40.8 C
Phnom Penh

ក្រុម​អ្នក​សង្កេតការណ៍៖ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​បាន​ច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍ ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពិតប្រាកដ​លើ​ការ​អនុវត្ត​ការងារ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ទេ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ បន្ទាប់ពី​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ខ្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហក់​ឡើង​កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​២០២៣។

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា ដើម្បី​ស្វែងរក​ការពិត​ជុំវិញ​ដំណើរការ​ការងារ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល​មាន​ជម្រើស​ល្អ​ទាំង​សងខាង គឺ​ត្រូវ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា លីកាដូ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​កូនបំណុល និង​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​ស្ថាប័ន​សាមី ដើម្បី​ស៊ើបអង្កេត​រក​ការពិត​លើ​រឿង​នេះ។

លោក សេក សុជាតិ អះអាង​ថា ការ​សហការ​គ្នា​តាម​វិធី​នេះ រដ្ឋាភិបាល​មិន​ត្រឹមតែ​ទទួល​បាន​នូវ​របាយការណ៍​ពិតប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ដែល​បាន​កើត​ឡើង​លើ​ពលរដ្ឋ ជុំវិញ​បំណុល​ទាក់ទិន​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទេ ថែម​ទាំង​អាច​បញ្ចប់​នូវ​ទស្សនៈ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដែល​បាន​ចោទ​ថា អង្គការ​លីកាដូ​ជា​អង្គការ​ដែល​គ្មាន​វិជ្ជាជីវៈ​ថែម​ទៀត ព្រោះ​ថា​របាយការណ៍​របស់​អង្គការ​លីកាដូ ជា​របាយការណ៍​ដែល​សម​ហេតុ​សម​ផល និង​អាច​ទទួល​យក​បាន​ជុំវិញ​ការ​ស៊ើបអង្កេត​ទាក់ទង​នឹង​រឿង​បំណុល​នេះ មិន​មែន​ជា​អង្គការ​ដែល​គ្មាន​វិជ្ជាជីវៈ​ដូច​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ចោទប្រកាន់​នោះ​ឡើយ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ បញ្ជាក់​ថា អង្គការ​លីកាដូ បាន​បង្ហាញ​ទិន្នន័យ​ស្រាវជ្រាវ​របស់​ខ្លួន​ជា​សាធារណៈ​ជុំវិញ​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ខ្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប៉ុន្តែ​ខាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដែល​ចោទ​ថា​អង្គការ​លីកាដូ​ជា​អង្គការ​គ្មាន​វិជ្ជាជីវៈ មិន​បាន​បង្ហាញ​របាយការណ៍ ឬ​ទិន្នន័យ​ចំពោះ​សកម្មភាព​របស់​ខ្លួន​ជុំវិញ​ការ​ទារ​បំណុល​ពី​ពលរដ្ឋ​ដែល​ជា​កូនបំណុល​របស់​ខ្លួន​ឡើយ ដូច្នេះ​ចំណុច​ដែល​គួរ​ឱ្យ​ស៊ើបអង្កេត គឺ​ត្រូវ​ធ្វើ​លើ​ដំណើរការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ព្រោះ​ថា​ពួកគេ​គឺជា​ស្ថាប័ន​សាមី​ដែល​បាន​ធ្វើ​សកម្មភាព​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ​ដែល​ជា​កូនបំណុល​របស់​ខ្លួន។

កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ចោទ​ថា អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា លីកាដូ ជា​អង្គការ​ដែល​គ្មាន​វិជ្ជាជីវៈ​ជុំវិញ​ការ​ចេញ​របាយការណ៍​ទាក់ទិន​នឹង​បំណុល​របស់​ពលរដ្ឋ​ដែល​បាន​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​នោះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក៏​បាន​ចោទប្រកាន់​លើ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក The Kanitha Show ថា​បាន​បកស្រាយ​ជុំវិញ​បំណុល​របស់​ពលរដ្ឋ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ ដោយ​គ្មាន​មូលដ្ឋាន​ចំណេះដឹង​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​ផង​ដែរ។

យ៉ាងណា​ក៏ដោយ ម្ចាស់​ទំព័រ​ហ្វេសប៊ុក The Kanitha Show បាន​ឆ្លើយតប​ទៅ​កាន់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ផង​ដែរ​កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ នេះ ដោយ​អះអាង​ថា ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី បាន​លាប​ពណ៌​មក​ខ្លួន​ជុំវិញ​ការ​បកស្រាយ​រឿង​បំណុល​នេះ ដូចជា​ការ​ចោទ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​ថា​បាន​ណែនាំ​ពលរដ្ឋ​ដែល​បាន​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កុំ​សង​លុយ​ដែល​ខ្លួន​បាន​ជំពាក់​ត្រឡប់​ទៅ​គ្រឹះស្ថាន​ទាំងនោះ​វិញ ជាដើម។

ជុំវិញ​ការ​ចោទប្រកាន់​នេះ ម្ចាស់​ទំព័រ​ហ្វេសប៊ុក The Kanitha Show បាន​ច្រានចោល​នូវ​ការ​ចោទប្រកាន់​នេះ​ទាំងស្រុង និង​ធ្វើការ​ពន្យល់​ក្នុង​ឃ្លា​នីមួយៗ​ត្រឡប់​ទៅវិញ​ផង​ដែរ ហើយ​មក​ទល់​នឹង​ពេលនេះ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី មិន​ទាន់​បាន​ធ្វើការ​ស្រាយ​បំភ្លឺ​មក​កាន់​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​នេះ​វិញ​នៅ​ឡើយ​ទេ។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​ទំព័រ​ហ្វេសប៊ុក The Kanitha Show បាន​ចេញ​ផ្សាយ​វីដេអូ​ឃ្លីប​ស្ដីពី​បំណុល​របស់​ពលរដ្ឋ​ខ្មែរ ដែល​បាន​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ ក្នុង​នោះ​ក៏​មាន​ការ​លើកឡើង​ពី​របាយការណ៍​របស់​អង្គការ​លីកាដូ ផង​ដែរ បន្ទាប់ពី​អង្គការ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ស្ថានភាព​បំណុល​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។

កាសែត​អន្តរជាតិ The Guardian កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៣ បាន​ចុះផ្សាយ​អំពី​ការ​ធ្វើ​អត្តឃាត​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច បន្ទាប់ពី​ពួកគេ​បាន​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក ក្នុង​នោះ​ក៏​មាន​អ្នក​ជំពាក់​បំណុល​ផ្សេង​ទៀត​ដែល​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដែរ ដោយសារតែ​ខ្លួន​គ្មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​វិញ ខណៈ​ស្ថាប័ន​ទាំងនោះ​បាន​បង្ខំ​ឱ្យ​ពួកគេ​ត្រូវតែ​សង​លុយ​ត្រឡប់​ទៅវិញ ទោះ​ដឹង​ថា​កូនបំណុល​របស់​ខ្លួន​មិន​ទាន់​មាន​លទ្ធភាព​សង​ក៏ដោយ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៣ នេះ កម្ចី​មីក្រូហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ខ្មែរ​បាន​ហក់​ឡើង​ទៅ​ដល់​ប្រមាណ ១៦​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ ខណៈ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ កន្លង​ទៅ គឺ​មាន​ត្រឹមតែ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ហើយ​ទំហំ​កម្ចី ១៦​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ គឺជា​ទំហំ​លើស​ពី​ពាក់កណ្តាល​ផលិតផល​ក្នុង​ស្រុក (GDP) របស់​ប្រទេស​កម្ពុជា​ទៅ​ហើយ ហើយ​បំណុល​នេះ​ក៏​ជា​សញ្ញា​នៃ​ការ​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទាំងមូល​ដែរ​នា​ពេល​អនាគត។

របាយការណ៍​ខាងលើ​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​សរុប ១៧​លាន​នាក់ គឺ​មាន​អ្នក​ដែល​មាន​គ្រួសារ​ចំនួន​ជាង ៣​លាន ៦​សែន​គ្រួសារ ខណៈ​បំណុល​ដែល​កើត​ចេញពី​កម្ចី​មីក្រូហិរញ្ញវត្ថុ​គឺ​មាន​ដល់​ទៅ ៣​លាន​កម្ចី​ឯណោះ ហើយ​តួលេខ​នេះ​បាន​បង្ហាញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក ដែល​បាន​ជំពាក់​បំណុល​ច្រើន​ជាងគេ​ក្នុង​ចំណោម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាង ៨០​ស្ថាប័ន (៨៦​ស្ថាប័ន) ដែល​កំពុង​រក​ប្រាក់​ចំណេញ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ បាន​អះអាង​ថា កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ កម្មករ​កម្ពុជា ៩០% ជំពាក់​បំណុល​ធនាគារ ខណៈ ៧០% កំពុង​ប្រឈម​នឹង​បំណុល​កើន​ឡើង ដោយឡែក ១០% ទៀត បាន​ជាប់​បំណុល​ចំនួន ៣​កន្លែង​ក្នុង​ពេល​ដំណាល​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស