39 C
Phnom Penh

អ្នកជំនាញ​សិទ្ធិមនុស្ស UN៖ ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ​និង​ច្បាប់​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស UN ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ដោយ​ថា​ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​អន្តរជាតិ។

ការ​លើកឡើង​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក Vitit Muntarbhorn បន្ទាប់ពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួត និង​រឹតត្បិត​សេរីភាព​ពលរដ្ឋ មុន​ពេល និង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែ​កក្កដា កន្លងទៅ ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត បន្ត​វេន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយសារតែ​ការ​ឡើង​កាន់​អំណាច​ត​ពូជ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​អន្តរជាតិ។

ចំពោះ​ឧបសគ្គ​ដែល​បាន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ កន្លង​ទៅ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​ថា​ការ​ដក​សិទ្ធិ​បេក្ខជន ការ​យាយី​សមាជិក​បក្ស​ប្រឆាំង និង​ឯករាជភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជាដើម។

ហេតុ​នេះ លោក Vitit Muntarbhorn ថា​កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ​ចំពោះ​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​ការ​ជ្រើសរើស​បុគ្គល​បោះឆ្នោត​ដោយ​មិន​លម្អៀង និង​ត្រូវ​មាន​អ្នក​សង្កេតការណ៍​ឯករាជ្យ​ផង​ដែរ ដើម្បី​ធានា​នូវ​តម្លាភាព និង​យុត្តិធម៌។

ចំណែក​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​អាដហុក​វិញ ក៏​បាន​ដាក់​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែរ កាលពី​ពេល​ថ្មីៗ​នេះ។

របាយការណ៍​របស់​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​អាដហុក ដែល​ដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដោយ​ផ្ដោត​ទៅ​លើ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ដីធ្លី ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ លំហ​សេរីភាព​នយោបាយ លំហ​សេរីភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ជាដើម។

ការ​ដាក់​របាយការណ៍​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​នេះ ដើម្បី​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​យន្តការ​សកល​លើក​ទី​បួន (UPR) ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មេសា និង​ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​អាដហុក បញ្ជាក់​ក្នុង​របាយការណ៍​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​ទៅ​តាម​អនុសាសន៍​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ តាមរយៈ​យន្តការ​កំណត់​ជា​សកល (UPR) លើក​ទី​៣ នោះ​ទេ។ ករណី​នេះ ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស