31 C
Phnom Penh

កងរាជ​អាវុធហត្ថ ៦​នាក់​ត្រូវ​ចាប់​ខ្លួន​ដោយ​សង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចំនួន ៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សង្ស័យ​ថា​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ស្រប​ពេល​ដែល​ប្រមាណ ៦​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៦ ខែ​តុលា បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បាន​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​ឃើញ​បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន រួម​ទាំង​នាយ​ទាហាន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ទោះបី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​បុគ្គល​សង្ស័យ​ទាំង ៦​នាក់​នេះ​ពុំ​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ក៏ដោយ ប៉ុន្តែ​បើ​ចម្លើយ​សារភាព​នៅ​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែ​តុលា ពួកគេ​ទាំង ៦​នាក់​អាច​ពាក់ព័ន្ធ​នឹង​ករណី​ទទួល​ផល​ពី​បទល្មើស​គ្រឿងញៀន។

លោក អេង ហ៊ី អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​យុត្តិធម៌ បាន​និង​កំពុង​បន្ត​កសាង​នីតិវិធី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី និង​ការ​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត។

លោក អេង ហ៊ី សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង ៦​រូប​នេះ​ឡើយ តែ​យ៉ាងណា រូបថត​ជនសង្ស័យ​ទាំង ៦​រូប​ខាងលើ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែកចាយ​បន្ត​គ្នា ដោយ​គេ​ស្គាល់​ថា លោក ទិត្យ វណ្ណៈ មេ​បញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ លោក យស ឌីណា មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច រួម​ទាំង​គ្នីគ្នា ៤​នាក់​ទៀត។

វិធានការ​បង្ក្រាប និង​ស្រាវជ្រាវ​មន្ត្រី​កងរាជ​អាវុធហត្ថ​នេះ ធ្វើឡើង​ស្រប​ពេល​លោក ហ៊ុន ម៉ាណែត បាន​ប្ដេជ្ញា​កាត់បន្ថយ និង​លុបបំបាត់​គ្រឿងញៀន​ឲ្យ​អស់​ពី​កម្ពុជា ក្រោយពី​ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ពី​លោក កែ គឹមយ៉ាន ដាក់​លោក នេត សាវឿន ជំនួស​វិញ។

លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ដូច្នេះ​បន្ទាប់ពី​ការ​ដឹកនាំ​កម្ពុជា​របស់​លោក ហ៊ុន សែន រយៈពេល​ជិត ៤០​ឆ្នាំ​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទីតាំង និង​កន្លែង​ជួញដូរ ចរាចរ ចែកចាយ និង​ផលិត​គ្រឿងញៀន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ជាក់ស្ដែង​ចាប់តាំងពី​ឆ្នាំ​២០១៧ មក ចំនួន​គ្រឿងញៀន​ដែល​អាជ្ញាធរ​រឹបអូស​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ក្នុង​ឆ្នាំ​២០១៧ អាជ្ញាធរ​ចាប់​បាន​គ្រឿងញៀន ២៩៦​គីឡូក្រាម ខណៈ​ឆ្នាំ​២០១៨ ចាប់​បាន ៤៧២,៥៣​គីឡូក្រាម។

ចំណែក​ឆ្នាំ​២០១៩ ចាប់​បាន ៧៥០​គីឡូក្រាម និង​ឆ្នាំ​២០២០ ចាប់​បាន​ជិត ៤​ពាន់ (៣៨៧៦) គីឡូក្រាម ហើយ​ឆ្នាំ​២០២១ ចាប់​បាន​ជាង ៤៦០០ (៤៦៨៩) គីឡូក្រាម ខណៈ​ឆ្នាំ​២០២២ ចាប់​បាន​ជាង ១​ម៉ឺន ៤​ពាន់ (១៤៩១៩) គីឡូក្រាម។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន រយៈពេល ០៨​ខែ​ឆ្នាំ​២០២៣ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ជាង ៥១០០​ករណី ឃាត់​ខ្លួន​ជនល្មើស​ចំនួន​ជាង ១២០០០​នាក់ ចាប់​សារធាតុ​ញៀន​បាន​ចំនួន​ជាង ២​ពាន់​គីឡូក្រាម សារធាតុ​គីមី​ផ្សំ​ជិត ១​ពាន់​គីឡូក្រាម រួម​នឹង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស