35 C
Phnom Penh

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ថា​ប្រទេស​ភ្ជាប់​ចំណង​ការទូត​ជាមួយ​កម្ពុជា​ដោយសារ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លើកឡើង​ថា បណ្តា​ប្រទេស​ជា​មិត្ត​ដែល​ភ្ជាប់​ចំណង​ការទូត​ជាមួយ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩១ មក គឺ​ដោយសារតែ​ប្រទេស​ទាំងនោះ​ពឹង​ផ្អែក​ទៅ​លើ​គោលការណ៍​នានា​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​មែន​ដោយសារតែ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន នោះ​ទេ។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ក្នុង​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៣ តុលា ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន ដែល​គាត់​បាន​លើក​ឡើង​ពី​ការ​រំលត់​សង្គ្រាម​នៅ​កម្ពុជា គ្រាន់តែ​ជា​ការ​ឃោសនា​របស់​គាត់​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ ខណៈ​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដូចជា​ប្រទេស​អូស្ត្រាលី ជាដើម គេ​មិន​បាន​ភ្ជាប់​ចំណង​ការទូត​ជាមួយ​កម្ពុជា​ដោយសារ​តែ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​គាត់​នោះ​ឡើយ ត្បិត​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​គាត់​បាន​លើកឡើង មិន​មែន​ជា​កិច្ចសន្យា​អន្តរជាតិ​ក្នុង​ការ​ធានា​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។

ប្រភព​ដដែល​លើកឡើង​ថា បណ្តា​ប្រទេស​ដែល​ចង់​បង្កើត​ចំណង​មិត្តភាព​ការទូត​ជាមួយ​កម្ពុជា គឺ​គេ​ពិនិត្យ​ខ្លាំង​ណាស់​ទៅ​លើ​គោលការណ៍​របស់​កម្ពុជា​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​វា​ជា​កិច្ចសន្យា​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស ១៨ ផ្សេង​ទៀត​ដែល​កម្ពុជា​នឹង​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​ប្រកាន់​ខ្ជាប់​នូវ​របប​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាដើម។

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​កិច្ចសន្យា​អន្តរជាតិ​ដែល​គេ​ទទួលស្គាល់​ក្នុង​ចំណោម​ប្រទេស​ទាំង ១៨ លើ​ពិភពលោក​បែប​នេះ​ហើយ ទើប​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក មាន​សិទ្ធិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​នូវ​កិច្ចសន្យា​អន្តរជាតិ​មួយ​នេះ ត្បិត​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ ក៏​បាន​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​នៃ​ការ​បង់​ពន្ធ​របស់​ពួកគេ​ដែរ ដូច្នេះ​ពួកគេ​ត្រូវតែ​មាន​សិទ្ធិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នេះ​ដាច់ខាត។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ច្រានចោល​នូវ​ខ្លឹមសារ និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ថា​កិច្ចព្រមព្រៀង​នេះ​បាន​ស្លាប់​បាត់​តាំងពី ៣០​មុន​មក​ម្ល៉េះ។

អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៣ តុលា នេះ​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិត​មែន ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិន​បាន​ជួយ​រំលត់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ ប៉ុល ពត នោះ​ទេ។

លោក ហ៊ុន សែន លើកឡើង​ថា សង្គ្រាម​រ៉ាំរ៉ៃ​របស់​កម្ពុជា​ដែល​បាន​ឆេះ​ឡើង​រាប់​រយ​ឆ្នាំ មិន​មែន​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​ស្គាល់​នូវ​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ​រហូត​ដល់​សព្វថ្ងៃ​នេះ។

ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​តែង​អះអាង​ដដែលៗ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ បាន​ស្លាប់​ជា​ខ្មោច​បាត់​ទៅ​ហើយ​ចាប់តាំងពី​កងកម្លាំង​របស់​អង្គការ​សហប្រជាជាតិ​បាន​ដក​ចេញពី​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ។ ជាង​នេះ​ទៀត ខ្លឹមសារ​ស្នូល​របស់​កិច្ចព្រមព្រៀង​នេះ​ក៏​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​អស់​ហើយ​ដែរ។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ប្រទេស​អូស្ត្រាលី ក៏​ជា​សហ​ហត្ថលេខី​មួយ​ក្នុង​ចំណោម​សហ​ហត្ថលេខី​ចំនួន ១៩ នៃ​កិច្ចព្រមព្រៀង​នេះ​ដែរ ដែល​បាន​ជួយ​បញ្ចប់​ជម្លោះ និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កម្ពុជា​ឆ្ពោះ​ទៅ​រក​ស្ថិរភាព និង​ការ​អភិវឌ្ឍ។

ស្ថានទូត​អូស្ត្រាលី បញ្ជាក់​ថា ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​នេះ ប្រទេស​អូស្ត្រាលី សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក៏ដូចជា​សម្រាប់​សង្គម​មួយ​ដែល​ពលរដ្ឋ​អាច​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ដោយ​សេរី និង​សន្តិភាព និង​ជា​សង្គម​មួយ​ដែល​ច្បាប់ និង​ស្ថាប័ន​នានា​ត្រូវ​បាន​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​កម្ពុជា ដែល​នៅ​តែ​មាន​សុពលភាព ហើយ​ប្រទេស​ហត្ថលេខី​មិន​អាច​បដិសេធ​នឹង​កាតព្វកិច្ច​នានា​របស់​ខ្លួន​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស