40 C
Phnom Penh

ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា​ពិត​ជា​មាន​អ្នកកាសែត ៨២៨​រូប​សុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន ប្រាកដ​មែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ព័ត៌មាន អះអាង​ថា ក្រោយពី​បាន​ពិនិត្យ​ជាក់ស្ដែង គឺ​ពិត​ជា​មាន​អ្នក​សារព័ត៌មាន​ចំនួន ៨២៨​រូប បាន​ចូល​ទៅ​សុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ប្រាកដ​មែន ប៉ុន្តែ​តួលេខ​នេះ​មិន​មែន​ជា​ចំនួន​អង្គភាព​សារព័ត៌មាន​ទេ តែ​ជា​ចំនួន​បុគ្គល​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​សារព័ត៌មាន ហើយ​បច្ចុប្បន្ន បញ្ជី​ឈ្មោះ​បុគ្គល​ទាំងនោះ​បាន​តម្កល់​ទុក​នៅ​ក្រសួង ដើម្បី​កំណត់​អត្តសញ្ញាណ​ពិតប្រាកដ​អំពី​ចំនួន​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី និង​មិន​ចុះបញ្ជី​នៅ​ក្រសួង ដើម្បី​មាន​វិធានការ​បន្ត​តាម​ផ្លូវ​ច្បាប់។

ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​អំពី​ចំណាត់ការ​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ទៅ​លើ​អ្នក​សារព័ត៌មាន​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​ករណី​លុយ​កាក់​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅ​ខេត្ត​តាកែវ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ករណី​ការ​ចេញ​ផ្សាយ និង​ការ​ផ្តល់​បញ្ជី​ឈ្មោះ​អ្នក​សារព័ត៌មាន​របស់​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន ក្រសួង​ព័ត៌មាន​បាន​ពិនិត្យ​ជាក់ស្ដែង​ឃើញ គឺ​ពិត​ជា​មាន​អ្នក​សារព័ត៌មាន​ចូល​ទៅ​សុំ​លុយ​ក្រុមហ៊ុន​នេះ​ប្រាកដ​មែន។

ក្រោយពី​ការ​ចេញ​លិខិត​លេខ ៥៨ សជណ.ព.ម ចុះ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៣ មាន​អ្នក​សារព័ត៌មាន​ចំនួន ៤៣​រូប​មកពី​ស្ថាប័ន​សារព័ត៌មាន​ចំនួន ៣៤​អង្គភាព បាន​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ថា ខ្លួន​ពិត​ជា​បាន​ទៅ​សុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន ប្រាកដ​មែន។ ចំណែក​អង្គភាព​សារព័ត៌មាន​ផ្សេង​ទៀត ក៏​បាន​បញ្ជាក់​ជូន​ក្រសួង​ព័ត៌មាន​អំពី​ការ​មិន​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​អះអាង​ថា ដើម្បី​បន្ត​វិធានការ​ចំពោះ​បុគ្គល​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន និង​ដើម្បី​ការពារ​ភាព​ស្អាតស្អំ​ចំពោះ​អ្នក​សារព័ត៌មាន ក្រសួង​ព័ត៌មាន​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន និង​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​សុំ​លុយ​ពី​កាស៊ីណូ ថបដាយអឹម៉ិន ត្រូវ​មក​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ឆ្លើយ​បំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​រៀង​រាល់​ថ្ងៃ​ធ្វើការ គិត​ចាប់​ពី​ថ្ងៃ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន រហូត​ដល់​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ ជា​កំហិត។

ក្រសួង​ព័ត៌មាន បញ្ជាក់​ថា កន្លង​ទៅ​ខ្លួន​បាន​ទទួល​លិខិត​ឆ្លើយ​បំភ្លឺ និង​សុំ​អភ័យ​ទោស​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន លើ​ករណី​ដែល​ក្រុមហ៊ុន​នេះ​បាន​ចេញ​លិខិត​ធ្វើ​ឱ្យ​ប៉ះពាល់ និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​វិជ្ជាជីវៈ​សារព័ត៌មាន។

តាមរយៈ​លិខិត​ឆ្លើយ​បំភ្លឺ និង​សុំ​អភ័យ​ទោស​នេះ ក្រុមហ៊ុន​បាន​សន្យា​បន្ត​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​កន្លង​មក ព្រមទាំង​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន លើ​អ្នក​សារព័ត៌មាន​ដែល​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ពង្រឹង​គុណភាព​ព័ត៌មាន និង​សណ្ដាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយ​នឹង​ការ​ឆ្លើយ​បំភ្លឺ និង​សុំ​អភ័យ​ទោស ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន បាន​ផ្តល់​បញ្ជី​ឈ្មោះ​បុគ្គល​ចំនួន ៨២៨​រូប​ជូន​ក្រសួង​ព័ត៌មាន ដែល​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន បាន​បញ្ជាក់​ថា​ជា​អ្នក​សារព័ត៌មាន​ដែល​បាន​មក​សុំ​លុយ​កាក់​ពី​ក្រុមហ៊ុន។

ចំនួន​នេះ​ប្រហាក់ប្រហែល​ទៅ​នឹង​ចំនួន​អ្នក​សារព័ត៌មាន​ដែល​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា «មាន​អ្នក​សារព័ត៌មាន​មកពី​អង្គភាព​ប្រមាណ ៧០០ ទៅ ៩០០​អង្គភាព​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សុំ​លុយ​កាក់ និង​បាន​ទទួល​ការ​ឧបត្ថម្ភ​ជា​ហូរហែ»

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា សព្វថ្ងៃ​នេះ អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​ជាង ២​ពាន់​អង្គភាព (២១៥៤​អង្គភាព) ដែល​កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​តាម​បែប​បុរាណ និង​បែប​ទំនើប​ទៅ​តាម​លទ្ធភាព​របស់​ពួកគេ​រៀងៗ​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទង្វើ​នេះ​បង្ហាញ​ថា អំពើពុករលួយ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​កំពុងតែ​កើន​ឡើង​ធ្ងន់ធ្ងរ ខណៈ​បនល្បែង​នានា និង​កន្លែង​ប្រកប​អាជីវកម្ម​មិន​ស្រប​ច្បាប់​ដទៃ​ទៀត ក៏​ច្បាស់​ជា​កើតមាន​នូវ​អំពើពុករលួយ​បែប​នេះ​ដូច​គ្នា​ដែរ។

ប្រភព​ដដែល​អះអាង​ថា អំពើពុករលួយ​ទាំងនេះ​បាន​កើត​ឡើង​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​យុទ្ធនាការ​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ​កន្លង​មក និង​បើក​ដៃ​ឱ្យ​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​ខ្លួន​ធ្វើ​សកម្មភាព​ដោយ​សេរី ខណៈ​អង្គភាព​សារព័ត៌មាន​ខ្លះ​បាន​ប្រើ​ឥទ្ធិពល និង​អំណាច​របស់​ខ្លួន​ដែល​មាន​សែស្រឡាយ​បក្ខពួក​ក្នុង​ជួរ​រដ្ឋាភិបាល ជំរិត​ទារ​ប្រាក់​ពី​កន្លែង​ប្រកប​អាជីវកម្ម​នានា ជា​ថ្នូរ​នឹង​ការ​មិន​ចុះផ្សាយ​នូវ​អំពើ​ខុស​ច្បាប់​របស់​ម្ចាស់​អាជីវកម្ម​ខុស​ច្បាប់​ទាំងនោះ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល ខណៈ​សារព័ត៌មាន​ឯករាជ្យ វីអូឌី ដែល​ជា​សារព័ត៌មាន​ឯករាជ្យ​សេសសល់​ចុងក្រោយ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បិទ​ទាំងស្រុង​នៅ​ចុង​ឆ្នាំ​២០២២ ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស