30 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្រើ​មន្ត្រី​ពាក់ព័ន្ធ​គ្រឿងញៀន​ធ្វើ​ជា​ខ្សែរយៈ​ស្រាវជ្រាវ​រក​ប្រភព​ជួញដូរ​និង​ផលិត​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រាវជ្រាវ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ប្រើប្រាស់​មន្ត្រី​ដែល​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ធ្វើ​ជា​ខ្សែរយៈ​ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​ដល់​ប្រភព​នៃ​ការ​ជួញដូរ និង​ផលិត​គ្រឿងញៀន ដើម្បី​ងាយស្រួល​ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ជនល្មើស។

អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​មិនមែន​ជា​រឿង​ថ្មី ហើយ​ក៏​មិនមែន​ជា​រឿង​តូច​ដែរ។ ជាង​នេះ​ទៀត បញ្ហា​នេះ​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នក​រកស៊ី​ធំៗ​នៅ​កម្ពុជា​ដែរ ដូច្នេះ​វិធានការ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ព្យួរ​តួនាទី និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​ពេលនេះ គ្រាន់តែ​ជា​ចំណាត់ការ​មួយ​ជ្រុង​តួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​បទល្មើស​គ្រឿងញៀន​ដែល​បាន​កើត​មាន​នៅ​កម្ពុជា​កន្លង​មក។

លោក សេក សុជាតិ លើកឡើង​ថា ទោះ​ចំណាត់ការ​នេះ​តូច​ក្តី ធំ​ក្តី ប៉ុន្តែ​ឱ្យ​តែ​មន្ត្រី​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ដោយ​សុទ្ធចិត្ត ដោយ​គ្មាន​ការ​រើសអើង ក្រោម​គោលការណ៍​ច្បាប់ មិន​ខ្លាច​ញញើត​អ្នក​មាន​អំណាច ឬ​សាច់ញាតិ​បក្ខពួក​ខ្លួនឯង នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន នឹង​អាច​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ទាំងស្រុង​ជាមិនខាន ប៉ុន្តែ​ប្រសិនបើ​អនុវត្ត​ច្បាប់​ដើម្បី​ធ្វើ​ប្រជាភិថុតិ ឬ​គ្រាន់តែ​ដើម្បី​ឱ្យ​ល្អ​មើល ទោះ​វិធានការ​នោះ​ធំ​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​លុបបំបាត់​បញ្ហា​នេះ​បាន​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ដើម្បី​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ជុំវិញ​មន្ត្រី​អនុវត្ត​ច្បាប់​បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា បញ្ហា​នេះ​មិនមែន​ធំ​ក្នុង​កម្រិត​ធម្មតា​ទេ គឺ​ធំ​ក្នុង​កម្រិត​ខ្ពស់​តែម្តង ព្រោះ​ថា​បើ​ធ្វើការ​ប្រៀបធៀប​នឹង​មនុស្ស​វិញ មាន​ន័យ​ថា ថ្នាំពុល​មួយ​នេះ​បាន​ជ្រាប​ចូល​ដល់​បេះដូង​ទៅ​ហើយ ដូច្នេះ​កម្រិត​នៃ​ការ​ព្យាបាល​ក៏​ត្រូវ​ធ្វើឡើង​ក្នុង​កម្រិត​ខ្ពស់ និង​ប្រុងប្រយ័ត្ន​ជាទីបំផុត​ដែរ។

កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​លិខិត​បង្គាប់​ការ​ស្ដីពី​ការ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​មន្ត្រី​នគរបាល​ជាតិ​ចំនួន ១៥​នាក់ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​មាន​ឋានន្តរសក្តិ​ជា​វរសេនីយ៍ទោ​ផង អនុសេនីយ៍ឯក​ផង និង​វរសេនីយ៍ត្រី​ផង​ដែរ ដែល​ម្នាក់ៗ​មាន​ឋានៈ​ជា​នាយរង​ការិយាល័យ​ផង នាយ​ផ្នែក​ផង និង​នាយរង​ផ្នែក​ផង​ដែរ ក្រោយ​រក​ឃើញ​ថា​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន។

ទាក់ទិន​នឹង​បញ្ហា​នេះ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ លោក ស សុខា ក៏​បាន​ចេញ​សេចក្តី​សម្រេច​ដាច់ដោយឡែក​ពី​គ្នា​ចំនួន​ពីរ​ទៀត​ដែរ ដោយ​ធ្វើការ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ និង​ដកហូត​មុខតំណែង​ចំពោះ​មន្ត្រី​នគរបាល​ជាតិ​ចំនួន ១១​នាក់ នៅ​ខេត្ត​ព្រៃវែង បន្ទាប់ពី​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន។

មន្ត្រី​នគរបាល​ជាតិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ទាំងនោះ មាន​ឋានន្តរសក្តិ​ជា​វរសេនីយ៍ទោ​ផង អនុសេនីយ៍ឯក​ផង អនុសេនីយ៍ទោ​ផង អនុសេនីយ៍ត្រី​ផង ព្រឹន្ទបាលទោ​ផង និង​ជា​ពលបាលទោ​ផង​ដែរ ដែល​មាន​ឋានៈ​សុទ្ធតែ​ជា​នាយរង​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នាយរង​ការិយាល័យ​រដ្ឋបាល និង​នាយរង​ផ្នែក​ចល័ត​ការពារ​នៃ​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា ជាដើម។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ លោក ស សុខា ក៏​បាន​បណ្តេញ​នាយរង​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក សួន តុសិត្យពិទូរ្យ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ផង​ដែរ បន្ទាប់ពី​រក​ឃើញ​ថា​មន្ត្រី​រូប​នេះ​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​គ្រឿងញៀន ហើយ​មន្ត្រី​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំងនោះ នឹង​ត្រូវ​កាត់​ផ្តាច់​ប្រាក់បៀវត្ស និង​របប​ឧបត្ថម្ភ​ផ្សេងៗ​ចាប់ពី​ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ​នេះ​តទៅ​ដូច​គ្នា​ទាំងអស់។

ការ​ព្យួរ​តួនាទី និង​បណ្តេញ​មន្ត្រី​នគរបាល​ជាតិ​ចេញពី​ក្របខ័ណ្ឌ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ក្នុង​កងកម្លាំង​នគរបាល​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​នោះ​ក៏​បាន​រក​ឃើញ​នូវ​មន្ត្រី​នគរបាល​ជាតិ​មួយ​ចំនួន​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នេះ​ដែរ ដូចជា ការ​ប្រើប្រាស់ ចែកចាយ និង​រក្សាទុក ជាដើម។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​តួនាទី​ភារកិច្ច​ជា​កងកម្លាំង​ប្រដាប់​អាវុធ បើសិន​មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សាទុក​នៅ​ជា​កងកម្លាំង​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ស សុខា បាន​លើកឡើង​ថា ក្នុង​រយៈពេល​ជាង ៣​ខែ​ចុងក្រោយ​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​គ្រឿងញៀន​មិន​ត្រឹមតែ​រយ​គីឡូក្រាម​ទេ គឺ​ចូល​ដល់​តោន​ឯណោះ ព្រោះ​ថា​កន្លង​មក កម្ពុជា​ត្រូវ​បាន​ប្រើ​ជា​កន្លែង​ផលិត​គ្រឿងញៀន​យក​ទៅ​ប្រទេស​ក្រៅ​ផង ជា​កន្លែង​ចរាចរ​សម្រាប់​ឆ្លងកាត់​ទៅ​ប្រទេស​ទី​បី​ផង​ដែរ ប៉ុន្តែ​ពេលនេះ ក្រុម​ឧក្រិដ្ឋជន​បាន​នាំគ្នា​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស