34 C
Phnom Penh

ចិន​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​តាម​តំបន់​ព្រំដែន​ភូមា​ជាប់​នឹង​ចិន ក្រោយពី​កម្លាំង​ប្រឆាំង​វាយ​កាន់កាប់​បាន​ក្រុង​ដ៏​សំខាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​ភូមា ជាប់​នឹង​ប្រទេស​ចិន បាន​ធ្លាក់​ក្នុង​ការ​វាយ​កាន់កាប់​ដោយ​កម្លាំង​ប្រឆាំង​ពួក​យោធា​ភូមា​ហើយ ក្រោយពី​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ជាច្រើន​ថ្ងៃ​មក​នេះ។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ភូមា។ ក្នុង​ស្ថានភាព​បែប​នេះ ចិន​បាន​ចេញ​សេចក្តី​អំពាវនាវ​ភ្លាម​ឱ្យ​ភាគី​ទាំង​ពីរ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ប៉ុន្តែ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ធ្វើ​ជំនួញ​រវាង​រដ្ឋាភិបាល​នៃ​របប​សឹក និង​ប្រទេស​ចិន គឺ​ទីក្រុង Chinshwehaw ដែល​ស្ថិត​ជាប់​របង​ខេត្ត​យូណាន ខាង​ចិន ត្រូវ​បាន​កម្លាំង​ប្រឆាំង​រួបរួម​វាយ​កាន់កាប់​បាន​ហើយ។

អ្នក​នាំពាក្យ​របប​សឹក​ភូមា បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​បាត់បង់​ការ​គ្រប់គ្រង​លើ​ក្រុង​យុទ្ធសាស្ត្រ​មួយ​នៅ​ភាគ​ខាងជើង​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ចិន បន្ទាប់ពី​មាន​ការ​ប្រយុទ្ធ​គ្នា​អស់​ជាច្រើន​ថ្ងៃ​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ ចាប់​តាំងតែ​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ពាសពេញ​ទឹកដី​មួយ​ផ្នែក​ធំ​នៃ​រដ្ឋ Shan ភាគ​ខាងជើង​ប្រទេស​ភូមា ជា​កន្លែង​ដែល​មាន​គម្រោង​តភ្ជាប់​ផ្លូវដែក​មាន​ទឹកប្រាក់​ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​គម្រោង​សាងសង់ និង​កំពុង​សាងសង់​ក្រោម​ក្របខ័ណ្ឌ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​នៃ​ប្រទេស​ចិន។

ការ​វាយ​យក​បាន​ទីក្រុង Chinshwehaw កើតឡើង​ដោយ​កម្លាំង​រួម​គ្នា​មកពី​ក្រុម​ប្រដាប់​អាវុធ​នៃ​កងទ័ព​រំដោះ​ជាតិ Ta’ang សហការ​ជាមួយ​កងទ័ព Arakan Army និង​កម្លាំង​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ភូមា មកពី​ក្រុម​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​ក្រុម​សភា​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​២០២០ ហើយ​ត្រូវ​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច។

៦​ថ្ងៃ​ចុងក្រោយ​មក​នេះ កម្លាំង​សម្ព័ន្ធភាព​ប្រដាប់​អាវុធ​បី​ក្រុម​បាន​រួម​ដៃ​គ្នា​បើក​ការ​វាយប្រហារ និង​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​យោធា​ភូមា​នៅ ១០​កន្លែង​ផ្សេង​គ្នា​នៃ​រដ្ឋ Shan ភាគ​ខាងជើង។

សេចក្ដី​ថ្លែងការណ៍​ពី​ក្រុម​កម្លាំង​ប្រឆាំង​របប​សឹក បាន​ប្រកាស​តាំងពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៣ ពី​ការ​ដណ្តើម​កាន់កាប់​បាន​នូវ​ទីតាំង​យោធា​ភូមា​ជាច្រើន និង​ត្រួតត្រា​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ជាមួយ​ចិន ដែល​ជា​ដៃគូ​ដ៏​ចម្បង​សម្រាប់​របប​សឹក ដែល​មាន​ទឹកប្រាក់​ទំហំ ១៨០០​លាន​ដុល្លារ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​យោធា បាន​ប្រាប់​ថា រដ្ឋាភិបាល​និង​កងកម្លាំង​សន្តិសុខ​លែង​មាន​វត្តមាន​នៅ​ក្រុង Chinshwehaw។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ពួក​យោធា​ភូមា កាលពី​ខែ​កញ្ញា ឆ្នាំ​នេះ គឺ​ជាង ១​ភាគ​៤ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​របស់​ភូមា​ជាមួយ​ចិន ចាប់ពី​ខែ​មេសា ដល់​ខែ​កញ្ញា ដោយ​បាន​ឆ្លងកាត់​ទីក្រុង Chinshwehaw។

ចិន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បន្ត​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​របប​សឹក​ភូមា តែ​ក្រុង​ប៉េកាំង ក៏​រក្សា​ចំណង​ទាក់ទង​ល្អ​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ភូមា នៅ​ជាប់​ព្រំដែន​ដែរ ព្រោះ​ចិន បាន​គិត​យូរ​ណាស់​ហើយ​ថា លទ្ធភាព​នៃ​ក្រុម​សម្ព័ន្ធភាព​អាច​នឹង​មាន​ប្រៀប​ខ្លាំង​ជាង​ពួក​យោធា​នៃ​របប​សឹក។

នៅ​ពេល​ទទួល​ដំណឹង​ថា ក្រុង​ពាណិជ្ជកម្ម​មួយ​នេះ​បាន​ធ្លាក់​ក្នុង​ដៃ​កម្លាំង​ប្រឆាំង ក្រុង​ប៉េកាំង​ចាត់​បញ្ជូន​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ឱ្យ​ទៅ​បាន​ជួប​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំ​របប​សឹក​ភូមា នៅ​រដ្ឋធានី​ណៃពិដោ កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា។

គេ​ថា​មន្ត្រី​ចិន​រូប​នេះ​បាន​ពិភាក្សា​អំពី​ការ​វាយ​កាន់កាប់​បាន​ដោយ​ក្រុម​ប្រដាប់​អាវុធ ដែល​ចិន​បារម្ភ​ពី​ការ​បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិភាព និង​ស្ថិរភាព​តាម​តំបន់​ព្រំដែន​រួម​ជាមួយ​ចិន។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចិន​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ចេញ​សេចក្តី​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឱ្យ​ភាគី​ទាំង​ពីរ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជាបន្ទាន់ ហើយ​ងាក​មក​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

ទោះជា​យ៉ាងណា​ក៏ដោយ មិន​មែន​មាន​តែ​តំបន់​ជាប់​ព្រំដែន​ចិន ដូចជា​ក្រុង Chinshwehaw នោះ​ទេ​ដែល​ជា​គោលដៅ​នៃ​ការ​ប្រយុទ្ធ​គ្នា គឺ​សឹងតែ​នៅ​ទូទាំង​ប្រទេស គឺ​មាន​ទាំង​ជាប់​ព្រំដែន​ឥណ្ឌា ជាប់​ព្រំដែន​ថៃ ហើយ​មាន​ទាំង​តំបន់​ជាច្រើន​នៅ​កណ្ដាល​ប្រទេស ក៏​កំពុង​ក្លាយ​ជា​សមរភូមិ​ផង​ដែរ។

ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​នេះ​បាន​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ភូមា​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដើម្បី​ការពារ​ស្វ័យភាព និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​ពួកគេ ប៉ុន្តែ​នៅ​ពេល​ពួក​យោធា​ភូមា ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ទាំងអស់​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា ដោយ​ឈរ​លើ​គោលដៅ​រួម គឺ​ត្រូវ​ផ្ដួល​រំលំ​របប​សឹក។

ប្រទេស​ភូមា​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ចាប់ផ្ដើម​ធ្លាក់​ក្នុង​សង្គ្រាម​វិញ​ក្រោយពី​ពួក​យោធា​ប្លន់​អំណាច​បាន​ពី​រដ្ឋាភិបាល​ស៊ីវិល​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១។ ស្ថានភាព​ប្រទេស​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​នេះ បាន​បណ្ដាល​ឱ្យ​មាន​ជន​ភៀស​ខ្លួន​រាប់​សែន​នាក់ រត់​ទៅ​នៅ​ប្រទេស​ជិតខាង ជាពិសេស​គឺ​ប្រទេស​ថៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស