30 C
Phnom Penh

ចិន​ព្រមាន​ហ្វីលីពីន​ពី​ទំនាក់ទំនង​លើ​ផ្លូវ​បំបែក ខណៈ​ក្រុង​ប៉េកាំង​នៅ​រក្សា​ដាក់​សម្ពាធ​លើ​ក្រុង​ម៉ានីល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ព្រមាន​សមភាគី​ហ្វីលីពីន​របស់​លោក​ថា ទីក្រុង​ម៉ានីល ត្រូវតែ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន ហើយ​ក្រុង​ប៉េកាំង នៅ​រក្សា​ដាក់​សម្ពាធ​លើ​ក្រុង​ម៉ានីល រហូត​មាន​ដំណោះស្រាយ​រួម​មួយ។

ការ​ព្រមាន​របស់​ប្រមុខ​ការទូត​ចិន ធ្វើឡើង​ក្រោយពី​ហ្វីលីពីន សម្រេច​បញ្ជូន​នាវា​ល្បាត​ទៅ​ប្រឈមមុខ​នឹង​នាវា​ល្បាត​ចិន​នៅ​ក្នុង​តំបន់​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​អះអាង​ថា​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន ហើយ​ក៏​ធ្វើឡើង​បន្ទាប់ពី​ក្រុង​ម៉ានីល សម្រេច​បោះបង់​ចោល​កញ្ចប់​ប្រាក់កម្ចី​ពី​ចិន​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅ​ថ្ងៃទី​២១ ខែ​ធ្នូ។

ការ​ព្រមាន​របស់​ចិន ក៏​កើត​ឡើង​ខណៈ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​តានតឹង​ទាំង​ការទូត និង​យោធា។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន ការ​ព្រមាន​របស់​លោក វ៉ាង យី ធ្វើឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Enrique Manalo កាលពី​ថ្ងៃទី​២០ ខែ​ធ្នូ នេះ។

ក្នុង​កិច្ច​សន្ទនា​គ្នា​នេះ លោក វ៉ាង យី បាន​លើកឡើង​ថា ចិន និង​ហ្វីលីពីន កំពុង​ប្រឈម​នឹង​ស្ថានការណ៍​ដ៏​លំបាក​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដោយសារតែ​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​របស់​ទីក្រុង​ម៉ានីល។

លោក វ៉ាង យី ព្រមាន​ចំពោះ​សមភាគី​ហ្វីលីពីន ថា ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន បច្ចុប្បន្ន​កំពុង​ប្រឈមមុខ​នឹង​ស្ថានការណ៍​ដ៏​លំបាក ហើយ​ដើមហេតុ គឺ​មកពី​ហ្វីលីពីន បាន​ផ្លាស់ប្ដូរ​គោលនយោបាយ និង​ការ​ប្ដេជ្ញា​ចិត្ត​យូរ​អង្វែង​មក​ហើយ​របស់​ខ្លួន ដោយ​បន្ត​បង្ក​រឿង បង្ក​ភាព​ច្របូកច្របល់​នៅ​ក្នុង​ដែនសមុទ្រ និង​បំផ្លាញ​សិទ្ធិ​ស្រប​ច្បាប់​របស់​ចិន។

ប្រមុខ​ការទូត​ចិន​រូប​នេះ​បន្ថែម​ថា ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​បំបែក ដោយ​ដាក់​លក្ខខណ្ឌ​ឱ្យ​ហ្វីលីពីន ត្រូវ​ប្រឈម​នឹង​ជម្រើស​ពីរ គឺ​ហ្វីលីពីន​ត្រូវតែ​ធ្វើ​សកម្មភាព​ដោយ​ប្រុងប្រយ័ត្ន និង​ត្រូវ​ទៅ​រក​ការ​ចរចា​ទ្វេភាគី។

តែ​ការ​ប្រៀនប្រដៅ​របស់​ប្រមុខ​ការទូត​ចិន ក៏​ធ្វើឡើង​បន្ទាប់ពី​ហ្វីលីពីន បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឱ្យ​ចូល​ជួប​ដើម្បី​ស្ដាប់​ការ​តវ៉ា​របស់​ក្រុង​ម៉ានីល ក្រោយ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ចោទ​ថា​នាវា​ឆ្មាំ​សមុទ្រ​ចិន​បាន​ប្រើ​កាណុង​បាញ់​ទឹក​ដាក់​នាវា​របស់​ហ្វីលីពីន ដែល​កំពុង​ដឹក​សម្ភារៈ​ស្បៀង​ដល់​អ្នក​នេសាទ និង​ទាហាន​ហ្វីលីពីន ដែល​កំពុង​ឈរជើង​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal ដែល​បណ្ដាល​ឱ្យ​នាវា​ប្រទេស​ទាំង​ពីរ​បើក​ប៉ះ​គ្នា​ផង​ដែរ។

ប៉ុន្តែ​ចំពោះ​អ្នក​សង្កេតការណ៍ យល់​ឃើញ​ថា ការ​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន ព្រមាន​ថា​ទំនាក់ទំនង​ហ្វីលីពីន និង​ចិន ស្ថិត​លើ​ផ្លូវ​បំបែក ទំនង​ក្រុង​ប៉េកាំង ប្រតិកម្ម​នឹង​ក្រុង​ម៉ានីល សម្រេច​ទម្លាក់​ចោល​ការ​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ដើម្បី​យក​មក​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន ៣​ខ្សែ ដែល​ចិន​បាន​ឱ្យ​ខ្ចី​ក្នុង​អំឡុង​ប្រទេស​ហ្វីលីពីន ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ឌូទើតេ។

ហ្វីលីពីន អាច​ជា​ប្រទេស​ទី​១ ក្នុង​តំបន់​អាស៊ី ដែល​សម្រេច​លែង​ខ្ចី​ប្រាក់​ពី​ប្រទេស​ចិន ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន ហៅ​ថា Belt and Road Initiative។ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​ហ្វីលីពីន Jaime Bautista បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​សម្រេច​ទម្លាក់​ចោល​គម្រោង​ខ្ចី​ប្រាក់​ពី​ចិន ដោយសារតែ​រដ្ឋាភិបាល​ថ្មី​សិក្សា​ឡើងវិញ​ថា តើ​ត្រូវ​បន្ត​ខ្ចី​ទៀត ឬ​ត្រូវ​ទម្លាក់​ចោល។ តែ​ពេល​នេះ លោក​រដ្ឋមន្ត្រី​ថា គណៈរដ្ឋមន្ត្រី​របស់​លោក ម៉ាកូសជ័រ បាន​សម្រេច​ថា ត្រូវ​ទម្លាក់​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន។

បើ​ដូចនេះ​មាន​ន័យ​ថា គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន ត្រូវ​បាន​លុប​ចោល ហើយ​ក៏​លែង​បន្ត​ខ្ចី​ប្រាក់​ពី​ចិន ទៀត​ដែរ។ ប៉ុន្តែ​លោក ម៉ាកូស ឃើញ​ថា​ទាំង​ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង សម្រេច​បន្ថយ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​ជាមួយ​គ្នា ហើយ​ក៏​ចំ​ពេល​ដែល​ចិន មិន​បាន​ឆ្លើយតប​មក​វិញ​បន្ទាប់ពី​ហ្វីលីពីន បាន​សាកសួរ​ទៅ​ក្រុង​ប៉េកាំង អំពី​ការ​បន្ត​ផ្ដល់​ប្រាក់កម្ចី​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន។

ចិន បាន​សន្យា​ផ្ដល់​ប្រាក់​កម្ចី​ឱ្យ​ហ្វីលីពីន ក្នុង​ទំហំ ៥​ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ចំនួន ៣​ខ្សែ ដែល​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ។

រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ម៉ាកូស កំពុង​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ជាដើម ប៉ុន្តែ​ការ​ប្រេះឆា​រវាង​រដ្ឋាភិបាល​របស់​លោក ម៉ាកូស និង​ប្រទេស​ចិន អាច​ជា​ដើមហេតុ​ធំ​ជាងគេ គឺ​កើត​ចេញពី​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ចាប់តាំងពី​លោក ម៉ាកូសជ័រ ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ ជំនួស​លោក ឌូទើតេ ដែល​ចូល​និវត្តន៍ គេ​សង្កេត​ឃើញ​ភាព​តានតឹង​ជុំវិញ​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ហ្វីលីពីន និង​ចិន កាន់តែ​កើនឡើង រហូត​ក្រុង​ម៉ានីល សម្រេច​ស្នើសុំ​សហរដ្ឋ​អាមេរិក បញ្ជូន​ទ័ព​មក​ដាក់​ពង្រាយ​នៅ​លើ​កោះ​មួយ​ចំនួន​នៅ​ក្នុង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដូចជា​នៅ​ប្រជុំ​កោះ​ស្ព្រាតលី លើ​ដែនទឹក​ដែល​ហ្វីលីពីន អះអាង​ថា​ជា​របស់​ខ្លួន។

លោក​ប្រធានាធិបតី ម៉ាកូសជ័រ បាន​ប្រកាស​ថា សេចក្ដី​សម្រេច​របស់​សាលាក្ដី​អន្តរជាតិ ដែល​គេ​ហៅ​ថា​អាជ្ញាកណ្ដាល​នៃ​មជ្ឈត្តការ​អន្តរជាតិ​ឆ្នាំ​២០១៦ ដែល​សម្រេច​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​គ្រប់គ្រង​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រាតលី គឺ​ត្រូវតែ​អនុវត្ត ទោះ​ក្រុង​ប៉េកាំង​ជំទាស់​ក៏ដោយ​នោះ។

ក្រុង​ប៉េកាំង មិន​បាន​ទទួលស្គាល់​សាលក្រម​របស់​តុលាការ​អន្តរជាតិ​នេះ​ទេ ដោយ​ចាត់ទុក​ថា​ជា​សេចក្ដី​សម្រេច​ដែល​មិន​ឆ្លើយតប​នឹង​អង្គហេតុ​ពិត​នៃ​ប្រវត្តិ​កកើត​ទឹកដី​ប្រទេស​ចិន។ ចិន ចាត់ទុក​កោះ​ទាំងឡាយ​នៅ​ក្នុង​ប្រជុំ​កោះ​ស្ព្រាតលី គឺជា​ដែនទឹក​របស់​ចិន ព្រោះ​ចិន​មាន​កម្មសិទ្ធិ​ដល់​ទៅ ៩០​ភាគរយ​នៃ​ផ្ទៃ​ទឹកសមុទ្រ​ចិន​ខាងត្បូង ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។

ប្រទេស​ដែល​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង មិនមែន​មាន​តែ​ហ្វីលីពីន នោះ​ទេ គឺ​មាន​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប្រ៊ុយណេ កោះតៃវ៉ាន់ រហូត​ដល់​ជម្លោះ​ជាមួយ​ប្រទេស​ឥណ្ឌា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស