39 C
Phnom Penh

រុស្ស៊ី​នឹង​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​មីនា​ឆ្នាំ​២០២៤ ខណៈ​លោក ពូទីន នៅ​សល់​អ្នកគាំទ្រ​ជិត ៣០% ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សភា​ជាន់ខ្ពស់​នៃ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ធ្នូ នេះ បាន​បោះឆ្នោត​កំណត់​យក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៤ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី​អាណត្តិ​ថ្មី ក្នុង​កាលៈទេសៈ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​ធ្នូ នេះ។

សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង​ឯកច្ឆន្ទ​ចំនួន ១៦២​សំឡេង នៅក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ប្រទេស​រុស្ស៊ី។

ប្រធាន​ព្រឹទ្ធសភា​រុស្ស៊ី លោកស្រី Valentina Matviyenko បាន​និយាយ​ថា សេចក្ដី​សម្រេច​នេះ​នឹង​ក្លាយ​ជា​ការ​បោះឆ្នោត​លើកដំបូង​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី ដែល​ប្រជាជន​រស់នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​តំបន់ Donetsk, Luhansk, Zaporizhzhya និង Kherson នៃ​ប្រទេស​អ៊ុយក្រែន ដែល​រុស្ស៊ី កាត់​បញ្ចូល​ជា​ឧបសម្ពន្ធ​របស់​ខ្លួន ក៏​ត្រូវ​ចូលរួម​បោះឆ្នោត​ផង​ដែរ។

តែ​ចំពោះ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​អំពី​មហិច្ឆតា​របស់​លោក ដើម្បី​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី ឬ​ក៏​លោក​សម្រេច​ចូល​និវត្តន៍។ យ៉ាងណា លោក ពូទីន សឹងតែ​អស់​ប្រជាប្រិយភាព ឬ​អ្នកគាំទ្រ​ទៅ​ហើយ ព្រោះ​តែ​លោក​លើក​ទ័ព​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន ដែល​អូស​បន្លាយ​ពេល​ជាង ២១​ខែ​មក​នេះ។

ថ្មីៗ​នេះ មជ្ឈមណ្ឌល​ស្ទង់​មតិ​មួយ​នៅ​ក្រុង​មូស្គូ​ឈ្មោះ​ថា Levada Center បាន​ចុះ​ស្ទង់​មតិ​លើ​មនុស្ស​ជិត ២​ពាន់​នាក់​កាលពី​ចុង​ខែ​តុលា ដោយ​រក​ឃើញ​ថា ៧០% ឆ្លើយ​ថា​ពួកគេ​ប្រឆាំង​លោក ពូទីន ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ពួកគេ​ថា​មិន​គាំទ្រ​លោក ពូទីន ឱ្យ​ដឹកនាំ​ប្រទេស​ទៀត​នោះ​ទេ។

តាមរយៈ​លទ្ធផល​នៃ​ការ​ស្ទង់មតិ​នេះ បង្ហាញ​ថា លោក ពូទីន សឹងតែ​អស់​អ្នកគាំទ្រ​ហើយ ប៉ុន្តែ​សម្រាប់​បុរស​ខ្លាំង​រូប​នេះ​ពិត​នឹង​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត ព្រោះ​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​នេះ​ក៏​ត្រូវ​បាន​លោក​ខាងលិច​ចាត់ទុក​ថា​ជា​ឧបករណ៍​នយោបាយ​របស់​លោក ពូទីន ដែល​ចាំ​តែ​ប្រថាប់ត្រា​ឱ្យ​លោក ពូទីន បាន​ឈ្នះ​ឆ្នោត​ប៉ុណ្ណោះ។

ការ​បោះឆ្នោត​នៅ​ខែ​មីនា ឆ្នាំ​២០២៤ នេះ នឹង​ពុំ​មាន​វត្តមាន​មេ​បក្ស​ប្រឆាំង​នោះ​ទេ។ មេ​បក្ស​ប្រឆាំង​ខ្លះ​ត្រូវ​លោក ពូទីន ចាប់​ដាក់​ពន្ធនាគារ និង​ខ្លះ​ទៀត​រត់​ទៅ​នៅ​ក្រៅ​ប្រទេស ព្រោះតែ​ពួកគេ​ជា​មុខសញ្ញា​ដែល​លោក ពូទីន ត្រូវ​ចាប់​ខ្លួន​ដោយសារតែ​ប្រឆាំង​បុរស​ខ្លាំង​រូប​នេះ​ធ្វើ​សង្គ្រាម​វាយ​ចូល​ប្រទេស​អ៊ុយក្រែន។

លោក ពូទីន បាន​ឡើង​កាន់​អំណាច​ដំបូង​នៅ​រុស្ស៊ី កាលពី​ចុង​ឆ្នាំ​១៩៩៩ ហើយ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ផ្លូវការ​នៅ​ឆ្នាំ​២០០០ និង​ជាប់​មួយ​អាណត្តិ​ទៀត​នៅ​ឆ្នាំ​២០០៤។ នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​រុស្ស៊ី នា​ពេល​នោះ បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង​រូប​នេះ​មិន​អាច​បន្ត​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ទី​៣ ជាប់​គ្នា។ នៅ​ឆ្នាំ​២០០៨ លោក ពូទីន បាន​គាំទ្រ​លោក Dmitry Medvedev ដែល​ជា​មនុស្ស​ជំនិត​ឱ្យ​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី។

លោក Medvedev ក៏​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ហើយ​បាន​តែងតាំង​លោក ពូទីន ជា​នាយករដ្ឋមន្ត្រី។ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១២ លោក ពូទីន បាន​ជាប់​ឆ្នោត​គ្រប់​អាណត្តិ​បន្តបន្ទាប់​គ្នា​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

នៅ​ក្នុង​សង្គ្រាម​ដែល​រុស្ស៊ី រក​ផ្លូវ​ឈ្នះ​មិន​ឃើញ​នេះ លោក ពូទីន ថ្លែង​ថា រុស្ស៊ី​មិន​ដែល​ច្រាន​ចោល​សំណើ​សុំ​ចរចា​ដើម្បី​សន្តិភាព​នៅ​អ៊ុយក្រែន ម្ដង​ណា​នោះ​ទេ។ លោក ពូទីន បាន​ច្រាន​ចោល​ការ​លើកឡើង​ទាំងឡាយ​ណា​ដែល​ថា​រុស្ស៊ី​គេច​ចេញពី​ការ​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន។

បុរស​ខ្លាំង​បំផុត​នៅ​វិមាន​ក្រឹមឡាំង បាន​ថ្លែង​ដូចនេះ​ទៅ​កាន់​កិច្ចប្រជុំ​មួយ​នៃ​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​លោក ពូទីន ថ្លែង​តាមរយៈ​វីដេអូ Conference កាលពី​ពេល​ថ្មីៗ​នេះ។

យោង​តាម​ប្រភព​ព័ត៌មាន​ចេញពី​វិមាន​ក្រឹមឡាំង ដែល​ត្រូវ​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ឲ្យ​ដឹង​ថា លោក ពូទីន បាន​ថ្លែង​ដូចនេះ​បន្ទាប់ពី​លោក​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​នៅ​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន ដែល​កំពុង​ផ្ទុះ​សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល វាយ​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន។

ថ្លែង​ទៅ​កាន់​វេទិកា​សេដ្ឋកិច្ច G-20 លោក ពូទីន បាន​បញ្ជាក់​ថា ប្រទេស​ខ្លះ​វាយប្រហារ​រិះគន់​មក​លើ​រុស្ស៊ី ថា​កំពុងតែ​ឈ្លានពាន​អ៊ុយក្រែន តែ​ការពិត គឺ​សោកនាដកម្ម​ដែល​កើត​ចេញពី​សង្គ្រាម​នៅ​អ៊ុយក្រែន មិន​មែន​រុស្ស៊ី​មិន​ចង់​បញ្ឈប់​នោះ​ទេ តែ​អ៊ុយក្រែន​ទេ​មិន​ព្រម​ទទួល​យក​ការ​ចរចា។ ជាមួយ​នឹង​ការ​ថ្លែង​ចង់​ចរចា​បិទ​បញ្ចប់​សង្គ្រាម លោក ពូទីន ចោទ​ក្រុម​បស្ចិម​ប្រទេស​ថា​ជា​អ្នក​ខ្ចី​ដៃ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ប្រហារ​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស