28.7 C
Phnom Penh

ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ទៅ​វៀតណាម​ក្នុង​គោលដៅ​ពង្រឹង​ឥទ្ធិពល ជាជាង​ពង្រឹង​មិត្តភាព​ក្នុង​នាម​ប្រទេស​ជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​បាន​ធ្វើ​ដំណើរ​ទស្សនៈ​ទៅ​ជួប​មេដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ គឺជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ទី​២ ហើយ​ចាប់តាំងពី​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ក្នុង​ឆ្នាំ​២០១៧ មក។

ដំណើរ​ទស្សនកិច្ច​ពីរ​លើក​ដែល​ធ្វើឡើង​ក្នុង​រយៈពេល ៦​ឆ្នាំ​មក​នេះ តែង​មាន​គោលដៅ​ពីរ​ធំៗ​នៅ​ពីក្រោយ គឺ​ការ​ពង្រឹង​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ​ផង និង​កិច្ចសហការ​ទ្វេភាគី​ផង​ដែរ ព្រោះ​ថា ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​នេះ ពិត​មែន​តែ​មាន​ព្រំដែន​ជាប់​គ្នា ប៉ុន្តែ​ពួកគេ​មិន​មាន​ប្រវត្តិ​រួម​រស់​ជាមួយ​គ្នា​ដោយ​សន្តិភាព​រឹងមាំ​នោះ​ទេ​តាំងពី​ដើម​រៀង​មក។

ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ទៅ​កាន់​ទីក្រុង​ហាណូយ ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​១២ ធ្នូ នេះ គឺ​មាន​រយៈពេល​ត្រឹមតែ ៣​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ទៅ​កាន់​ប្រទេស​សង្គម​និយម​មួយ​នេះ ក្នុង​គោលដៅ​ពង្រឹង​ឥទ្ធិពល​សហរដ្ឋ​អាមេរិក​ក្នុង​ភូមិសាស្ត្រ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​នោះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ស៊ី ជីនពីង បាន​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម​កំពូលៗ​មួយ​ចំនួន ដូចជា អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម​លោក Nguyen Phu Trong ប្រធានាធិបតី​វៀតណាម លោក Vo Van Thuong និង​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh ទៀត​ផង ខណៈ​លោក ចូ បៃដិន ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម កាលពី​ខែ​កញ្ញា កន្លង​ទៅ​នោះ ក៏​បាន​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម ទាំង​បី​រូប​នេះ​ផង​ដែរ។

ពេល​ឈាន​ជើង​ជាន់​ទឹកដី​វៀតណាម​ភ្លាម លោក ស៊ី ជីនពីង បាន​និយាយ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ចុះ​ពី​លើ​យន្តហោះ​ថា វត្តមាន​របស់​លោក គឺ​ដើម្បី​លើក​ទឹកចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ទ្វេភាគី បញ្ហា​តំបន់ និង​បញ្ហា​សកល​ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ដើរ​ដល់​ដំណាក់កាល​ថ្មី​មួយ។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន ដែល​បាន​ចេញ​ផ្សាយ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ។

ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក ស៊ី ជីនពីង នេះ មាន​កិច្ចព្រមព្រៀង​ចំនួន ៣៧ ត្រូវ​បាន​ចុះហត្ថលេខា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន និង​ពាណិជ្ជកម្ម​ផង​ដែរ។ លើស​ពី​នេះ ប្រទេស​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​ល្បាត​សមុទ្រ​រួម​គ្នា​ថែម​ទៀត​នៅ​ឈូង​សមុទ្រ​តុងកឹង ដែល​មេដឹកនាំ​ចិន​រូប​នេះ​បាន​ហៅ​ទំនាក់ទំនង​ចិន-វៀតណាម ថា​ជា​ទំនាក់ទំនង​ដូចជា​ដើម​ឫស្សី ដែល​បណ្ដុះ​ទំពាំង​ដូច្នោះ​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​ថា ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង បាន​នាំ​មក​នូវ​ការ​បន្ថែម​សាមគ្គីភាព​មិត្តភាព​កាន់តែ​រឹងមាំ​ថែម​ទៀត ដែល​សំដៅ​ដល់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​រវាង​ចិន និង​វៀតណាម​ទៅ​ថ្ងៃ​មុខ។

អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ២​ថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ក្រុង​ប៉េកាំង​ព្យាយាម​ទាក់ទាញ​ក្រុង​ហាណូយ សំដៅ​កាត់បន្ថយ​ការ​កើន​ឡើង​ឥទ្ធិពល​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​វៀតណាម ផង និង​ក្នុង​តំបន់​ផង​ដែរ។

វៀតណាម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​តែ​មាន​ទំនោរ​កាន់តែ​ងាក​ទៅ​រក​ប្រទេស​លោក​ខាងលិច ជាពិសេស​សហរដ្ឋ​អាមេរិក​តែម្តង ដោយសារតែ​វៀតណាម មាន​ការ​ព្រួយបារម្ភ​ពី​មហិច្ឆតា​របស់​ចិន លើ​ដែន​សមុទ្រ​ចិន​ខាងត្បូង​សព្វថ្ងៃ​នេះ។

លោក Zachary Abuza ជា​អ្នកជំនាញ​ម្នាក់​ខាង​កិច្ចការ​អាស៊ី​មកពី​សាកលវិទ្យាល័យ National War College ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយ​ថា ចិន​នៅតែ​ជា​ប្រទេស​ដែល​គំរាមកំហែង​ដល់​រដ្ឋាភិបាល​វៀតណាម ករណី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ចិន​វិញ​នៅតែ​ចង់​ឱ្យ​វៀតណាម ងាក​ចេញពី​អាមេរិក ដោយ​ព្យាយាម​ពន្យល់​ថា ចិន និង​វៀតណាម មាន​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដូច​គ្នា​ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ដែល​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ជា​រៀង​រហូត។

លោក Le The My អតីត​ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ការបរទេស​នៃ​វិទ្យាស្ថាន​សិក្សា​អំពី​ចិន ក្នុង​ទីក្រុង​ហាណូយ បាន​និយាយ​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ចិន​ពិត​ជា​ចង់​ប្រាប់​មេដឹកនាំ​វៀតណាម ថា ចិន​នឹង​មិន​បោះបង់​ចោល ឬ​ដើរ​ចេញពី​វៀតណាម​នោះ​ទេ ហើយ​ចិន​ក៏​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​វៀតណាម ដែរ ដរាបណា​វៀតណាម​នៅតែ​រក្សា​បាន​តុល្យការ​នៃ​កិច្ចសហការ​ទ្វេភាគី​កាន់តែ​រឹងមាំ។

ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ករណី​សមុទ្រ​ចិន​ខាងត្បូង មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ។ ប្រទេស​៥​នេះ រួម​ទាំង​ឥណ្ឌា និង​កោះ​តៃវ៉ាន់ កំពុងតែ​ប្រឆាំង​ចិន​ដែល​បាន​គូស​ផែនទី​ថ្មី​មួយ​ដែល​ហៅ​ថា​ផែនទី ៩​ឆ្នូត​នៃ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចោទ​ក្រុង​ប៉េកាំង ថា​ព្យាយាម​រំលោភ​ដែនទឹក​របស់​ប្រទេស​ទាំង ៧ នេះ ហើយ​បាន​ទាមទារ​ឱ្យ​ចិន បោះបង់​ចោល​ផែនទី​នេះ ដោយ​តម្រូវ​ឱ្យ​ចិន​គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ UNCLOS។

ចំណែក​សហរដ្ឋ​អាមេរិក បាន​ហៅ​សមុទ្រ​ចិន​ខាងត្បូង​ថា​ជា​តំបន់​ផ្លូវ​នាវាចរ​អន្តរជាតិ ដែល​ប្រទេស​ចិន​ពុំ​មាន​សិទ្ធិ​កាន់កាប់​ផ្ដាច់មុខ​ឡើយ។ ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​រវាង​ចិន និង​ហ្វីលីពីន រួម​ទាំង​ចិន និង​វៀតណាម ផង​ដែរ។

ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ទៅ​វៀតណាម​លើក​ទី​ពីរ​នេះ ពិត​ណាស់​ក្រុង​ប៉េកាំង​មិន​ចង់​ឱ្យ​វៀតណាម​កាន់តែ​ដើរ​ទៅ​រក​សហរដ្ឋ​អាមេរិក ដែល​នៅ​ក្រៅ​តំបន់​នោះ​ទេ ប៉ុន្តែ​ទង្វើ​របស់​ចិន​ដែល​ចេះ​តែ​បំពាន​ដែនទឹក​វៀតណាម និង​ប្រទេស​ជិតខាង ទំនង​ជា​ក្រុង​ប៉េកាំង​ក៏​មិន​អាច​ចាប់​យក​ភូមិសាស្ត្រ​នយោបាយ​ផ្ដាច់មុខ​ពី​សហរដ្ឋ​អាមេរិក​បាន​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស