30.8 C
Phnom Penh

ចិន​បន្ត​បញ្ជាក់​ពី​ការ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ក្រោយពី​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​៣​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិន បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ធានា​នូវ​កំណើន​សេដ្ឋកិច្ច និង​នាំ​មក​នូវ​ផ្លែផ្កា​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា។

ថ្លែង​នៅ​ក្នុង​ជំនួប​មួយ​រវាង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកស្រី ស៊ិន យៀកយៀក (Shen Yueyue) អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា នៅ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច ក្រុង​ភ្នំពេញ ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា សម្ដែង​នូវ​ការ​គាំទ្រ​ដល់​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​ចិន លើកឡើង​ថា ដើម្បី​ធានា​នូវ​កំណើន​សេដ្ឋកិច្ច និង​នាំ​មក​នូវ​ផល​ប្រយោជន៍​ជា​ផ្លែផ្កា​ដើម្បី​ប្រទេស និង​ប្រជាជន​កម្ពុជា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន អនុប្រធាន​សភា​ចិន បាន​ឲ្យ​ដឹង​ថា ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា ជា​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​នៅ​ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា-ចិន ដែល​មាន​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់​នៅ​ក្នុង​យុគសម័យ​ថ្មី។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រធាន​គណបក្ស​កាន់​អំណាច និង​អនុប្រធាន​សភា​ចិន បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​បន្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ និង​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត។ ក្រៅពី​នេះ ជំនួប​នៃ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នយោបាយ​ប្រទេស​ទាំង​ពីរ បាន​រំលឹក​ក្នុង​នាម​មិត្ត​ដែកថែប​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន នៅតែ​បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនា​រួម ការ​ប្ដេជ្ញា​បន្ត​បង្កើន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាក់ស្តែង​លើ «ច្រក​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា» និង «ច្រក​របៀង​មច្ឆា និង​អង្ករ» ក្រោម​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ។

រដ្ឋាភិបាល​ត​ពូជ​ថ្មី​ដែល​មាន​អាយុ ៩០​ថ្ងៃ លោក ហ៊ុន ម៉ាណែត បដិសេធ​ថា រដ្ឋាភិបាល​លោក​មិន​មែន​ជា​រដ្ឋាភិបាល​ដេក​អេះ​ពោះ ហើយ​ដើរ​ខ្ចី​តែ​លុយ​បរទេស​ទេ ប៉ុន្តែ​ជា​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍ និង​សម្ពោធ​សមិទ្ធផល​ជាច្រើន ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែកក្តាម ដល់​បាត់ដំបង នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ថវិកា​ច្រើន​ណាស់​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ រួម​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សរសៃ​ឈាម​ដ៏​សំខាន់​របស់​ប្រទេស​ផង​ដែរ ដូច្នេះ បញ្ហា​នេះ​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ខ្ចី​លុយ​ពី​បរទេស ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​របស់​ខ្លួន។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ចាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៣​ខែ​មក​នេះ លោក​មិន​ទាន់​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​នៅឡើយ​ទេ ក្រៅតែ​ពី​ប្រើ​នយោបាយ​ប្រជាភិថុតិ​ដែល​បន្សល់​ពី​ឪពុក​របស់​គាត់​នោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បញ្ហា​ចំពោះ​មុខ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​ដោះស្រាយ គឺ​គ្មាន​អ្វី​ក្រៅពី​ស្ដារ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ​ទេ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជំពាក់​បំណុល​ធនាគារ ឱ្យ​ពួកគាត់​អាច​ស្ដារ​ជីវភាព​គ្រួសារ​ឡើងវិញ ព្រោះ​ថា​មាន​ពលរដ្ឋ​ខ្លះ​ដោយសារតែ​ការ​ជំពាក់​បំណុល​នេះ បាន​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់ និង​ខាតបង់​នូវ​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន ដូចជា​ការ​ដែល​គ្មាន​លទ្ធភាព​បង់​រំលស់​ផ្ទះ​បន្ត​នៅ​តាម​បុរី​នានា ជា​ហេតុ​ធ្វើ​ឱ្យ​ម្ចាស់​បុរី​រឹបអូស​យក​ផ្ទះ​វិញ ជាដើម។

បន្ទាប់ពី​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ពីរ​លើក​បន្តបន្ទាប់​គ្នា។ នៅ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា មេដឹកនាំ​កំពូល​ចិន តែង​ពោល​ពាក្យ​រឹតចំណង បង្កើន ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​កម្រិត​ខ្ពស់​រួច​ទៅ​ហើយ​នោះ ឲ្យ​កាន់តែ​ខ្ពស់​បន្ថែម​ទៀត។ មេដឹកនាំ​ចិន ក៏​បាន​បង្ហាញ​នូវ​ចំណុច​ជា​វិជ្ជមាន ដែល​ប្រទេស និង​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការ​ចូលរួម​ជាមួយ​យុទ្ធសាស្ត្រ «ខ្សែក្រវាត់ និង​ផ្លូវ» របស់​ចិន ខណៈ​ដែល​កម្ពុជា​បន្ត​អះអាង​ត​ជំនាន់​ពី​ការ​គាំទ្រ​ឥត​ងាករេ​នូវ​នយោបាយ​ចិន​មួយ បើ​ទោះណាជា​ប្រទេស​នេះ​រង​នូវ​ការ​រិះគន់​ពី​លោក​ខាងលិច​ថា​មាន​ការ​លម្អៀង​ទៅ​រក​ចិន ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស