​ដែរ ដោយ​ចាប់ផ្តើម​កម្មវិធី​ពី​ម៉ោង ៧​យប់​រហូត​ដល់​ពាក់កណ្តាល​អាធ្រាត្រ ដោយ​មាន​ការ​សម្ដែង​របាំ​ប្រពៃណី​ខ្មែរ​ផង​ដែរ។ ដោយឡែក​នៅ​ថ្ងៃ​អាទិត្យ ទី​២២ ក៏​មាន​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ឈីកាកូ (Tour of Chicago) ថែម​ទៀត។

ការ​ប្រកាស​ប្រារព្ធ​រំលឹក​ខួប​លើក​ទី​៣២​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​ឱ្យ​ខ្ជាប់ខ្ជួន​ឡើង​វិញ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​រៀបចំ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​របស់​កម្ពុជា​ទាំងមូល។

កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​ខ្មែរ​ដែល​ត្រូវ​កងទ័ព​វៀតណាម​លើក​បន្តុប​រូប​នេះ​បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យ៉ាង​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជាង ៣​ទសវត្សរ៍​មក​នេះ។

ជាង​នេះ​ទៀត ជា​រឿយៗ គេ​តែង​ឃើញ និង​ឮ​គ្រប់ៗ​គ្នា​នៅ​តាម​វេទិកា​សាធារណៈ លោក ហ៊ុន សែន តែង​អះអាង​ជាច្រើន​លើក​ច្រើនសា​ដដែលៗ​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ បាន​ស្លាប់​ជា​ខ្មោច​បាត់​ហើយ ព្រោះ​ថា​ធាតុ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​អស់​ហើយ។ ម្យ៉ាង​វិញ​ទៀត ភាគី​ខ្មែរក្រហម​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ ក៏​បាន​រលំ​រលាយ និង​សហភាព​សូវៀត​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​ដែរ​នោះ ក៏​បាន​រលំ​រលាយ​ផង​ដែរ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ការ​លើកស្ទួយ​ឱ្យ​មាន​ការ​គោរព និង​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​ស្មារតី​លើកស្ទួយ​ការ​អនុវត្ត​ច្បាប់ លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​របស់​កម្ពុជា។

លោក​បន្ថែម​ថា ជន​ដែល​ប្រព្រឹត្ត​ទង្វើ​រំលោភ​បំពាន​កិច្ចព្រមព្រៀង​មួយ​នេះ គឺជា​ជន​ដែល​បំផ្លាញ​សន្តិភាព និង​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​យ៉ាង​ពិតប្រាកដ ហើយ​ទង្វើ​បែប​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា អ្នក​ទាំងនោះ​គឺជា​ជន​ដែល​បំផ្លាញ​នីតិរដ្ឋ និង​បំបែកបំបាក់​ផ្ទៃក្នុង​នយោបាយ​ជាតិ​របស់​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា បើ​ត្រឹមតែ​លក្ខខណ្ឌ​ថា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មួយ​ចំនួន​បែកបាក់ ឬ​លែង​មាន​វត្តមាន​លើ​ផែនដី​នេះ ហើយ​ចាត់ទុក​ថា​កិច្ចព្រមព្រៀង​នេះ​ស្លាប់​បាត់​ដែរ​នោះ គឺជា​រឿង​ខុស​ស្រឡះ ព្រោះ​ថា​ច្បាប់​ដែល​បង្កើត​ឡើង​ហើយ ទោះ​អ្នក​បង្កើត​ច្បាប់​នោះ​បាន​ស្លាប់​បាត់ ក៏​ច្បាប់​នោះ​នៅតែ​ធរមាន​ដដែល តួយ៉ាង​ដូចជា​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ជាដើម ទោះ​ស្ថាបនិក​ខ្លះ​បាន​អវត្តមាន​ពី​លើ​លោក​នេះ ប៉ុន្តែ​ច្បាប់​នេះ​នៅតែ​ធរមាន​ដដែល។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២២ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក អិត ម៉ាកឃី (Ed Markey) និង​ជា​ប្រធាន​អនុ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​លើកឡើង​ថា គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក បាន​យល់ព្រម​ជា​ឯកច្ឆន្ទ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីអំពី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ហើយ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

លោក អិត ម៉ាកឃី (Ed Markey) អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ពួត​ដៃ​គ្នា​បន្ត​ទៀត​ដើម្បី​អនាគត​កម្ពុជា ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​គោរព និង​រក្សា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឱ្យ​បាន​ត្រឹមត្រូវ​ដូច​បំណង​នៃ​កិច្ចព្រមព្រៀង​នេះ​ចង់​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស