32 C
Phnom Penh

ភ្នាក់ងារ​ចារកម្ម​របស់​អាមេរិក​អះអាង​ថា ទ័ព​រុស្ស៊ី​បាត់បង់​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​ជិត ៩០%

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍​របស់​ភ្នាក់ងារ​ចារកម្ម​សហរដ្ឋ​អាមេរិក ដែល​បាន​បញ្ជូន​ទៅ​កាន់​សមាជិក​សភា បាន​ឱ្យ​ដឹង​ថា ក្នុង​សង្គ្រាម​ចាប់ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទ័ព​របស់​រុស្ស៊ី​បាត់បង់​ប្រមាណ ៨៧% ហើយ​សុទ្ធសឹងតែ​ជា​ទ័ព​ប្រយុទ្ធ ក្នុង​នោះ​បើ​គិត​ជា​តួលេខ​មាន​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​នាក់។

របាយការណ៍​របស់​ទីភ្នាក់ងារ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​លម្អិត​ទៀត​ថា បើ​និយាយ​ពី​តួលេខ​ដែល​លើស​ពី​នេះ​ទៅ​ទៀត គឺ​កងទ័ព​រុស្ស៊ី​មាន​នៅ​លើ​សមរភូមិ​ជាក់ស្ដែង​មាន​ចំនួន ៣​សែន ៦​ម៉ឺន​នាក់។ ប៉ុន្តែ​ការ​បាត់បង់​ទ័ព​រហូត​ដល់​ចំនួន ៣​សែន ១​ម៉ឺន ៥​ពាន់​នាក់​នេះ គឺជា​តួលេខ​ដែល​បង្ហាញ​អំពី​ទ័ព​ប្រយុទ្ធ​របស់​រុស្ស៊ី ដែល​ត្រូវ​ដឹក​យក​ទៅ​សមរភូមិ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​ពួកគេ​ភាគច្រើន​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​សមរភូមិ​ផ្ទាល់​តែម្ដង។ ក្នុង​ចំនួន​នេះ មួយ​ភាគ​ធំ​ទៀត​នោះ ពួកគេ​ក្លាយ​ជា​ជន​ពិការ ខណៈ​ខ្លះ​ទៀត​បាន​បាត់​ខ្លួន។

បណ្ដាញ​ទូរទស្សន៍ CNN បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឱ្យ​ដឹង​ថា បើ​និយាយ​ពី​រថក្រោះ​ធុន​ធ្ងន់ គឺ​រុស្ស៊ី​បាត់បង់​ប្រមាណ​ជា ២២០០​គ្រឿង​ក្នុង​ចំណោម​សព្វាវុធ​ធុន​ធ្ងន់​ដែល​រុស្ស៊ី​អូស​យក​ទៅ​ធ្វើ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ចំនួន ៣៥០០​គ្រឿង។ ចំណែក​រថពាសដែក​វិញ រុស្ស៊ី​បាត់បង់​ចំនួន ៤៤០០​គ្រឿង ស្រប​ពេល​ដែល​រុស្ស៊ី​នៅ​សល់​អាវុធ​ប្រភេទ​នេះ​ចំនួន ១៣០០​គ្រឿង​ទៀត​ប៉ុណ្ណោះ។

តួលេខ​នេះ​បើ​គិត​ជា​ភាគរយ គឺ​រុស្ស៊ី​បាន​បាត់បង់​អាវុធ​ទ្រទ្រង់​ទ័ព​ថ្មើរជើង​ចំនួន ៣២%។

បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN បាន​ចុះផ្សាយ​ទៀត​ថា រុស្ស៊ី​មាន​ទ័ព​បម្រុង និង​ទ័ព​ប្រយុទ្ធ​នៅ​មុន​សង្គ្រាម​ផ្ទុះឡើង​មាន​មាន​ចំនួន ៩​សែន​នាក់ ប៉ុន្តែ​ក្នុង​ចំនួន​នេះ ទ័ព​ប្រយុទ្ធ​របស់​រុស្ស៊ី​មាន​ប្រមាណ​ជា ៤​សែន​នាក់​ប៉ុណ្ណោះ។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា រុស្ស៊ី​មាន​ទ័ព​កំពុង​ប្រយុទ្ធ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ជាង ៧​សែន ៥​ម៉ឺន​នាក់។ រុស្ស៊ី​មាន​ផែនការ​ពង្រីក​ទ័ព​បម្រុង​របស់​ខ្លួន​រហូត​ដល់​ទៅ ១​លាន ៥​សែន​នាក់។

យ៉ាងណា បើ​និយាយ​ពី​តួលេខ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ឯណោះ​វិញ រុស្ស៊ី​បាត់បង់​ទ័ព​គិត​មក​ដល់​ថ្ងៃទី​១៣ ខែ​ធ្នូ នេះ គឺ​មាន​ចំនួន​ជាង ៣​សែន ៤​ម៉ឺន​នាក់ រថក្រោះ​ធុន​ធ្ងន់​ជិត ៥៦៦០​គ្រឿង រថពាសដែក​ជាង ១០៥០០​គ្រឿង (១០៥៦០​គ្រឿង) រថយន្ត​ដឹក​ភស្តុភារ​ជាង ១​ម៉ឺន​គ្រឿង (១០៦៤០​គ្រឿង) កាំភ្លើង​ធំ​ជាង ៨​ពាន់​គ្រឿង (៨០៧០​គ្រឿង) កាំភ្លើង​រ៉ុក្កែត​ជិត ១​ពាន់​គ្រឿង (៩១៩​គ្រឿង) ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស​ជាង ៦០០​គ្រឿង (៦០៥​គ្រឿង) យន្តហោះ​ចម្បាំង​ជាង ៣០០​គ្រឿង (៣២៤​គ្រឿង) ឧទ្ធម្ភាគចក្រ​ជាង ៣០០​គ្រឿង (៣២៤​គ្រឿង) បាញ់​ទម្លាក់​ដ្រូន​ជាង ៦​ពាន់​គ្រឿង (៦១៥៤​គ្រឿង) បាញ់​កម្ទេច​នាវាចម្បាំង​តូច​ធំ​ចំនួន ២២​គ្រឿង និង​នាវាមុជទឹក​មួយ​គ្រឿង។

តែ​យ៉ាងណា សារព័ត៌មាន THE KYIV INDEPENDECE របស់​អ៊ុយក្រែន មិន​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ទៅ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​នោះ​ទេ។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី បាន​បញ្ជាក់​នៅ​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា អ៊ុយក្រែន​មាន​ទ័ព​កំពុងតែ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​មាន​ចំនួន​ជិត ៦​សែន​នាក់។ លោក ហ្សេឡេនស្គី អះអាង​ថា យុទ្ធជន​របស់​លោក​ទាំង​ឧត្តមសេនីយ៍​ដឹកនាំ​ការ​ប្រយុទ្ធ​ផង​ដែរ ពួកគេ​កំពុងតែ​ប្រយុទ្ធ​យ៉ាង​ក្លាហាន​នៅ​លើ​សមរភូមិ​ភាគ​ខាងកើត ភាគ​ខាងត្បូង និង​ភាគ​ឥសាន​ប្រទេស។

លោក ហ្សេឡេនស្គី បញ្ជាក់​ថា ចំនួន​កងទ័ព​របស់​អ៊ុយក្រែន ជិត ៦០​សែន​នាក់​នេះ សុទ្ធសឹងតែ​ជា​ទ័ព​ប្រយុទ្ធ ហើយ​អ៊ុយក្រែន មាន​ទ័ព​បម្រុង​ប្រមាណ ៧​សែន​នាក់​ផ្សេង​ទៀត។ យ៉ាងណា តួលេខ​នៃ​ចំនួន​ទ័ព​របស់​អ៊ុយក្រែន​ដូចនេះ គឺ​លោក ហ្សេឡេនស្គី ទំនង​ចង់​ប្រាប់​ទៅ​ពួក​បស្ចិម​ប្រទេស និង​សហរដ្ឋ​អាមេរិក​ថា អ៊ុយក្រែន​ពិត​ជា​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី​រាប់​សិប​ខែ​ទៅ​មុខ​ទៀត ឱ្យ​តែ​អ៊ុយក្រែន នៅតែ​ទទួល​បាន​ការ​ផ្ដល់​អាវុធ និង​ជំនួយ​ផ្សេងៗ​ពី​ពួក​បស្ចិម​ប្រទេស និង​សហរដ្ឋ​អាមេរិក។

លោក ហ្សេឡេនស្គី ដែល​ធ្វើ​ដំណើរ​ទៅ​ជួប​លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​នៅ​សេតវិមាន បើ​ទោះជា​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​លោក ចូ បៃដិន ក៏ដោយ តាម​មើល​ទៅ​វីរជន​សង្គ្រាម​របស់​អ៊ុយក្រែន​រូប​នេះ កំពុងតែ​ទទូច​ឲ្យ​សហរដ្ឋ​អាមេរិក ជាពិសេស​គឺ​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ បន្ថែម​ជំនួយ​មក​ឱ្យ​អ៊ុយក្រែន បន្ត​ទៀត។

លោក ចូ បៃដិន និង​រដ្ឋការ​របស់​លោក បាន​ធ្វើ​សេចក្ដី​ព្រាង​កញ្ចប់​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន គឺ​សម្រាប់​ឆ្នាំ​២០២៤ ក្នុង​ទំហំ​សាច់ប្រាក់​ជាង ៦០​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ទំហំ​សាច់ប្រាក់​សរុប​ចំនួន ១១០​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​មួយ​ផ្នែក​ធំ​ជា​ជំនួយ​សម្រាប់​ប្រទេស​អ៊ីស្រាអែល។

ប៉ុន្តែ​គម្រោង​ជំនួយ​របស់​រដ្ឋការ​លោក បៃដិន ត្រូវ​បាន​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​ផ្អឹប​ទុក ព្រោះ​តែ​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​ទាមទារ​ឱ្យ​រដ្ឋការ​របស់​លោក ចូ បៃដិន កាត់បន្ថយ​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន ទាំង​ជំនួយ​សាច់ប្រាក់​សុទ្ធ និង​ជំនួយ​យោធា ដែល​ថា​ជំនួយ​កន្លង​មក​បាន​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​ទស្សនកិច្ច​របស់​លោក ហ្សេឡេនស្គី ទៅ​កាន់​សហរដ្ឋ​អាមេរិក​លើក​នេះ គឺ​លោក​បាន​ជួប​លោក ចូ បៃដិន ហើយ​ក៏​បាន​ជួប​នឹង​មេដឹកនាំ​កំពូលៗ​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា​ផង​ដែរ ជាពិសេស​មេដឹកនាំ​សភា​មកពី​គណបក្ស​សាធារណរដ្ឋ។ លោក ហ្សេឡេនស្គី ព្យាយាម​ពន្យល់ និង​លើក​ហេតុផល​អំពី​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ក្នុង​ការ​ប្រើប្រាស់​ជំនួយ និង​អាវុធ​ទាំងនោះ​ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក ហ្សេឡេនស្គី បាន​ថ្លែង​ទៅ​កាន់​វេទិកា​មួយ​នៅ​សហរដ្ឋ​អាមេរិក​ថា បើ​អាមេរិក​ផ្អាក​ជំនួយ ឬ​ក៏​កាត់បន្ថយ​ជំនួយ​សម្រាប់​អ៊ុយក្រែន ក្នុង​កាលៈទេសៈ​នេះ គឺ​មាន​តែ​ហុច​កាដូ​ទៅ​ឱ្យ​លោក ពូទីន ហើយ​អ៊ុយក្រែន អាច​នឹង​ចាញ់​សង្គ្រាម។

លោក​បន្ត​ថា បើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​មាន​ន័យ​ថា រុស្ស៊ី​អាច​ឈ្លានពាន​ប្រទេស​នៅ​អឺរ៉ុប​ផ្សេង​ទៀត ហើយ​អាច​ប៉ះពាល់​ខ្លាំង​ដល់​អំណាច​របស់​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​ធំ​ជាងគេ​ក្នុង​ការ​ជួយ​ការពារ​យុត្តិធម៌ និង​សន្តិភាព​សម្រាប់​ប្រទេស​ទន់ខ្សោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស