31 C
Phnom Penh

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ ១០៧​នាក់​នៅ​ហាង​ខារ៉ាអូខេ SKY KTV ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បើក​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ SKY KTV នៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ ១០៧​នាក់​ដោយ​សង្ស័យ​មាន​ករណី​លក់ ឬ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​នៅ​ក្នុង​ខារ៉ាអូខេ​នោះ។

អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក សៅ សារឿន បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃទី​៤ វិច្ឆិកា សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ហាង​ខារ៉ាអូខេ SKY ដោយ​សង្ស័យ​ថា​មាន​ករណី​លក់ ឬ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន។ លោក​ថា ការ​ចុះ​បង្ក្រាប​នេះ ធ្វើឡើង​តាម​ការ​សម្របសម្រួល​របស់​លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ។

យោង​តាម​ហ្វេសប៊ុក​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ១០៧​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​នៅ​ក្នុង SKY KTV គឺ​មាន​ជនបរទេស ៤២​នាក់ ក្នុង​នោះ​មាន​ឥណ្ឌូនេស៊ី ២១​នាក់ វៀតណាម ១៥​នាក់ ចិន ៣​នាក់ និង​ថៃ ៣​នាក់។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​រក​ឃើញ​មាន​ម្សៅ​ម៉ត់​ស​ថ្លា ៦​កូន​ថង់ ថ្នាំ​កញ្ចប់​ពណ៌​ក្រហម ៣​កញ្ចប់ ពណ៌​លឿង ១០​កញ្ចប់ និង​ពណ៌​ទឹកក្រូច ១​កញ្ចប់។

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធ ឡោះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សមត្ថកិច្ច​កំពុង​សួរនាំ​ជនសង្ស័យ​ទាំងនោះ ហើយ​ក៏​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ផង​ដែរ។ លោក​ថា ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ពី​ការ​ធ្វើ​តេស្ដ និង​សួរនាំ​ឡើយ ព្រោះ​ជនសង្ស័យ​មាន​ចំនួន​ច្រើន។

លោក​បន្ត​ថា នៅ​ពេល​ទទួល​បាន​លទ្ធផល​ពី​ការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន និង​សួរនាំ​ពួកគេ​ទាំងនោះ​ហើយ កម្លាំង​សមត្ថកិច្ច​នឹង​បន្ត​នីតិវិធី​ច្បាប់។

ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះ ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នៅ​ខេត្ត​កំពង់ស្ពឺ និង​ប្រកាស​ជា​ខេត្ត​អស់​មីន​នា​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ទប់ស្កាត់​គ្រឿងញៀន​ឲ្យ​អស់​ពី​កម្ពុជា តាមរយៈ​កំណែ​ទម្រង់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខណៈ​គ្រួសារ​របស់​លោក​ត្រូវ​គេ​រក​ឃើញ​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរណ៍​គ្រឿងញៀន​ដ៏​ធំ​នៅ​តាម​ក្លឹប​រាត្រី​ក្នុង​ប្រទេស​កម្ពុជា។

ការ​ផលិត និង​ចែកចាយ​គ្រឿងញៀន ត្រូវ​គេ​រក​ឃើញ​ថា កំពុងតែ​ចរាចរណ៍​យ៉ាង​អនាធិបតេយ្យ​ក្នុង​ចំណោម​សែស្រឡាយ សាច់ញាតិ បក្ខពួក ទាំង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នកជំនួញ​ធំៗ ដូចជា​ក្រុម​ឧកញ៉ា ជាដើម ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​គ្រួសារ​នៃ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ។

អតីត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​មិន​ត្រឹម​តែ​ពាក់ព័ន្ធ​ក្នុង​ការ​រកស៊ី​គ្រឿងញៀន​នោះ​ទេ សូម្បីតែ​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ក៏​ជា​មនុស្ស​ដែល​ចូលចិត្ត​ស្វែងរក​ការ​សប្បាយ​ជាមួយ​ស្រី​ផ្សេង​ក្រៅពី​ប្រពន្ធ​របស់​ខ្លួន​នៅ​តាម​ក្លឹប​កម្សាន្ត​ជា​ញឹកញាប់ និង​ចូលចិត្ត​ប្រើ​ថ្នាំញៀន​ដើម្បី​ពង្វក់​អារម្មណ៍​ជា​ប្រចាំ​ផង​ដែរ​រាល់​ពេល​ដែល​គាត់​ចេញ​ទៅ​សប្បាយ​នៅ​តាម​ក្លឹប​ម្តងៗ។

សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ​ថា គ្រួសារ​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរណ៍​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​កំពុង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ក្លឹប​រាត្រី រង្គសាល ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់ ហើយ​អ្នក​ដែល​ចែកចាយ​ធំ គឺជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស