35 C
Phnom Penh

មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ថា​ការ​ជួញដូរ​ផ្លូវភេទ​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​កើត​ឡើង​ពី​អំពើពុករលួយ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រសិនបើ​សមត្ថកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នៅ​តែ​អនុវត្ត​ច្បាប់​ដោយ​ធូររលុង​ក្រោម​អំពើពុករលួយ ដែល​បង្ក​ឱ្យ​មាន​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ ដូចជា ការ​ជួញដូរ​ផ្លូវភេទ និង​ការ​ចរាចរ​ល្បែង​អនឡាញ​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​ចិន ដូច​សព្វថ្ងៃ​នេះ គឺជា​ទង្វើ​បំផ្លាញ​ទាំង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ផង និង​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​មួយ​រូប បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២៦ តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ដែល​បាន​ខូចខាត ដោយសារ​ការ​លេច​ឡើង​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នានា ដូចជា​ការ​ជួញដូរ​ផ្លូវភេទ ការ​ចាប់​ជំរិត និង​ការ​ចរាចរ​ល្បែង​តាម​អនឡាញ ជាដើម​សព្វថ្ងៃ​នេះ។

ជាង​នេះ​ទៀត ក៏​ត្រូវតែ​ទទួល​ខុសត្រូវ​លើ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផ្នែក​ខាង​វិស័យ​ទេសចរណ៍​ផង​ដែរ ដែល​ភ្ញៀវ​ទេសចរ​នៅ​លើ​ពិភពលោក​មាន​ការ​ខ្លាចរអា​រហូត​មិន​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ដែល​រដ្ឋាភិបាល​ប្រកាស​ថា​មាន​ចំនួន​ជាង ៣​លាន​នាក់​កាលពី​ពេល​ថ្មីៗ​នេះ មិនមែន​សុទ្ធតែ​ជា​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ភាគច្រើន​លើសលប់ គឺជា​ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​ទៅ​លេង​ល្បែង​ក្នុង​កាស៊ីណូ​របស់​ចិន ដែល​កំពុង​បើក​ដំណើរការ​នៅ​ក្នុង​ស្រុក​ខ្មែរ​នា​ពេលនេះ​ប៉ុណ្ណោះ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​រិះគន់​ថា ក្នុង​នាម​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា និង​បាន​បញ្ចប់​ការ​សិក្សា​ខាង​បណ្ឌិត​សេដ្ឋកិច្ច​នៅ​ប្រទេស​អង់គ្លេស នា​ពេល​កន្លងមក​នោះ មិន​ទាន់​ឃើញ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រឈម​នៅ​ពេលនេះ​បាន​នៅឡើយ​ទេ ប៉ុន្តែ​ក្រោយ​ការ​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី បែរ​ជា​គាត់​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​តម្រង់​ជួរ​គ្នា​ទៅ​ខ្ចី​លុយ​ពី​ចិន​ទៅវិញ ខណៈ​អំពើ​ឧក្រិដ្ឋ​នៅ​កម្ពុជា​ក៏​ចេះ​តែ​លេច​ឡើង​ជា​បន្តបន្ទាប់​ពី​ក្រុម​ឧក្រិដ្ឋជន​ចិន ផង​ដែរ។

មន្ត្រី​រដ្ឋាភិបាល​ដដែល​បញ្ជាក់​ថា ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បែប​នេះ​ហើយ បាន​ជា​ភ្ញៀវ​ទេសចរ​ល្អៗ រួម​ទាំង​ភ្ញៀវ​ទេសចរ​ចិន ផង នាំគ្នា​សម្រុក​ទៅ​លេង​ប្រទេស​ថៃ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ស្រប​ពេល​ដែល​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​មាន​ភាព​ស្ងាត់​ជ្រងំ ដោយសារតែ​ភ្ញៀវ​ទេសចរ​ទាំងនោះ​មាន​ការ​ភ័យខ្លាច​ពី​អំពើ​ឧក្រិដ្ឋ​នានា​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​ចំណូល​របស់​កម្ពុជា​ខាង​វិស័យ​មួយ​នេះ​ធ្លាក់ចុះ​យ៉ាង​គំហុក។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ជនជាតិ​ចិន និង​ខ្មែរ ប្រមាណ ៣០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​បន្ទាប់ពី​សង្ស័យ​ថា​ពួកគេ​បាន​យក​ប្រទេស​កម្ពុជា​ធ្វើ​អាជីវកម្ម​ផលិត​វីដេអូ​អាសអាភាស​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនជាតិ​ចិន និង​ខ្មែរ នៅ​ទីតាំង​អគារ​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ចិន​ឈ្មោះ Wow Now ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​៣១០ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ បន្ទាប់ពី​សង្ស័យ​ថា​ពួកគេ​បាន​យក​ប្រទេស​កម្ពុជា​ធ្វើ​អាជីវកម្ម​ផលិត​រឿង​អាសអាភាស​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ ដែល​បាន​លេច​ចេញ​តាម​វេបសាយ និង​ប្រព័ន្ធ​សង្គម​តេឡេក្រាម​នា​ពេល​កន្លងមក។

សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ក្នុង​ប្រតិបត្តិការ​នោះ​ថា ការ​បង្ក្រាប​នេះ​ធ្វើឡើង​ដោយ​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ម៉ត់ចត់ ខណៈ​វីដេអូ​អាសអាភាស​មួយ​ចំនួន​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ និង​តាមដាន​កន្លង​មក​នោះ គឺ​ដោយសារ​មាន​ការ​លេច​ចេញ​នៅ​លើ​វេបសាយ​ប្រមាណ​ជាង ១​ខែ​មក​ហើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២៣ ឧស្សាហកម្ម​ភាពយន្ត​ចិន​ខ្នាត​ធំ​មួយ​បាន​ចាក់​បញ្ចាំង​រឿង No More Bets ដែល​បាន​លាតត្រដាង​ពី​ការពិត​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ប្រមាណ ១​សែន​ករណី​នៅ​កម្ពុជា។

បន្ទាប់ពី​ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន និង​ភ្ញៀវ​ទេសចរ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ បដិសេធ​ដូចៗ​គ្នា​ពី​ភាព​ខ្លាចរអា​ក្នុង​ការ​ទៅ​លេង​ប្រទេស​កម្ពុជា។

ខ្សែភាពយន្ត​ខ្នាត​ធំ No More Bet បាន​ពណ៌នា​ពី​ខ្សែជីវិត​អ្នក​សរសេរ​កម្មវិធី​ម្នាក់ (Programmer) និង​តារា​ស្រី​បង្ហាញ​ម៉ូត​ម្នាក់ (Model) ជា​ជនជាតិ​ចិន ដែល​បាន​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​ពី​ការ​ប្រកាស​ស្វែងរក​ការងារ​តាម​អនឡាញ​ដោយ​ការ​សន្យា​ទទួល​បាន​ប្រាក់ខែ​ខ្ពស់។

ប៉ុន្តែ​ទីបំផុត ពួកគេ​ត្រូវ​បាន​បោកប្រាស់​យក​ទៅ​ធ្វើការ​ខុស​ច្បាប់​ឱ្យ​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជាដើម ខណៈ​ជនរងគ្រោះ​ដែល​ជា​បុរស​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដូចជា ការ​បណ្ដាក់ទុន (Investments in stock, bitcoin, Mining, Online Games, E-Commerce) ឬ​ការ​ជំរិត​ទារប្រាក់​តាម​វិធី​ផ្សេងៗ ជាដើម។

សាច់រឿង​នេះ ក៏​បាន​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​ក្រុម​ឧក្រិដ្ឋជន​ទៅ​លើ​ជនរងគ្រោះ​យ៉ាង​ព្រៃផ្សៃ​ដែរ ដូចជា​ការ​លក់​មនុស្ស​ឱ្យ​បម្រើ​សេវាកម្ម​ផ្លូវភេទ ការ​ចាក់​បញ្ចូល​ថ្នាំញៀន​ឱ្យ​ទទួល​ភ្ញៀវ ការ​បាញ់​សម្លាប់​ជនរងគ្រោះ​ដែល​មាន​បំណង​លួច​រត់ ការ​ដក​ក្រចក ការ​យក​ស្គុត​រុំ​ច្រមុះ​ឱ្យ​ថប់​ដង្ហើម កាត់​ស្លឹកត្រចៀក ច្រាន​ជនរងគ្រោះ​ទម្លាក់​ពី​លើ​អគារ និង​ការ​វេះ​យក​គ្រឿងក្នុង​ជនរងគ្រោះ​ទៅ​លក់​ក្នុង​ទីផ្សារ​ងងឹត ជាដើម ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ័យខ្លាច និង​ព្រឺព្រួច​ជា​ខ្លាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២ សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បាន​ចេញ​ផ្សាយ​ជា​វីដេអូ​រយៈពេល​ជាង ៤០​នាទី ដែល​មាន​ចំណងជើង​ថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា» ដោយ​ក្នុង​វីដេអូ​នោះ​បាន​រៀបរាប់​យ៉ាង​ច្រើន​ពី​ការ​ស៊ើបអង្កេត​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទាសភាព​ដោយ​ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា និង​បណ្ដាញ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ជាពិសេស​គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែម្តង។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស