36 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ព្រមាន​ថា​បក្ស​កម្លាំង​ជាតិ​អាច​ប្រឈម​នឹង​ការ​ប្តឹង​រំលាយ​ពី​សំណាក់​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ស្នើ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ ដែល​ទើប​បង្កើត​ថ្មី ពិចារណា​ឡើង​វិញ​ចំពោះ​ការ​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​នេះ ដើម្បី​ជៀសវាង​ពី​ការ​ប្តឹង​រំលាយ​គណបក្ស​នេះ​ពី​សំណាក់​ពលរដ្ឋ ដោយសារតែ​លោក រ៉ុង ឈុន កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់​ធ្វើ​សកម្មភាព​នយោបាយ​នៅឡើយ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Fresh News ថា ការ​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ គឺ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ ពីព្រោះ​លោក រ៉ុង ឈុន កំពុង​ស្ថិត​នៅ​ក្នុង​ពេលវេលា​អនុវត្ត​ទោស និង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ ដែល​មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់​ធ្វើ​ជា​ប្រធាន អនុប្រធាន ឬ​ជា​ទីប្រឹក្សា​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក ខៀវ សុភ័គ ព្រមាន​ថា គណបក្ស​កម្លាំង​ជាតិ ត្រូវ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​តែងតាំង​លោក រ៉ុង ឈុន ពីព្រោះ​ពលរដ្ឋ​ក៏​អាច​ប្តឹង​រំលាយ​គណបក្ស​នេះ​បាន​ដែរ ប្រសិនបើ​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ដោយ​ប្រការ​ណា​មួយ​នោះ។

យោង​តាម​លទ្ធផល​នៃ​ការ​ធ្វើ​សមាជ​លើកដំបូង​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា គណបក្ស​កម្លាំង​ជាតិ បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ​តែងតាំង​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​របស់​ខ្លួន និង​តែងតាំង​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អនុប្រធាន​គណបក្ស​នេះ ដែល​មាន​លោក ស៊ុន ចន្ធី ជា​ប្រធាន។

គណបក្ស​ប្រឆាំង​ថ្មី​នេះ គឺ​មាន​សមាសភាព​គណៈកម្មាធិការ​នាយក​ ចំនួន ២៨​រូប និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន ៩​រូប។

គណបក្ស​នេះ​បាន​ដាក់​ចេញ​នូវ​ទិសដៅ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ហើយ​ក៏​បាន​ប្រកាស​ថា​ខ្លួន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​អសកល គឺ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ និង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផង​ដែរ។

យោង​តាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មាត្រា​១៨​ថ្មី ចែង​ថា ប្រធាន និង​អនុប្រធាន​នៃ​គណបក្ស​នយោបាយ និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​នយោបាយ មិន​អាច​ឲ្យ​បុគ្គល​ដែល​ជា​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម​ចូលរួម​ដឹកនាំ​នោះ​ឡើយ។

តុលាការ​កំពូល​តម្កល់​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១១០ កំណត់​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ២​ឆ្នាំ ត្រូវ​កែប្រែ​មក​ជា​ទោស​នេះ ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ ៣​ខែ ១១​ថ្ងៃ។ ទោស​ដែល​នៅ​សល់ ត្រូវ​ព្យួរ​ទោស​សាកល្បង​ដោយ​កំណត់​រយៈពេល ៣​ឆ្នាំ។

លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ កន្លងទៅ ក្នុង​អំឡុង​ពេល​លោក​ចុះ​ស៊ើបអង្កេត​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ។ ពេល​នោះ លោក រ៉ុង ឈុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​សាធារណជន​ថា ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​រវាង​កម្ពុជា-វៀតណាម បាន​ចូល​ដី​កម្ពុជា​ប្រហែល ៥០០​ម៉ែត្រ។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣ យោង​តាម​លិខិត​ឆ្លើយតប​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ផ្ញើ​ជូន​លោក ប្រាជ្ញ ច័ន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បញ្ជាក់​ថា លោក រ៉ុង ឈុន មិន​ទាន់​មាន​នីតិសម្បទា​ឡើងវិញ​ដោយ​ពេញ​លក្ខណៈ​ច្បាប់​ឡើយ ដោយសារ​ពុំ​ទាន់​ផុត​រយៈពេល ៥​ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​អនុវត្ត​ទោស​រួច ហើយ​ក៏​ពុំ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ស្នើសុំ​ឲ្យ​មាន​នីតិសម្បទា​ឡើង​វិញ​តាម​ផ្លូវ​តុលាការ ស្រប​តាម​មាត្រា​៥៣៤ និង​មាត្រា​៥៣៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ដែរ។

អ្នក​តាមដាន​នយោបាយ​ខ្លះ​យល់​ថា នេះ​ជា​ការ​ត្រៀម​របស់​អ្នក​នយោបាយ​ប្រឆាំង ខណៈ​ដែល​គណបក្ស​ភ្លើង​ទៀន មិន​មាន​សង្ឃឹម​ថា​នឹង​អាច​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ពេល​ខាងមុខ។

គណបក្ស​ភ្លើង​ទៀន បាន​សម្រេច​ជ្រើសរើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​លោក គង់ គាំ ឲ្យ​ឈរឈ្មោះ​តំណាង​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខ។

គណបក្ស​ឆន្ទៈ​ខ្មែរ គឺជា​គណបក្ស​ដែល​បាន​ទៅ​ចង​សម្ព័ន្ធភាព​មុនគេ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ខណៈ​គណបក្ស​ពីរ​ទៀត គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា ទើប​តែ​សម្រេច​ចិត្ត​ទៅ​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង​នេះ​កាលពី​ថ្ងៃទី​១០ ខែ​តុលា កន្លង​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស