36 C
Phnom Penh

ក្រសួង​យុត្តិធម៌​ត្រៀម​ស្នើសុំ​បន្ធូរបន្ថយ​និង​លើកលែង​ទោស​ទណ្ឌិត​ជិត ១០០០​នាក់​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ខាង​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​កម្ពុជា អះអាង​ថា ក្រសួង​កំពុង​ត្រៀម​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ជិត ១០០០​នាក់ (៩០២​នាក់) នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩ វិច្ឆិកា និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ខាងមុខ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​យុត្តិធម៌​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លើ​សំណើ​សុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ពេល​ខាងមុខ​នេះ​លើ​ទណ្ឌិត​ចំនួន ៩០២​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​អ្នកទោស​ជា​ស្ត្រី​ចំនួន ៦១​នាក់​ផង​ដែរ។

លោក គឹម សន្តិភាព លើកឡើង​ថា ការ​ប្រជុំ​ពិនិត្យ និង​វាយតម្លៃ​លើ​សមាសភាព​ទណ្ឌិត​នេះ គឺ​តាមរយៈ​សំណើ​គណៈកម្មការ​ពន្ធនាគារ​រាជធានី-ខេត្ត​ទាំង ២៣ និង​តាម​សំណើ​របស់​គណៈកម្មការ​ក្រសួង​មហាផ្ទៃ មណ្ឌល​អប់រំ​កែប្រែ​ទាំង​០៤ ដែល​បាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ជាតិ​ទាំង​ពីរ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​រូប​នេះ​អះអាង​ថា ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ទណ្ឌិត​ជាង ៤០០​នាក់ (៤៦៤​នាក់) ក្នុង​នោះ​ស្ត្រី ៣៤​នាក់ ត្រូវ​បាន​ស្នើសុំ​មក​ក្រសួង​យុត្តិធម៌ ដើម្បី​ពិនិត្យ និង​វាយតម្លៃ ដោយ​ស្នើសុំ​បន្ធូរបន្ថយ​ទោស​ចំនួន ៤៣២​នាក់ និង​ស្ត្រី ២៩​នាក់ ចំណែក​ទណ្ឌិត ៣២​នាក់​ទៀត​ដែល​មាន​ស្រី ០៥​នាក់ គឺ​ស្នើសុំ​លើកលែង​ទោស​តែម្តង។

លោក គឹម សន្តិភាព បញ្ជាក់​ថា ដោយឡែក​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ទណ្ឌិត​ចំនួន ៤៣៨​នាក់​ដែល​មាន​ស្រី ២៧​នាក់ បាន​ស្នើសុំ​បន្ធូរបន្ថយ​ទោស​ចំនួន ៤១៨​នាក់ ដែល​មាន​ស្រី ២៦​នាក់ ខណៈ​ទណ្ឌិត ២០​នាក់​ផ្សេង​ទៀត​ដែល​មាន​ស្រី​ម្នាក់ ក៏​បាន​ស្នើសុំ​លើកលែង​ទោស​ផង​ដែរ។

ជា​រៀង​រាល់​ពេល​បុណ្យ​ជាតិ និង​ព្រឹត្តិការណ៍​ជាតិ​ធំៗ ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ ព្រះរាជទាន​ផ្ដល់​នូវ​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ដែល​ជាប់​ក្នុង​ពន្ធនាគារ ដើម្បី​ឱ្យ​ពួកគេ​រួច​ផុត​រយៈពេល​នៃ​ការ​អនុវត្ដ​ទោស​ពន្ធនាគារ​មក​តិច​ជាង​មុន ឬ​ឱ្យ​រួច​ផុត​ពី​ទោស​ដាក់​ពន្ធនាគារ ដោយ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ជាដើម។

មាត្រា ២៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១ ថា ការ​បន្ធូរបន្ថយ និង​ការ​លើកលែង​ទោស ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ជាតិ ឬ​ព្រឹត្តិការណ៍​ធំៗ ដូចជា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ពិធី​បុណ្យ​វិសាខបូជា ពិធី​បុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ផង​ដែរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ ដោយ​អំពាវនាវ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​ការ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​អ្នកទោស​ដែល​ត្រូវ​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ទាំងនោះ ព្រោះ​ថា​កន្លងមក​ក៏​មាន​ការ​លេច​ធ្លាយ​នូវ​ព័ត៌មាន​មិន​ល្អ​ជាច្រើន ទាក់ទិន​នឹង​ការ​បញ្ចូល​ឈ្មោះ​អ្នកទោស​ទៅ​ក្នុង​បញ្ជី​ដែល​មិន​ទាន់​គ្រប់​លក្ខខណ្ឌ​ត្រូវ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​នេះ​ផង​ដែរ ដោយ​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​ពី​សំណាក់​អ្នកទោស​ដែល​ត្រូវរ៉ូវ​គ្នា។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ក្នុង​ការ​ពិនិត្យ និង​វាយតម្លៃ​សមាសភាព​អ្នកទោស​ក្នុង​កិច្ចប្រជុំ​នេះ ក្រសួង​យុត្តិធម៌​ក៏​គួរតែ​ពិនិត្យ​លើ​សមាសភាព​អ្នកទោស​មនសិការ​នានា​ផង​ដែរ ក្នុង​ការ​បន្ធូរបន្ថយ ឬ​លើកលែង​ទោស​ដល់​ពួកគេ ដែល​ជា​ផ្នែក​ក្នុង​ការ​ចូលរួម​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ និង​ការ​កាត់បន្ថយ​ការ​រឹតត្បិត​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ក្រសួង​យុត្តិធម៌​គ្រាន់តែ​សម្រេច​បន្ធូរបន្ថយ​ទោស ឬ​លើកលែង​ទោស​ចំពោះ​ឈ្មោះ​អ្នកទោស​ដែល​មាន​ក្នុង​បញ្ជី​ដែល​បាន​ដាក់​បញ្ចូល​ដោយ​គណៈកម្មការ​ពន្ធនាគារ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ នោះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​នេះ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​ធ្វើ​បែប​នេះ ក៏​ជា​កត្តា​មួយ​នាំ​ទៅ​រក​ការ​បំបាត់​អំពើពុករលួយ​របស់​មន្ត្រី​ថ្នាក់​ក្រោម​ដែរ ដើម្បី​បញ្ឈប់​ទទួល​ផល​ប្រយោជន៍​ណា​មួយ​ពី​អ្នកទោស​ដែល​មិន​ទាន់​ត្រូវ​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស និង​ការ​លើកលែង​ទោស​តាម​លក្ខខណ្ឌ​ច្បាប់​នោះ។

កាលពី​ចុង​ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ឆ្នាំ​២០២២ មាន​ជន​ជាប់​ឃុំ​សរុប​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៨០៤៩​នាក់) ក្នុង​នោះ​ទណ្ឌិត​មាន​ចំនួន​ជាង ១​ម៉ឺន​នាក់ (១១៣៥០​នាក់) ពិរុទ្ធជន​ជាង ១​ម៉ឺន​នាក់ (១២០០៦​នាក់) និង​បាន​អនុវត្ត​ដីកា​ដោះលែង​ចំនួន​ជាង ១​ម៉ឺន​នាក់​ផង​ដែរ (១២០០៦​នាក់)។

ចំណែក​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស និង​ទិន្នន័យ​ពន្ធនាគារ បាន​បង្ហាញ​កាលពី​ចុង​ឆ្នាំ​២០២១ ថា ជាង ៧០​ភាគរយ​នៃ​អ្នក​ជាប់​ពន្ធនាគារ​ជិត ៤០០០០​នាក់​នៅ​កម្ពុជា គឺជា​អ្នក​ដែល​រង់ចាំ​សាលក្រម​ស្ថាពរ និង​ជាប់​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ត្រូវ​ជាប់​នៅ​ក្នុង​ទី​ដែល​ខ្វះ​អនាម័យ និង​ណែន​ចង្អៀត​ដូច​អ្នកទោស​នានា​ដែរ។

កាលពី​ចុង​ឆ្នាំ​២០២២ កន្លង​ទៅ ព្រះមហាក្សត្រ​ខ្មែរ​បាន​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ចំនួន​ជាង ៦០០​នាក់ (៦៨៣​នាក់) ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស