31 C
Phnom Penh

ពលករ​ខ្មែរ​នៅ​ជប៉ុន​អំពាវនាវ​ឱ្យ​លោក ហេង សួរ ជួយ​ការពារ​ពលករ​ខ្មែរ​ដែល​កំពុង​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​នៅ​ជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករ​ខ្មែរ​ដែល​កំពុង​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ប្រទេស​ជប៉ុន អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ជួយ​យកចិត្ត​ទុកដាក់​ការពារ​សិទ្ធិ​ការងារ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន ក្នុង​ឈ្មោះ​ជា​សិក្ខាកាម​សព្វថ្ងៃ​នេះ ដើម្បី​កុំ​ឱ្យ​ពួកគេ​រង​នូវ​ការ​ធ្វើ​បាប​ពី​ថៅកែ​រោងចក្រ​បន្ត​ទៀត។

ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៥ ធ្នូ ថា ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​ក្នុង​ឈ្មោះ​ជា​សិក្ខាកាម​សព្វថ្ងៃ​នេះ ភាគច្រើន​បាន​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​ថៅកែ​រោងចក្រ​ក្នុង​ប្រទេស​ជប៉ុន​ធ្ងន់ធ្ងរ ខណៈ​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​ពួកគេ​មក​ធ្វើការ​តាម​រោងចក្រ​ក្នុង​ប្រទេស​ជប៉ុន កន្លង​មក​នោះ ក៏​មិន​បាន​ជួយ​ការពារ​សិទ្ធិ​ការងារ​របស់​ពួកគេ​ដែរ។

ពលករ​រងគ្រោះ​ទាំងនោះ អះអាង​ថា រាល់​ពេល​ដែល​ពួកគេ​ស្នើ​ឱ្យ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ជួយ​និយាយ​ឱ្យ​ថៅកែ​រោងចក្រ​បញ្ឈប់​ការ​ធ្វើ​បាប​ពួកគេ ឬ​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ជួយ​ផ្លាស់ប្ដូរ​កន្លែង​ការងារ​ថ្មី ខាង​ក្រុមហ៊ុន​តែងតែ​គំរាម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ និង​ត្រូវ​ចេញ​សំណង​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​របស់​ពួកគេ​ថែម​ទៀត។ ចំណែក​ពលករ​ដែល​រង​នូវ​ការ​គំរាមកំហែង​បែប​នេះ គឺ​មាន​តែ​ទ្រាំ​ធ្វើការ​ទាំង​វេទនា​ផ្លូវកាយ និង​ផ្លូវចិត្ត​ប៉ុណ្ណោះ រហូត​មាន​ពលករ​ខ្លះ​សុខចិត្ត​ធ្វើ​អត្តឃាត​ក៏​មាន​ដែរ​កន្លង​មក​នោះ។

ក្រុម​ពលករ​រងគ្រោះ​ទាំងនេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ពួកគេ​មិន​អាច​ទ្រាំ​នឹង​ការ​ធ្វើ​បាប​របស់​ថៅកែ​រោងចក្រ​បាន ពួកគេ​មាន​ជម្រើស​តែ​មួយ​គត់ គឺ​ត្រូវ​រត់​ចេញពី​កន្លែង​ធ្វើការ​ទៅ​រក​កន្លែង​ការងារ​ថ្មី​ដោយ​ខ្លួនឯង ហើយ​ការ​ធ្វើ​បែប​នេះ ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​ឧបសគ្គ​ធ្ងន់ធ្ងរ ជាពិសេស​គឺ​ការ​ផុត​កំណត់​វីសារ ដែល​ធ្វើ​ឱ្យ​ខ្លួន​ក្លាយ​ជា​ពលករ​ខុស​ច្បាប់​តែម្តង ខណៈ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន ក៏​មិន​បាន​យកចិត្ត​ទុកដាក់​លើ​ករណី​ទាំងនេះ​ដែរ ទោះបី​ពួកគេ​ធ្លាប់​ទាក់ទង​សុំ​ឲ្យ​ជួយ​ពួកគេ​បែប​ណា​ក៏ដោយ។

កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Muri Yoshiiro អភិបាល​ខេត្ត​មីយ៉ាហ្គី ប្រទេស​ជប៉ុន និង​បាន​ស្នើ​ឱ្យ​លោក Muri Yoshiiro ជំរុញ​ការ​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​សហគ្រាស​នៅ​ក្នុង​ខេត្ត​នេះ​ជ្រើសរើស​កម្មសិក្សាការី និង​ពលករ​ជំនាញ​ពី​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ។

លោក ហេង សួរ បាន​លើកឡើង​នៅ​ក្នុង​ជំនួប​នោះ​ថា ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​រីករាយ​នឹង​សហការ​ជាមួយ​ខេត្ត​មីយ៉ាហ្គី ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ ដើម្បី​ឲ្យ​ចំ​តម្រូវការ​ឧស្សាហកម្ម​របស់​ខេត្ត​បន្ត​ទៀត ស្រប​ពេល​ដែល​ខេត្ត​មីយ៉ាហ្គី នេះ មាន​កម្មសិក្សាការី និង​ពលករ​ជំនាញ​របស់​កម្ពុជា​ត្រឹមតែ​ជាង ១០០​នាក់ (១០៩​នាក់) ប៉ុណ្ណោះ ដែល​កំពុង​ហាត់​ការងារ និង​បំពេញ​ការងារ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​ករណី​នេះ សារព័ត៌មាន The Cambodia Daily បាន​រក​ឃើញ​ថា មាន​ពលករ​ខ្មែរ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ជប៉ុន នៅ​ពេលនេះ។ ជនរងគ្រោះ​ដែល​កំពុង​ស្នាក់នៅ​មន្ទីរពេទ្យ​រូប​នោះ គឺជា​ពលករ​ខ្មែរ​ដែល​បាន​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ក្នុង​នាម​ជា​សិក្ខាកាម ប៉ុន្តែ​ក្រោយ​មក រូបគេ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​បាប​ទាំង​រូបរាងកាយ និង​ផ្លូវចិត្ត ហើយ​ក៏​សម្រេច​រត់​ចេញពី​កន្លែង​ធ្វើ​ការងារ​តែម្តង។

ក្រោយ​រត់​ចេញពី​កន្លែង​ការងារ រូបគេ​បាន​ធ្វើ​ការងារ​ជា​ពលករ​ខុស​ច្បាប់ ប៉ុន្តែ​ដោយសារតែ​រង​នូវ​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​រហូត​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តាំង​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ មក ដែល​រូបគេ​ទើប​មាន​សភាព​ធូរស្រាល​កាលពី​ពេល​ថ្មីៗ​នេះ។

ក្រោយពី​បាន​ធូរស្រាល​ពី​ជំងឺ រូបគេ​ក៏​នៅ​ប្រឈម​នឹង​បញ្ហា​មួយ​កម្រិត​ទៀត​ដែល​ត្រូវ​បង់​ថ្លៃ​ព្យាបាល​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​រូបគេ​គ្មាន​លុយ​សូម្បី​មួយ​រៀល។ ចំណែក​ប្រពន្ធ​របស់​ជនរងគ្រោះ​រូប​នេះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន ចាប់​បញ្ជូន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ថែម​ទៀត បន្ទាប់ពី​រូបគេ​បាន​ផុតកំណត់​វីសារ ក្រោយ​រត់​ចេញពី​កន្លែង​ការងារ ខណៈ​មន្ត្រី​ស្ថានទូត​ខ្មែរ​ក៏​ហាក់​មិន​ខ្វល់ខ្វាយ​ពី​រឿង​នេះ​ដែរ ទោះ​មាន​ការ​សុំ​អង្វរករ​ឲ្យ​ជួយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​នេះ ពលករ​ខ្មែរ​ខុស​ច្បាប់​កំពុង​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់ ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​វិធានការ​ច្បាប់​ពី​ការ​រស់នៅ​ដោយ​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ។

លោក ឃុន ថារ៉ូ លើកឡើង​ថា បញ្ហា​នេះ​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ជាបន្ទាន់​ជុំវិញ​កិច្ចសន្យា​រវាង​ទីភ្នាក់ងារ​បញ្ជូន​ពលករ និង​ទីភ្នាក់ងារ​ទទួល​ពលករ​នៅ​ឯ​ប្រទេស​ជប៉ុន ព្រោះ​ថា​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​យក​គោលនយោបាយ​អនុលោម​ទៅ​តាម​យន្តការ​ច្បាប់​លើក​កម្ពស់​សិទ្ធិមនុស្ស និង​សិទ្ធិ​ពលករ​បរទេស ប៉ុន្តែ​វិធានការ​នេះ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ពេញលេញ​នៅឡើយ​ទេ ខណៈ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​លើ​ពលករ​បរទេស បាន​បន្ត​កើតមាន​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស