28.7 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចុះហត្ថលេខា​ដោយ​ប្រទេស ១៩ នៅ​តែ​មាន​សុពលភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ជា​កិច្ចសន្យា​អន្តរជាតិ​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំង ១៩ លើ​ពិភពលោក ក្នុង​ការ​ធានា​ការពារ​កុំ​ឲ្យ​មាន​ការ​ឈ្លានពាន និង​ធានា​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅតែ​មាន​សុពលភាព​ដោយ​ឥត​ប្រកែក​បាន។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស គឺ​កិច្ចព្រមព្រៀង​មួយ​ដែល​ជា​ការ​ធានា​អះអាង​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹត​របស់​កម្ពុជា ហើយ​ក៏​ជា​ការ​ធានា​របស់​អន្តរជាតិ​ចំពោះ​សេចក្តី​សុភមង្គល​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ផង​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ចំពោះ​ការ​ធានា​ការពារ​កុំ​ឲ្យ​មាន​ការ​ឈ្លានពាន​របស់​បរទេស​មក​លើ​ទឹកដី​កម្ពុជា ដោយ​ហេតុ​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ទាំង​ភាគី​កម្ពុជា និង​ភាគី​នានា​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ បាន​សន្យា​យ៉ាង​ឱឡារិក​ដូច​គ្នាៗ​ថា ខ្លួន​នឹង​ទទួលស្គាល់ គោរព​គ្រប់​បែប​យ៉ាង​ទាំងអស់​ចំពោះ​អធិបតេយ្យភាព ឯករាជ្យ​ជាតិ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹត និង​ឯកភាព​ជាតិ​របស់​កម្ពុជា​ត​ទៅ​ថ្ងៃ​មុខ។

ជាង​នេះ​ទៀត កិច្ចព្រមព្រៀង​នេះ​ក៏​ធានា​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភបំពាន​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ ក្នុង​នោះ ភាគី​កម្ពុជា​បាន​សន្យា​ថា ខ្លួន​នឹង​ធានា​គោរព​ប្រតិបត្តិ​តាម​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​ឱ្យ​បាន​ដាច់ខាត ខណៈ​ភាគី​ផ្សេង​ទៀត​ក៏​បាន​សន្យា​ក្នុង​ការ​លើក​ទឹកចិត្ត​ដល់​ការ​គោរព និង​អនុវត្ត​តាម​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ផ្អែក​លើ​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ត្រូវតែ​បន្ត​តាមដាន​ឱ្យ​បាន​ដិតដល់​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមទាំង​ត្រូវ​ចាត់តាំង​អ្នក​រាយការណ៍​ពិសេស​របស់​ខ្លួន​ម្នាក់​ឱ្យ​មក​តាមដាន​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ទាត់​ចោល​លែង​អនុវត្ត​អស់​រយៈពេល​ជាង ៣០​ឆ្នាំ ក្រោម​លេស​ថា​កិច្ចព្រមព្រៀង​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ហើយ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​កម្ពុជា ដែល​នៅតែ​មាន​សុពលភាព ហើយ​ប្រទេស​ហត្ថលេខី​មិន​អាច​បដិសេធ​នឹង​កាតព្វកិច្ច​នានា​របស់​ខ្លួន​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើយ។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ក្តាប់​អំណាច​បញ្ជា​ពី​លើ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​លើកឡើង​កាលពី​ថ្ងៃទី​២៣ តុលា ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិត​មែន ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិន​បាន​ជួយ​រំលត់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ ប៉ុល ពត នោះ​ទេ។

លោក ហ៊ុន សែន លើកឡើង​ថា សង្គ្រាម​រ៉ាំរ៉ៃ​របស់​កម្ពុជា​ដែល​បាន​ឆេះ​ឡើង​រាប់​រយ​ឆ្នាំ មិន​មែន​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើយ ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​ស្គាល់​នូវ​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ​រហូត​ដល់​សព្វថ្ងៃ​នេះ។

ទោះជា​បែប​នេះ​ក្តី ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៣ ថា ប្រទេស​អូស្ត្រាលី ក៏​ជា​សហ​ហត្ថលេខី​មួយ​ក្នុង​ចំណោម​សហ​ហត្ថលេខី​ចំនួន ១៩ នៃ​កិច្ចព្រមព្រៀង​នេះ​ដែរ ដែល​បាន​ជួយ​បញ្ចប់​ជម្លោះ និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កម្ពុជា​ឆ្ពោះ​ទៅ​រក​ស្ថិរភាព និង​ការ​អភិវឌ្ឍ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស