40.8 C
Phnom Penh

កម្ពុជា​បង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ជិត​៧​ពាន់​ករណី​ក្នុង​រយៈពេល​ជាង​១០​ខែ​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា រយៈពេល​ជាង ១០​ខែ​ក្នុង​ឆ្នាំ​២០២៣ នេះ ខ្លួន​បាន​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន​ជិត ៧​ពាន់​ករណី (៦៨៤៧​ករណី) ក្នុង​នោះ​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ ទាំង​អ្នក​ប្រើប្រាស់ និង​អ្នក​ជួញដូរ​គ្រឿងញៀន​បាន​ជិត ១​ម៉ឺន ៧​ពាន់​នាក់​ផង​ដែរ (១៦៩៦៣​នាក់) ដែល​មាន​ស្ត្រី​រហូត​ដល់​ជាង ១​ពាន់នាក់​ឯណោះ (ស្រី ១០៩០​នាក់)។

រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា រយៈពេល​ត្រឹមតែ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀន​បាន ៦​ករណី រួម​ទាំង​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ជិត ៣០​នាក់​ផង​ដែរ (២៨​នាក់) ក្នុង​នោះ គឺ​មាន​ករណី​ដឹកជញ្ជូន រក្សា​ទុក ៥​ករណី និង​ករណី​ជួញដូរ​ចំនួន ១​ករណី។

របាយការណ៍​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា គ្រឿងញៀន​កំពុងតែ​លុកលុយ​ប្រទេស​កម្ពុជា​ធ្ងន់ធ្ងរ​រហូត​ជាប់​ពាក់ព័ន្ធ​ដល់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា​ទាំង​ការ​ប្រើប្រាស់ និង​ជួញដូរ​ថែម​ទៀត។

កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២៣ មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​រយៈពេល ៨​ខែ​ក្នុង​ឆ្នាំ​២០២៣ នេះ សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ជាង ៥​ពាន់​ករណី (៥០៦០​ករណី) ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ជាង ១​ម៉ឺន​នាក់ (១២៣៥៦​នាក់) ក្នុង​នោះ គឺ​រក​ឃើញ​ករណី​ជួញដូរ​ចំនួន​ជិត ៧០០​ករណី (៦៩៤​ករណី) ករណី​ប្រើប្រាស់​គ្រឿងញៀន​ជិត ២​ពាន់​ករណី (១៧៩៦​ករណី) ករណី​ផលិត​កែច្នៃ​ចំនួន ៩​ករណី ករណី​ចាត់ចែង​សម្រួល ២០​ករណី និង​ករណី​ដាំដុះ ១៥​ករណី​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ម៉ក់ ជីតូ បាន​អះអាង​ថា អាជ្ញាធរ​កម្ពុជា​បាន​ដុត​បំផ្លាញ និង​កម្ទេច​វត្ថុ​តាង​គ្រឿងញៀន​ប្រមាណ ១៣​តោន និង​សារធាតុ​គីមី​ផ្សំ​ជាង ៣០០​តោន (៣៤២​តោន) ដើម្បី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០២៣ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ធ្លាប់​បាន​លើកឡើង​កាលពី​អំឡុង​ឆ្នាំ​២០២២ ថា ប្រទេស​កម្ពុជា​កំពុង​មាន​បញ្ហា​ទ្វេដង​ដោយសារ​គ្រឿងញៀន និង​ករណី​នាំចូល​គ្រឿងញៀន​ពី​ប្រទេស​ជិតខាង ហើយ​បច្ចុប្បន្ន​នេះ កម្ពុជា​ស្ថិត​ក្នុង​ចំណុច​ក្តៅ​នៃ​អ្នក​ប្រើប្រាស់​គ្រឿងញៀន ក្នុង​នោះ​ក្នុង​ចំណោម​ទណ្ឌិត​ជិត ៤​ម៉ឺន​នាក់ (៣៨០០០​នាក់) ដែល​ស្មើ​នឹង ៥៤,៥២% គឺ​ជាប់​ពន្ធនាគារ​ដោយ​ករណី​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា បើ​ផ្អែក​តាម​របាយការណ៍​ស្ដីពី​ការ​បង្ក្រាប​គ្រឿងញៀន​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ចរាចរណ៍​គ្រឿងញៀន​នៅ​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់កាល​ប្រកាស​អាសន្ន​ហើយ​នៅ​ពេល​នេះ ព្រោះ​ថា​យុវជន​កម្ពុជា​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​រក​ឃើញ​ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ក្នុង​កម្រិត​ខ្ពស់​បំផុត។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេល និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ ធនធាន​មនុស្ស​របស់​កម្ពុជា​នឹង​ត្រូវ​បំផ្លាញ​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៀត សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​នឹង​រង​នូវ​ការ​បំផ្លាញ​ផង​ដែរ ដែល​កើត​ចេញពី​កត្តា​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រោយ​យុទ្ធនាការ​ធ្វើ​តេស្ដ​ស្វែងរក​សារធាតុ​គ្រឿងញៀន​ចាប់តាំងពី​ដើម​ខែ​តុលា ឆ្នាំ​២០២៣ នៅ​ក្នុង​ស្រុក​ទាំង ១៣ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង ១១៦ លើ​មន្ត្រី​នគរបាល​ទូទាំង​ខេត្ត​ព្រៃវែង ដែល​ជា​លទ្ធផល​បាន​រក​ឃើញ​មន្ត្រី​នគរបាល​ចំនួន ១១​នាក់​បាន​ក្លាយ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដោយ​រក​ឃើញ​នាយ​ទាហាន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចំនួន ៦​នាក់ រួម​មាន​លោក ទិត្យ វណ្ណៈ ជា​មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ លោក យស ឌីណា មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច រួម​ទាំង​គ្នីគ្នា ៤​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​នគរបាល​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​កន្លង​ទៅ​ថា ហាង ខារ៉ាអូខេ ក្លឹប​រាត្រី និង​រង្គសាល​ដែល​នៅ​តាម​ខេត្ត និង​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​ទីតាំង​ចែកចាយ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ ក្នុង​នោះ​មាន​ក្លឹប​មួយ​ឈ្មោះ ទ្រូហ្វេស (True Face) ត្រូវ​គេ​ស្គាល់​ថា​ជា​ក្លឹប​រក​លុយ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន ហើយ​ក្លឹប​នេះ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់ ឬ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ណា​មួយ​ហ៊ាន​ប៉ះពាល់​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស