38 C
Phnom Penh

បទ​អត្ថាធិប្បាយ៖ បុណ្យ​ណូអែល​ប្រារព្ធ​ធ្វើឡើង​ខណៈ​ពិភពលោក​គ្មាន​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ ការ​ប្រារព្ធ​ពិធីបុណ្យ​ធំៗ​នៃ​ពិភពលោក​រាប់​ទាំង​បុណ្យ​ណូអែល ធ្វើឡើង​ក្រោម​ស្ថានភាព​ភ័យខ្លាច ឈឺចាប់ ព្រោះតែ​ពិភពលោក​គ្មាន​សន្តិភាព។

ក្រោយពី​ជំងឺ​កូវីដ-១៩ រាតត្បាត​ពិភពលោក​ក្នុង​រយៈពេល ៣​ឆ្នាំ ខណៈ​ជំងឺ​នេះ​បិទ​បញ្ចប់​វិញ ពិភពលោក​ក៏​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​មួយ​ទៀត គឺ​សង្គ្រាម​ផ្ទុះ​នៅ​អ៊ុយក្រែន ជា​សង្គ្រាម​មហាអំណាច​រុស្ស៊ី ឈ្លានពាន​ប្រទេស​ជិតខាង​របស់​ខ្លួន។

ឥឡូវ​នេះ សង្គ្រាម​ផ្ទុះ​នៅ​តំបន់​មួយ​ទៀត គឺ​នៅ​មជ្ឈិមបូព៌ា ជា​សង្គ្រាម​អ៊ីស្រាអែល សងសឹក​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ដែល​បាន​លួច​វាយប្រហារ​បាញ់​គ្រាប់​រ៉ុក្កែត​យ៉ាងតិច ៥​ពាន់​គ្រាប់​ចូល​ទៅ​ទឹកដី​អ៊ីស្រាអែល ហើយ​ភ្លាមៗ សម្លាប់​ប្រជាជន​អ៊ីស្រាអែល ជាង ១៤០០​នាក់។

នៅ​ឆ្នាំ​នេះ​កាន់តែ​អាក្រក់​ជាង​ឆ្នាំ​ទៅ​មិញ​ទៅ​ទៀត បុណ្យ​ធំៗ​របស់​ពិភពលោក​ស្ថិត​ក្នុង​ភាព​ក្រៀមក្រំ ជាពិសេស​គឺ​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រិស្ដស្មាស​ឆ្នាំ​នេះ។ អឺរ៉ុប​ទាំងមូល​បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​ដោយ​ការ​ឈឺចាប់ ដោយសារតែ​សង្គ្រាម​ផ្ទុះ​ពេញ​ទំហឹង​នៅ​អ៊ុយក្រែន។ ប្រទេស​នៅ​អឺរ៉ុប ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង​នឹក​ឃើញ​ដល់​ភាព​ទុគ៌ត​នៃ​ជន​ទាំងឡាយ​ដែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​នៅ​តំបន់​ហ្កាហ្សា នៃ​ដែនដី​ប៉ាឡេស្ទីន។

នៅ​សហរដ្ឋ​អាមេរិក ការ​ប្រារព្ធ​បុណ្យ​គ្រិស្ដស្មាស ឬ​ណូអែល​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ពិភពលោក​ឱ្យ​មាន​សន្តិភាព​ឡើងវិញ​ផង​ដែរ។ នៅ​បុរី​វ៉ាទីកង់ ជា​ទីស្នាក់ការ​កណ្ដាល​របស់​សាសនា​គ្រិស្ដ បើ​ទោះបីជា​មាន​ការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​នេះ​ក្ដី ប៉ុន្តែ​សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស ធ្វើ​សេចក្ដី​ថ្លែងការណ៍​ក៏​ទទូច​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ជុំវិញ​ជម្លោះ​សាសនា​ទាំងអស់ និង​សូម​ឱ្យ​ពិភពលោក​មាន​សន្តិភាព​ឡើងវិញ។

ព្រះអង្គ​ទទូច​សុំ​ឱ្យ​បិទ​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា និង​អ៊ុយក្រែន។

ទីក្រុង​យេរ៉ុយសាឡឹម នៃ​ប្រទេស​អ៊ីស្រាអែល ដែល​ជា​ទីកន្លែង​កំណើត​របស់​ព្រះយេស៊ូ ក៏​កំពុងតែ​ជា​ផ្នែក​មួយ​ស្ថិត​ក្នុង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ផង​ដែរ គឺ​សង្គ្រាម​អ៊ីស្រាអែល វាយប្រហារ​សងសឹក​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន។

ពិធីបុណ្យ​ណូអែល​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ដែល​ស្នូល​គ្រាប់កាំភ្លើង​នៅ​ហ្កាហ្សា​ស្ទ្រីប នៅ​អ៊ុយក្រែន គឺ​យ៉ាង​សន្ធោសន្ធៅ​បំផុត។ ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន និង​អ៊ីស្រាអែល បណ្ដាល​ឱ្យ​ប្រជាជន​ប៉ាឡេស្ទីន ស្លាប់​មួយ​ថ្ងៃ​មាន ១០០​នាក់​ក៏​មាន​ផង​ដែរ។

ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​ថ្ងៃទី​០៧ តុលា មក​នោះ ប្រជាជន​ប៉ាឡេស្ទីន ស្លាប់​ជាង ២​ម៉ឺន​នាក់ របួស​ជាង ៦​ម៉ឺន​នាក់ និង​រត់​ភៀសខ្លួន​ជាង ២​លាន​នាក់ ដែល​រត់​ចេញពី​សមរភូមិ​នៅ​ហ្កាហ្សា​ស្ទ្រីប។

មក​ដល់​ពេលនេះ តំបន់​ហ្កាហ្សា​ស្ទ្រីប សឹង​ក្លាយជា​ផេះ​ទៅ​ហើយ ដោយសារតែ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​នេះ។ អ្នកជំងឺ​គ្មាន​មន្ទីរពេទ្យ​ព្យាបាល​នោះ​ទេ ហើយ​ក៏​ត្រូវ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ទៀត​ផង ដោយសារតែ​ការ​វាយប្រហារ​របស់​កងទ័ព​ទាំង​ពីរ​ក្រុម​នេះ។ កុមារ​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់ ស្ត្រី​ក៏​ត្រូវ​បាន​សម្លាប់។ នេះ​និយាយ​ចំពោះ​សង្គ្រាម​អ៊ីស្រាអែល និង​ពួក​ហាម៉ាស។

ចំណែក​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ជា​ប្រទេស​កាន់​សាសនា​គ្រិស្ដ​ដូច​គ្នា​នេះ កំពុងតែ​ប្រយុទ្ធ​សម្លាប់​គ្នា​យ៉ាង​សាហាវ​បំផុត។ ប្រជាជន​អ៊ុយក្រែន ស្លាប់​ជាច្រើន​នាក់​រៀងរាល់​ថ្ងៃ ខណៈ​ជាង ១៤​លាន​នាក់​ក្លាយ​ជា​ជនភៀសខ្លួន។ កុមារ​រាប់​ម៉ឺន​នាក់​បាត់បង់​ឪពុកម្ដាយ និង​ត្រូវ​បាន​ចាប់​ពង្រត់។ ស្ត្រី​មួយ​ចំនួន​ដែល​មាន​ផ្ទៃពោះ សម្រាល​កូន​នៅ​ក្នុង​សមរភូមិ​ក៏​មាន​ផង​ដែរ។

សោកនាដកម្ម​ទាំងនេះ បាន​ញាំញី​ពិភពលោក​ឱ្យ​ធ្លាក់​ក្នុង​ការ​បែកបាក់ ស្អប់​ខ្ពើម និង​ប្រកាន់​ជាតិ​សាសន៍។ ជាមួយ​គ្នា​នេះ តំបន់​មួយ​ចំនួន​កំពុងតែ​គំរាមកំហែង និង​ធ្វើ​ដំណើរ​ទៅ​រក​សង្គ្រាម​ទៀត​ផង មាន​ដូចជា នៅ​សមុទ្រ​ចិន​ខាងត្បូង ឧបទ្វីប​កូរ៉េ និង​កោះ​តៃវ៉ាន់ ជាដើម។

ប្រទេស​ខ្លះ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​ឈាន​ដល់​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ទៀត​ផង។ សេរីភាព​របស់​ប្រជាជន​ត្រូវ​បាន​រឹតត្បិត និង​គាប​សង្កត់។ ជន​ណា​ងើប​ឡើង​ការពារ​សេរីភាព ត្រូវ​បាន​បង្ក្រាប​ចាប់​ដាក់​គុក។

នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក៏​មាន​ចម្បាំង​រាំងជល់​ផង​ដែរ គឺ​នៅ​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​នៅ​ក្នុង​របប​សឹក។ សង្គ្រាម​ស៊ីវិល​ផ្ទុះ​ទូទាំង​ប្រទេស បណ្ដាល​ឱ្យ​ស្លាប់​ប្រជាជន​រាប់​ម៉ឺន​នាក់។ ជនភៀសខ្លួន​ជាង ២​លាន​នាក់​ដោយសារ​តែ​សង្គ្រាម។

របប​សឹក​ភូមា ក៏​ចាប់​អ្នក​នយោបាយ​ប្រឆាំង អ្នក​ប្រជាធិបតេយ្យ​ជាង​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់ ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ទៀត​ផង។ និយាយ​ទៅ ការ​ប្រារព្ធ​ពិធីបុណ្យ​ធំៗ​របស់​ពិភពលោក​ដូចជា​បុណ្យ​ចូល​ឆ្នាំ​សកល បុណ្យ​ណូអែល ជាដើម​នេះ ធ្វើឡើង​ក្នុង​ស្ថានភាព​តក់ស្លុត និង​ឈឺចាប់​បំផុត។

បើ​ស្ថានភាព​នេះ​នៅ​បន្ត​ទៅ​មុខ​ទៀត ហើយ​ពិភពលោក​អាច​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​ណា​ផ្សេង​ទៀត គឺ​ពិភពលោក​គ្មាន​ទេ​សន្តិភាព​រឹងមាំ​សម្រាប់​មនុស្ស​ជាតិ សម្រាប់​កុមារ និង​ស្ត្រី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស