29.3 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៖ ក្រុម​ឧក្រិដ្ឋជន​ដើរ​មុន​ការ​អនុវត្ត​ច្បាប់​មួយ​ជំហាន​ជុំវិញ​អំពើ​ជួញដូរ​មនុស្ស​និង​គ្រឿងញៀន​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អះអាង​ថា កម្ពុជា​សព្វថ្ងៃ​នេះ​កំពុង​ញាំញី​ដោយ​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ ខណៈ​បញ្ហា​គ្រឿងញៀន​ក៏​បាន​ក្លាយ​ជា​ហានិភ័យ​ដ៏​ធំ​មួយ​ទៀត​ដែរ ព្រោះ​ក្រុម​ឧក្រិដ្ឋជន​បាន​ដើរ​មុន​ការ​អនុវត្ត​វិធាន​ច្បាប់​ក្នុង​ការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​បាន​មួយ​ជំហាន​ធំ​ទៅ​ហើយ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា លើកឡើង​ថា ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៣ ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ថ្វីត្បិតតែ​ជនល្មើស​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​នៅ​កម្ពុជា ប៉ុន្តែ​កម្រៃ​នៃ​អ្នក​ទទួល​បាន មិន​មែន​នៅ​កម្ពុជា​ទេ ចុងក្រោយ​គឺ​ពួកគេ​បាន​ផ្ទេរ​លុយ​ទាំងនោះ​ទៅ​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប​វិញ​ទាំងអស់។

លោក​បន្ថែម​ថា រដ្ឋាភិបាល​នៅតែ​មិន​អាច​កំណត់​ពី​ភាព​ជាក់លាក់​ទៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​នៅឡើយ ដោយសារតែ​ពួកគេ​នៅ​ទី​ងងឹត ខណៈ​រដ្ឋាភិបាល​នៅ​ទី​ភ្លឺ ស្រប​ពេល​ដែល​ជនល្មើស​ទាំងនោះ​បាន​ដើរ​មួយ​ជំហាន​មុន​រដ្ឋាភិបាល​ទៅ​ហើយ​នោះ។

លោក​បន្ត​ថា ពួកគេ​បាន​ធ្វើការ​លក់​មនុស្ស​ចាប់ពី ៥​ឆ្នាំ​ទៅ ១៥​ឆ្នាំ ក្នុង​មនុស្ស​ម្នាក់ ជួនកាល​ពួកគេ​បាន​លក់​មនុស្ស​ម្នាក់​នោះ​ត្រឹមតែ ៤​ឆ្នាំ ឬ ៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក៏​លក់​បន្ត​ទៅ​អ្នក​ដទៃ​ទៀត ចំណែក​អ្នក​ខ្លះ​ទៀត​ត្រូវ​គេ​លក់​រហូត​ដល់​ទៅ ៤ ឬ ៥​ដង​ឯណោះ។

លោក ស សុខា អះអាង​ថា ដោយសារតែ​បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវតែ​ទប់ស្កាត់​គ្រប់​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស ដោយ​ការ​ដាក់​ទិសដៅ​ផែនការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​បង្ក្រាប​បទល្មើស​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត និង​ការ​បង្កើន​សមត្ថភាព​បំពេញ​តួនាទី​របស់​កងកម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល និង​ចលនា​នានា ជាពិសេស​ប្រជា​ការពារ​តាម​បណ្តា​ឃុំ-សង្កាត់ ដោយ​បន្ត​ការ​គាំទ្រ​ស្មារតី និង​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា ក្នុង​គោលដៅ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​អំពើ​ជួញដូរ​មនុស្ស បញ្ហា​គ្រឿងញៀន​ក៏​កំពុង​ញាំញី​កម្ពុជា​ដែរ ដែល​ក្នុង​រយៈពេល​ជាង ៣​ខែ​ចុង​ក្រោយ​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​មិន​ត្រឹមតែ​រយ​គីឡូ​ទេ គឺ​ចូល​ដល់​តោន​ឯណោះ ព្រោះ​ថា​កន្លង​មក កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ផលិត​គ្រឿងញៀន​យក​ទៅ​ប្រទេស​ក្រៅ​ផង ជា​កន្លែង​ចរាចរ​សម្រាប់​ឆ្លងកាត់​ទៅ​ប្រទេស​ទី​៣ ផង​ដែរ ប៉ុន្តែ​ពេលនេះ ក្រុម​ឧក្រិដ្ឋជន​បាន​នាំគ្នា​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​កាណាដា បាន​កំណត់​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​ឧក្រិដ្ឋកម្ម​ធំៗ​ដែល​កំពុង​ប្រតិបត្តិការ​ឆបោក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​គេ​រក​មុខ​សញ្ញា​នៅ​ក្នុង​ប្រទេស​ឡាវ កម្ពុជា និង​មីយ៉ាន់ម៉ា សព្វថ្ងៃ​នេះ ដែល​ភាគច្រើន​គេ​បាន​រក​ឃើញ​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ និង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​ប្រទេស​វៀតណាម។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក David Cameron ព្រមាន​ថា លោក​នឹង​មិន​អត់ឱន​ឱ្យ​ឧក្រិដ្ឋជន និង​របប​ដឹកនាំ​ដែល​ធ្វើការ​គាបសង្កត់ ជាន់ឈ្លី​លើ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស​សាមញ្ញ​នៅ​ជុំវិញ​ពិភពលោក​ជាដាច់ខាត សម្រាប់​ការ​ចូលរួម​របស់​ពួកគេ​នៅ​ក្នុង​ឧស្សាហកម្ម​បោកប្រាស់​តាម​អ៊ីនធឺណិត​ដ៏​ធំ​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​ឡាវ កម្ពុជា និង​មីយ៉ាន់ម៉ា សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​ខាង​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ធ្លាប់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទីតាំង​មួយក​ន្លែង​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ស្ថិត​នៅ​ផ្លូវ​៤៩CC ភូមិ​ដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កំពុង​ក្លាយ​ជា​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​ដ៏​ធំ​បំផុត​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​យ៉ាង​មាន​សុវត្ថិភាព។

ប្រភព​ខាងលើ​អះអាង​ថា ទីតាំង​ខាងលើ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ជួញដូរ​មនុស្ស​ខុស​ច្បាប់ ដូចជា ជនជាតិ​ខ្មែរ វៀតណាម ថៃ និង​ចិន ដែល​ត្រូវ​បាន​គេ​យក​មក​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី ១​ពាន់​ដុល្លារ​អាមេរិក ទៅ ៥​ពាន់​ក្នុង​ដុល្លារ​អាមេរិក​ក្នុង ១​នាក់ ដើម្បី​យក​មក​ប្រព្រឹត្ត​អំពើ​ចាប់​ជំរិត ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា ទីតាំង​ខាងលើ​នេះ​បាន​ដំណើរការ​ជាង ១​ឆ្នាំ​ហើយ ដែល​មាន​បុគ្គលិក​ធ្វើការ​ប្រហែល​ជា ៦០០​នាក់ ហើយ​បុគ្គលិក​ទាំងនោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​មក​ខាងក្រៅ​ទេ ប៉ុន្តែ​រាល់​ការ​ចេញ​ចូល​របស់​អ្នក​គ្រប់គ្រង​នៅ​ទីតាំង​នេះ គឺ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាទីបំផុត។ ជាង​នេះ​ទៀត បុគ្គលិក​ដែល​បម្រើការ​នៅ​ទីនោះ តែង​ទទួល​រង​នូវ​ទារុណកម្ម​ធ្ងន់ធ្ងរ ប្រសិន​បើ​ពួកគេ​មិន​អាច​ប្រើ​វិធី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​គ្រប់​តាម​ផែនការ​កំណត់​ទេ​នោះ។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស