32 C
Phnom Penh

ប្រទេស​ហ្វីលីពីន លែង​ចង់​បាន​កម្ចី​ចិន​សម្រាប់​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ហ្វីលីពីន សម្រេច​ទម្លាក់​ចោល​ការ​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ដើម្បី​យក​មក​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន ៣​ខ្សែ ដែល​ចិន​បាន​ឱ្យ​ខ្ចី​ក្នុង​អំឡុង​ប្រទេស​ហ្វីលីពីន ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដ្រូឌ្រីងហ្គូ ឌូទើតេ កាន់​អំណាច​រយៈពេល ៦​ឆ្នាំ។

បច្ចុប្បន្ន ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ្វីឌឺណង់ ម៉ាកូស ជូន្ញើ ដែល​គេ​ថា​ជា​មេដឹកនាំ​មាន​ទំនោរ​ទៅ​រក​សហរដ្ឋ​អាមេរិក។ ហ្វីលីពីន អាច​ជា​ប្រទេស​ទី​១ ក្នុង​តំបន់​អាស៊ី ដែល​សម្រេច​លែង​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន (Belt and Road Initiative (BRI))។

រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​ហ្វីលីពីន Jaime Bautista បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រុង​ម៉ានីល ដែល​បណ្ដាញ​សារព័ត៌មាន DW ស្រង់​មក​ចុះផ្សាយ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​ថា ការ​សម្រេច​ទម្លាក់​ចោល​គម្រោង​ខ្ចី​ប្រាក់​ពី​ចិន គឺ​ដោយសារតែ​រដ្ឋាភិបាល​ថ្មី​សិក្សា​ឡើងវិញ​ថា តើ​ត្រូវ​បន្ត​ខ្ចី​ទៀត ឬ​ត្រូវ​ទម្លាក់​ចោល។ តែ​ពេលនេះ លោក​រដ្ឋមន្ត្រី​ថា គណៈរដ្ឋមន្ត្រី​របស់​លោក ម៉ាកូស ជូន្ញើ បាន​សម្រេច​ថា ត្រូវ​ទម្លាក់​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន។ បើ​ដូច​នេះ​មាន​ន័យ​ថា គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន ត្រូវ​បាន​លុបចោល ហើយ​ក៏​លែង​បន្ត​ខ្ចី​ប្រាក់​ពី​ចិន ទៀត​ដែរ។

តែ​បើ​យោង​តាម​សារព័ត៌មាន DW ក្នុង​អាណត្តិ​របស់​លោក ម៉ាកូស ជូន្ញើ ឃើញ​ថា​ទាំង​ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង សម្រេច​បន្ថយ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​ជាមួយ​គ្នា ហើយ​ក៏​ចំ​ពេល​ចិន មិន​បាន​ឆ្លើយតប​មក​វិញ​បន្ទាប់ពី​ហ្វីលីពីន បាន​សាកសួរ​ទៅ​ក្រុង​ប៉េកាំង អំពី​ការ​បន្ត​ផ្ដល់​ប្រាក់​ឲ្យ​ខ្ចី​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន។

ចិន​បាន​សន្យា​ឲ្យ​ហ្វីលីពីន ខ្ចី​ក្នុង​ទំហំ ៥​ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ចំនួន ៣​ខ្សែ ដែល​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ។

ទោះជា​យ៉ាងណា​ក៏ដោយ លោក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ថា ផ្លូវ​រថភ្លើង​ទាំង ៣​ខ្សែ​នេះ​កំពុងតែ​ស្ថាបនា ឬ​ផ្អាក​ទៅ​វិញ​នោះ​ទេ។

ហេតុ​អ្វី​នាំ​ឱ្យ​ហ្វីលីពីន លែង​ខ្ចី​ប្រាក់​ពី​ចិន?

យោង​តាម​សារព័ត៌មាន DW រដ្ឋាភិបាល​លោក​ប្រធានាធិបតី ម៉ាកូស ជូន្ញើ កំពុង​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត មាន​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ជាដើម។ ប៉ុន្តែ​ការ​ប្រេះឆា​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង អាច​ជា​ដើមហេតុ​ធំ​ជាងគេ គឺ​ជម្លោះ​ដែន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ចាប់តាំងពី​លោក ម៉ាកូស ជូន្ញើ ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ ជំនួស​លោក ឌូទើតេ ដែល​ចូល​និវត្តន៍ គេ​សង្កេត​ឃើញ​ភាព​តានតឹង​ជុំវិញ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ហ្វីលីពីន និង​ចិន កាន់តែ​កើនឡើង រហូត​ក្រុង​ម៉ានីល សម្រេច​ស្នើសុំ​សហរដ្ឋ​អាមេរិក​បញ្ជូន​ទ័ព​មក​ដាក់​ពង្រាយ​នៅ​លើ​កោះ​មួយ​ចំនួន​នៅ​ក្នុង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដូចជា​នៅ​ប្រជុំ​កោះ​ស្ព្រាតលី លើ​ដែនទឹក​ដែល​ហ្វីលីពីន​អះអាង​ថា​ជា​របស់​ខ្លួន។

លោក ម៉ាកូស បាន​ប្រកាស​ថា សេចក្ដី​សម្រេច​ពី​សាលាក្ដី​អន្តរជាតិ ដែល​គេ​ហៅ​ថា​អាជ្ញាកណ្ដាល​នៃ​មជ្ឈត្តការ​អន្តរជាតិ​ឆ្នាំ​២០១៦ ដែល​សម្រេច​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​គ្រប់គ្រង​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រាតលី គឺ​ត្រូវតែ​អនុវត្ត ទោះ​ជា​ក្រុង​ប៉េកាំង ជំទាស់​ក៏ដោយ។

ក្រុង​ប៉េកាំង មិន​បាន​ទទួលស្គាល់​សាលក្រម​តុលាការ​អន្តរជាតិ​នេះ​ទេ ដោយ​ចាត់ទុក​ថា​ជា​សេចក្ដី​សម្រេច​ដែល​មិន​ឆ្លើយតប​នឹង​អង្គហេតុ​ពិត​នៃ​ប្រវត្តិ​កកើត​ទឹកដី​ប្រទេស​ចិន។ ចិន​ចាត់ទុក​កោះ​ទាំងឡាយ​នៅ​ក្នុង​ប្រជុំ​កោះ​ស្ព្រាតលី គឺជា​ដែនទឹក​របស់​ចិន ព្រោះ​ចិន​មាន​កម្មសិទ្ធិ​ដល់​ទៅ ៩០​ភាគរយ​នៃ​ផ្ទៃ​ទឹក​សមុទ្រ​ចិន​ខាងត្បូង ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។

ចុងក្រោយ​នេះ ភាព​តានតឹង​រវាង​ចិន និង​ហ្វីលីពីន កាន់តែ​កើនឡើង​ជុំវិញ​ជម្លោះ​ដែនទឹក​សមុទ្រ។ នាវា​ល្បាត​ចិន និង​នាវា​ល្បាត​ហ្វីលីពីន ដែល​សុទ្ធតែ​បំពាក់​កាំភ្លើងយន្ត​ដូច​គ្នា កំពុង​ប្រឈមមុខ​ដាក់​គ្នា​ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រាតលី ហើយ​ការ​ប្រឈមមុខ​ដាក់​គ្នា​នេះ ងាយ​ផុយ​ស្រួយ​បំផុត​នឹង​ប៉ះទង្គិច​ខាង​អាវុធ​ប្រយុទ្ធ​គ្នា។

សម្រាប់​សហរដ្ឋ​អាមេរិក ដែល​ជា​មិត្ត​ស្លាប់​រស់​នៃ​ហ្វីលីពីន បាន​ព្រមាន​ចិន ឱ្យ​បញ្ឈប់​ភាព​តានតឹង ហើយ​សច្ចា​ថា ក្រុង​វ៉ាស៊ីនតោន​នឹង​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាម​ឱ្យ​តែ​ក្រុង​ម៉ានីល ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ចិន។

បច្ចុប្បន្ន កងទ័ព​សហរដ្ឋ​អាមេរិក និង​នាវាចម្បាំង កំពុង​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​កងទ័ព​ម៉ារីន​នៃ​ប្រទេស​មហាអំណាច​នេះ ក៏​បាន​ដាក់​ពង្រាយ​រួច​ស្រេច​ហើយ​នៅ​បណ្ដា​ដែន​កោះ​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង និង​កោះ​មួយ​ចំនួន​នៅ​ក្បែរ​កោះ​តៃវ៉ាន់។

ចិន​ជា​ប្រទេស​ម្ចាស់បំណុល​ធំ​ជាងគេ​តាមរយៈ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន។ ប្រទេស​ជាង ១៦០ ជាប់​បំណុល​ចិន តែ ៨០​ភាគរយ​ជា​ប្រទេស​ក្រីក្រ។ ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​ជា​កូនបំណុល​ចិន ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​មិនមែន​មាន​តែ​ហ្វីលីពីន នោះ​ទេ គឺ​មាន​កម្ពុជា ឡាវ ភូមា និង​ម៉ាឡេស៊ី ប៉ុន្តែ​ម៉ាឡេស៊ី ក៏​កំពុង​ពិចារណា​សើរើ​ពិនិត្យ​គម្រោង​នេះ​ឡើងវិញ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស