30.8 C
Phnom Penh

លោក សម រង្ស៊ី៖ ពលរដ្ឋ​គួរតែ​នាំគ្នា​កាន់​ទុក្ខ​នៅ​ថ្ងៃ​រដ្ឋាភិបាល​ថ្មី​ក្រុង​ភ្នំពេញ​ប្រារព្ធ​បុណ្យ​ខួប​១០០​ថ្ងៃ​នៃ​ការ​ឡើង​កាន់​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នឹង​ប្រារព្ធ​បុណ្យ​ខួប ១០០​ថ្ងៃ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​នាំគ្នា​កាន់ទុក្ខ​នៅ​ថ្ងៃ​នោះ​វិញ ព្រោះ​ថា​តាំងពី​ឡើង​មក​កាន់​តំណែង អំពើ​អយុត្តិធម៌​សង្គម​កាន់តែ​រីក​ធំ​ទៅៗ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ថា តាំងពី​ថ្ងៃ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ គ្មាន​អ្វី​ដែល​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​អបអរ​សាទរ​ទេ ព្រោះ​ថា​ការ​ដឹកនាំ​របស់​គាត់​កាន់តែ​អាក្រក់​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ។

លោក សម រង្ស៊ី លើកឡើង​ថា អំពើ​អយុត្តិធម៌​សង្គម​កាន់តែ​កើត​មាន​ក្នុង​រដ្ឋាភិបាល​បន្ត​ពូជ​ថ្មី​នេះ ក្នុង​នោះ អ្នកទោស​នយោបាយ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាន់តែ​រង​នូវ​ភាព​អយុត្តិធម៌​ច្រើន​ឡើង​ខណៈ​អំពើ​គំរាមកំហែង​កាន់តែ​រីក​រាលដាល​ពេញ​ប្រទេស ចំណែក​ការ​ប្រើ​អំណាច​ផ្ដាច់ការ​របស់​របប​ដែល​បាន​បន្ត​ពី​ឪពុក​ទៅ​កូន​នេះ ក៏​កាន់តែ​រាតត្បាត​អនាធិបតេយ្យ​ថែម​ទៀត។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​ការ​ប្រើ​អំណាច​ផ្ដាច់ការ​កាន់តែ​ខ្លាំង វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ក៏​កាន់តែ​ធ្លាក់​ចុះ ខណៈ​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ ដូចជា ការ​កាប់​ព្រៃឈើ ការ​លក់​ដី​រដ្ឋ លក់​ធនធាន​ក្រោម​ទឹក និង​រ៉ែ ឲ្យ​ទៅ​ក្រុមហ៊ុន និង​ជនបរទេស កាន់តែ​កើត​មាន​ច្រើន​ឡើងៗ ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ត្រូវ​របប​នេះ​ច្របាច់​ក​ទារ​ពន្ធ​កាន់តែ​ខ្លាំង ទោះ​គ្រួសារ​ពួកគេ​ជំពាក់​លុយ​ធនាគារ​វ័ណ្ឌក​រើ​ខ្លួន​មិន​រួច​ក៏ដោយ។

លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន បាន​បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​ពី​ឪពុក​បាន ៣​ខែ​ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​២២ ខែ​សីហា រហូត​ដល់​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​លោក ហ៊ុន ម៉ាណែត ដាក់​ចេញ​នូវ​គោលនយោបាយ​ស្ដារ​សេដ្ឋកិច្ច​ជាតិ ឬ​ដោះស្រាយ​វិបត្តិ​នយោបាយ​ណា​មួយ​ដែល​បាន​បន្សល់​ទុក​ពី​ជំនាន់​ឪពុក​របស់​គាត់​នៅឡើយ​ទេ។

យ៉ាងណាក៏ដោយ ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៥ កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​ដែល​មាន​អាយុ ៩០​ថ្ងៃ​មិន​មែន​ជា​រដ្ឋាភិបាល​ដេក​អេះ​ពោះ ហើយ​ដើរ​ខ្ចី​តែ​លុយ​បរទេស​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍ និង​សម្ពោធ​សមិទ្ធផល​ជាច្រើន ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ។

ជាង​នេះ​ទៀត ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ វិច្ឆិកា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៥% នៅ​ឆ្នាំ​២០២៣ និង​ជាង ៦% នៅ​ឆ្នាំ​២០២៤ បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​លោក​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព និង​ការ​កែទម្រង់​ដ៏​មុត​ស្រួច​នា​ពេល​កន្លងមក។

បែប​នេះ​ក្តី អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា អះអាង​ថា ចាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​រយៈពេល ៣​ខែ​មក​នេះ លោក​មិន​ទាន់​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​នៅឡើយ ក្រៅតែ​ពី​ប្រើ​នយោបាយ​ប្រជាភិថុតិ​ដែល​បន្សល់​ពី​លោក ហ៊ុន សែន ឪពុក​គាត់។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បញ្ហា​ចំពោះ​មុខ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​ដោះស្រាយ គឺ​គ្មាន​អ្វី​ក្រៅពី​ស្ដារ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ​ទេ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជំពាក់​បំណុល​ធនាគារ ឱ្យ​ពួកគាត់​អាច​ស្ដារ​ជីវភាព​គ្រួសារ​ឡើងវិញ ព្រោះ​ថា​មាន​ប្រជាពលរដ្ឋ​ខ្លះ​ដោយសារតែ​ការ​ជំពាក់​បំណុល​នេះ បាន​ធ្វើ​ឱ្យ​គាត់​បាត់បង់ និង​ខាតបង់​នូវ​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន ដូចជា ការ​ដែល​គ្មាន​លទ្ធភាព​បង់​រំលស់​ផ្ទះ​បន្ត​នៅ​តាម​បុរី​នានា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម្ចាស់​បុរី​រឹបអូស​យក​ផ្ទះ​វិញ ជាដើម។

ក្រោយពី​ឡើង​កាន់​តំណែង​របស់​លោក ហ៊ុន ម៉ាណែត គេ​សង្កេត​ឃើញ​ថា បញ្ហា​សង្គម​នានា​នៅតែ​បន្ត​កើត​មាន​ដូច​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដូច្នោះ​ដែរ ដូចជា ការ​មិន​ធានា​បាន​នូវ​អំពើ​យុត្តិធម៌​ជូន​សកម្មជន​នានា​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ការ​មិន​ធានា​បាន​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ ការ​បន្ត​ជាប់​គាំង​វិបត្តិ​នយោបាយ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ជាតិ ការ​ធ្លាក់​វិស័យ​ទេសចរណ៍ ការ​កើន​ឡើង​នៃ​បំណុល​ជាតិ និង​បំណុល​របស់​ប្រជាពលរដ្ឋ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សព្វថ្ងៃ​នេះ ដែល​គ្មាន​ការ​ដោះស្រាយ​ពី​រដ្ឋាភិបាល ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស