30.8 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា៖ សន្តិភាព​ពិត​ឬ​មិន​ពិត និង​ការ​អភិវឌ្ឍ​ក្លែងក្លាយ​ឬ​ក៏​អត់ គឺ​ស្ថិត​លើ​ពលរដ្ឋ មិន​មែន​លើ​មាត់​អ្នក​ដឹកនាំ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ការ​ប្រកាស​ថា​កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​មាន​សង្គ្រាម ទៅ​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព ពី​ប្រទេស​ដែល​គ្មាន​ស្ថិរភាព ទៅ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ពិតប្រាកដ នរណា​ក៏​អាច​និយាយ​បាន​ដែរ ប៉ុន្តែ​សន្តិភាព​ពិត​ឬ​មិន​ពិត ហើយ​ការ​អភិវឌ្ឍ​ក្លែងក្លាយ​ឬ​ក៏​អត់ គឺ​ស្ថិត​នៅ​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ មិនមែន​ស្ថិត​លើ​មាត់​អ្នក​ដឹកនាំ​ទេ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ ធ្នូ ថា ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​លើ​ពលរដ្ឋ​ខ្លួនឯង គ្មាន​ចំណេញ​អ្វី​ដល់​ប្រទេស​ជាតិ​ទេ ព្រោះ​ថា​កម្ពុជា​សព្វថ្ងៃ​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ស្ទើរ​គ្រប់​ផ្នែក ដូចជា ការ​អភិវឌ្ឍ​ដោយ​ពឹង​លើ​បំណុល​បរទេស នីតិរដ្ឋ​ធ្លាក់​ក្បែរ​បាត​តារាង និង​អំពើពុករលួយ​ស្ថិត​ក្នុង​កម្រិត​គួរ​ឱ្យ​ព្រួយបារម្ភ ជាដើម។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដោយសារតែ​នីតិរដ្ឋ​ធ្លាក់​ចុះ និង​អំពើពុករលួយ​រីក​រាលដាល​ក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​នេះ​ហើយ បាន​ជា​រោគសញ្ញា​ជាច្រើន​បាន​កើត​មាន​ក្នុង​សង្គម​ជា​បន្តបន្ទាប់ ដូចជា ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​តាមរយៈ​នៃ​ការ​សម្បទាន ដោយ​ការ​ជួល ឬ​លក់​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដែល​ចេះ​តែ​កើនឡើង​រហូត​ឈាន​ដល់​ការ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ស្ទើរ​ពេញ​ប្រទេស​ថែម​ទៀត។ ទន្ទឹម​នឹង​នេះ ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​រិះគន់ ក៏​ចេះ​តែ​បន្ត​កើត​មាន​ឥត​ឈប់​ឈរ​ផង​ដែរ។

អតីត​អ្នកទោស​នយោបាយ​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្ពុជា​ពោរពេញ​ទៅ​ដោយ​អំពើ​ទុច្ចរិត​ដូច​ដែល​គេ​រក​ឃើញ​ខាងលើ​នេះ គឺជា​ភស្តុតាង​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​បង្ហាញ​ថា ប្រជាពលរដ្ឋ​ពិត​ជា​មិន​អាច​ទទួល​បាន​នូវ​សេចក្តី​សុខ​ពី​សន្តិភាព​ដែល​មន្ត្រី​បក្ស​កាន់​អំណាច​តែងតែ​អួត​ក្ដែងៗ​សព្វថ្ងៃ​នេះ​ទេ ខណៈ​អំពើ​អយុត្តិធម៌​ក៏​បាន​រាតត្បាត​យ៉ាង​អនាធិបតេយ្យ​ពេញ​សង្គម​ខ្មែរ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ក្នុង​ពេល​ដំណាល​គ្នា​នេះ​ដែរ។

ក្នុង​ពិធី​សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អួត​ថា កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​មាន​សង្គ្រាម ទៅ​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​ពេញលេញ ពី​ប្រទេស​ដែល​គ្មាន​ស្ថិរភាព ទៅ​ជា​កន្លែង​មាន​ការ​អភិវឌ្ឍ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​សុខ​ក្សេមក្សាន្ត ព្រមទាំង​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់។

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​ក្រីក្រ​ងើប​ពី​ភ្លើង​សង្គ្រាម​ដោយ​បាតដៃ​ទទេ​ជាង ៤០​ឆ្នាំ ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​នឹង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដែល​នឹង​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ទូទាំង​ប្រទេស​កើន​ឡើង ហើយ​ចំណុច​នេះ​គឺជា​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ត្រូវតែ​ធ្វើ​បន្ត។

លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ក្រោម​បង្គាប់​ឪពុក បញ្ជាក់​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក នឹង​បន្ត​ទទួល​ខុសត្រូវ​លើ​ពលរដ្ឋ និង​ប្រទេស​ជាតិ​ទៅ​មុខ​បន្ត​ទៀត ដូចជា ជំរុញ​ជីវភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស និង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន ទទួល​ខុសត្រូវ​រាល់​ការ​អភិវឌ្ឍ​ទាំងអស់​ដែល​ត្រូវ​គិត​ឱ្យ​បាន​ហ្មត់ចត់ បញ្ចៀស​រាល់​ការ​ប៉ះពាល់ និង​ទទួល​ខុសត្រូវ​លើ​ផល​ប៉ះពាល់​បរិស្ថាន​ពិភពលោក និង​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ។

បើ​ទោះបីជា​លោក ហ៊ុន ម៉ាណែត បាន​អះអាង​បែប​នេះ​ក្តី ក៏​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ដែល​មាន​អាយុ​ជាង ៣​ខែ​នេះ មិន​ទាន់​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាក់លាក់ ដើម្បី​កែប្រែ​សេដ្ឋកិច្ច​ជាតិ ឬ​ការ​បើក​លំហ​សេរីភាព និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ក្មេងខ្ចី​មួយ​នេះ​កំពុង​អនុវត្ត​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​បន្ត​ពី​លោក ហ៊ុន សែន ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ចាស់ និង​ជា​ឪពុក​របស់​ខ្លួន​ទៅវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា តាំងពី​ថ្ងៃ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ គ្មាន​អ្វី​ដែល​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​អបអរ​សាទរ​ទេ ព្រោះ​ថា​តាំងពី​គាត់​ឡើង​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី អំពើ​អយុត្តិធម៌​សង្គម​កាន់តែ​រីក​ធំ​ទៅៗ ខណៈ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​កាន់តែ​ដុនដាប​ទៅៗ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស