26 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឱ្យ​អស់​ពី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ទប់ស្កាត់​គ្រឿងញៀន​ឲ្យ​អស់​ពី​កម្ពុជា តាមរយៈ​កំណែ​ទម្រង់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខណៈ​គ្រួសារ​របស់​លោក​ត្រូវ​គេ​រក​ឃើញ​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​នៅ​តាម​ក្លឹប​រាត្រី​ក្នុង​ប្រទេស​កម្ពុជា។

ការ​ប្ដេជ្ញា​ចិត្ត​នេះ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​លោក នេត សាវឿន អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ក្មួយ​ប្រសា​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជំនួស​លោក កែ គឹមយ៉ាន កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣។

ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នៅ​ខេត្ត​កំពង់ស្ពឺ និង​ប្រកាស​ជា​ខេត្ត​អស់​មីន​នា​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត ថា​ការ​កែសម្រួល​ក្បាលម៉ាស៊ីន​អាជ្ញាធរ​ជាតិ​គ្រឿងញៀន​ដោយ​តែងតាំង​លោក នេត សាវឿន លោក ស សុខា និង​លោក ទៀ សីហា រួម​ទាំង​លោក កើត រិទ្ធ នេះ ដើម្បី​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​គ្រឿងញៀន​នៅ​កម្ពុជា។

លោក​ថា​ការ​តែងតាំង​មន្ត្រី​ជាន់ខ្ពស់​ទាំង ៤​រូប​ខាងលើ​នេះ បង្ហាញ​ពី​ទម្ងន់​នៃ​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន និង​ការ​បញ្ចេញ​សារ​ទៅ​ពលរដ្ឋ​ផង​ដែរ។

នាយករដ្ឋមន្ត្រី​លើក​បន្តុប​រូប​នេះ​អះអាង​ថា វិធានការ​ដែល​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដាក់​ចេញ​នា​ពេលនេះ វា​មិន​មែន​គ្រាន់តែ​ជា​ទ្រឹស្ដី​នោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ជាក់ស្ដែង​ដោយ​ការ​ស្ដាប់​តម្រូវការ​របស់​ពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត ថា​ទោះបីជា​វិធានការ​ដាក់​ចេញ​ដើម្បី​ទប់ស្កាត់​គ្រឿងញៀន មិន​ទាន់​អនុវត្ត​បាន​ភ្លាមៗ​ក៏ដោយ ប៉ុន្តែ​កំណែ​ទម្រង់​ក្បាលម៉ាស៊ីន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ ដើម្បី​កាត់បន្ថយ និង​លុប​បំបាត់​ការ​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​អស់​ពី​កម្ពុជា។

លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ដូច្នេះ​បន្ទាប់ពី​ការ​ដឹកនាំ​កម្ពុជា​របស់​លោក ហ៊ុន សែន រយៈពេល​ជិត ៤០​ឆ្នាំ បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទីតាំង និង​កន្លែង​ជួញដូរ ចរាចរ ចែកចាយ និង​ផលិត​គ្រឿងញៀន​ផង​ដែរ។

ការ​ផលិត និង​ចែកចាយ​គ្រឿងញៀន ត្រូវ​គេ​រក​ឃើញ​ថា​កំពុងតែ​ចរាចរ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ចំណោម​សែស្រឡាយ សាច់ញាតិ បក្ខពួក ទាំង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នកជំនួញ​ធំៗ ដូចជា​ក្រុម​ឧកញ៉ា ជាដើម ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​គ្រួសារ​នៃ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ។

អតីត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​មិន​ត្រឹមតែ​ពាក់ព័ន្ធ​ក្នុង​ការ​រកស៊ី​គ្រឿងញៀន​នោះ​ទេ សូម្បីតែ​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ក៏​ជា​មនុស្ស​ដែល​ចូលចិត្ត​ស្វែងរក​ការ​សប្បាយ​ជាមួយ​ស្រី​ផ្សេង​ក្រៅពី​ប្រពន្ធ​របស់​ខ្លួន​នៅ​តាម​ក្លឹប​កម្សាន្ត​ជា​ញឹកញាប់ និង​ចូលចិត្ត​ប្រើ​ថ្នាំញៀន​ដើម្បី​ពង្វក់​អារម្មណ៍​ជា​ប្រចាំ​ផង​ដែរ​រាល់​ពេល​ដែល​គាត់​ចេញ​ទៅ​សប្បាយ​នៅ​តាម​ក្លឹប​ម្តងៗ។

រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ទប់ស្កាត់​នេះ សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ​ថា គ្រួសារ​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​កំពុង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ក្លឹប​រាត្រី រង្គសាល ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់ ហើយ​អ្នក​ដែល​ចែកចាយ​ធំ​គឺជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស