32 C
Phnom Penh

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ​ប្រវត្តិសាស្ត្រ​ពិត​របស់​កម្ពុជា​ដែល​ទទួល​បាន​ឯករាជ្យ​ពី​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ឱកាស​ខួប ៧០​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សិក្សា និង​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ពិត​របស់​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ឯករាជ្យ​ក្រោម​ស្នាព្រះហស្ត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហនុ ដែល​បាន​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៥០។

អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ ដែល​ទំនង​ជា​សំដៅ​ដល់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវតែ​សិក្សា និង​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​កុំ​ឱ្យ​ជន​ក្បត់​ជាតិ និង​ជន​ផ្ដាច់ការ​បំភ្លៃ​ឲ្យ​ខុសពី​ការពិត​ក្នុង​ចេតនា​បោក​បញ្ឆោត ក្រោម​ផែនការ​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​បន្ត​ពូជ​ក្នុង​វង្ស​ត្រកូល​របស់​ពួកគេ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ខួប​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៧០ ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង ក្រោម​បូជនីយកិច្ច​របស់​ព្រះបាទ នរោត្តម សីហនុ ឈាន​មក​ដល់​នៅ​ថ្ងៃទី ៩ វិច្ឆិកា នេះ។

ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដល់​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ គឺជា​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​បាន​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​បាន​ពេញលេញ ក្រោម​ការ​ដឹកនាំ​ដោយ​សម្ដេច​ព្រះ​នរោត្តម សីហនុ។ ក្រោយ​ទទួល​បាន​ឯករាជ្យ សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​សរសេរ​លិខិត​ផ្លូវការ​មួយ​ទៅ​រដ្ឋាភិបាល​បារាំង ដោយ​អះអាង​ថា ចាប់ពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ តទៅ កម្ពុជា​គឺជា​ប្រទេស​ឯករាជ្យ មិន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​ប្រទេស​ណា​ទៀត​ឡើយ ហើយ​កម្ពុជា​នឹង​ស្រឡាញ់​រាប់អាន​បារាំង ក្នុង​ឋានៈ​ជា​ប្រទេស​ឯករាជ្យ​ដូច​គ្នា​ជា​រៀង​រហូត។

បារាំង​បាន​ដាក់​អាណានិគម​លើ​ទឹកដី​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៤៩ ព្រះករុណា​ព្រះបាទ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​សន្ធិសញ្ញា​អាណាព្យាបាល​លើ​កម្ពុជា​វិញ។

នៅ​អំឡុង​ឆ្នាំ​១៩៤៩ ដដែល​នោះ ព្រះអង្គ​ក៏​បាន​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​ឯករាជ្យ​មួយ​ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាម​ផ្លូវ​ច្បាប់ នូវ​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា​រហូត​ដល់​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញលេញ ក្នុង​នោះ​សម្តេច​ព្រះ​នរោត្តម សីហនុ ក៏​បាន​កសាង​វិមាន​ឯករាជ្យ​ទុក​ជា​និមិត្តរូប​នៃ​ការ​ទទួល​បាន​ឯករាជ្យ​របស់​កម្ពុជា​ដែល​មាន​រហូត​ដល់​សព្វថ្ងៃ​នេះ​ថែម​ទៀត។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្ថានភាព​របស់​ប្រទេស​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ មាន​ឯករាជ្យ​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​ការពិត​ជាក់ស្តែង ប្រទេស​កម្ពុជា​មិន​មាន​ឯករាជ្យ​ទេ​ចាប់តាំងពី​លោក ហ៊ុន សែន ត្រូវ​បាន​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក។

លោក គឹម សុខ លើកឡើង​ថា បើ​ទោះបីជា​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​ក្នុង​មាត្រា​១ ស្ដីពី​អធិបតេយ្យភាព​របស់​កម្ពុជា​ក៏ដោយ ក៏ប៉ុន្តែ​ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​របស់​លោក ហ៊ុន សែន ជាមួយ​នឹង​រដ្ឋាភិបាល​វៀតណាម ដូចជា កិច្ចព្រមព្រៀង​ខុស​ច្បាប់​ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ ឆ្នាំ​១៩៨៥ ឆ្នាំ​១៩៨៦ ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៩ ជាដើម សុទ្ធសឹងតែ​ជា​សន្ធិសញ្ញា​ដែល​ដាក់​ឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្រោម​ការ​ឈ្លានពាន​របស់​ប្រទេស​វៀតណាម ទាំងអស់។

អ្នកវិភាគ​នយោបាយ​រូប​នេះ​ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​នៅតែ​មាន​អំណាច​បញ្ជា​លើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ដែល​ជា​កូន​របស់​គាត់ យក​គំរូ​តាម​វីរភាព​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញលេញ​ឡើងវិញ ចៀសវាង​នូវ​ការ​ឈ្លានពាន​ពី​បរទេស​ជិតខាង ហើយ​ក៏​ដើម្បី​ឱ្យ​កម្ពុជា​មាន​មុខ​មាន​មាត់​លើ​ឆាក​អន្តរជាតិ​ទៅ​ថ្ងៃ​អនាគត​ដោយ​ពិតប្រាកដ​ដែរ។

យ៉ាងណា​ក៏ដោយ កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម និង​មាន​មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ទឹកដី​សុវណ្ណភូមិ​មួយ​នេះ​ត្រូវ​បាន​មេដឹកនាំ​របស់​ខ្លួន​យក​ទៅ​ធ្វើ​ជា​វត្ថុ​បញ្ចាំ​ទៅ​ឱ្យ​បរទេស​ជិតខាង​ជា​បន្តបន្ទាប់ ដូចជា ដាក់​បញ្ចាំ​ឱ្យ​វៀតណាម ដើម្បី​អំណាច​សម្រាប់​ក្រុម​គ្រួសារ​ខ្លួនឯង ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស