35 C
Phnom Penh

ក្រុមប្រឹក្សា​សន្តិសុខ UN កំពុង​រង​ការ​ញាំញី​ខ្លាំង​ដោយ​ការ​ប្រកួត​របស់​ប្រទេស​មហាអំណាច​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​ហ្កាហ្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឆ្លងកាត់​ដំណាក់កាល​ចុងក្រោយ​ដែល​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ដូចជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន សង្គ្រាម​អ៊ីស្រាអែល វាយប្រហារ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា និង​ករណី​ប្រទេស​កូរ៉េខាងជើង បង្ក​អសន្តិសុខ​ដោយ​បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM រំលោភ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ គេ​មើល​ឃើញ​ថា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មិន​ដែល​រក​ឃើញ​មតិ​រួម​ណា​មួយ ដើម្បី​ឈាន​ទៅ​ដល់​ការ​ពន្លត់​ភ្លើង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ហ្កាហ្សា បាន​នោះ​ទេ។

មិន​តែប៉ុណ្ណោះ សូម្បីតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​កូរ៉េខាងជើង បាញ់​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប ICBM គំរាម​ជប៉ុន និង​កូរ៉េខាងត្បូង ក៏​ស្ថាប័ន​មួយ​នេះ​មិន​អាច​រក​មតិ​រួម​គ្នា​ចេញ​សេចក្ដី​សម្រេច​ថ្កោលទោស​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ​បាន​ឡើយ។

ក្នុង​ស្ថានភាព​បែប​នេះ អ្នក​សង្កេតការណ៍ អ្នកវិភាគ ដែល​ជំនាញ​កិច្ចការ​ភូមិសាស្ត្រ​នយោបាយ និង​យោធា មើល​ឃើញ​ថា ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ធ្លាប់​ដើរ​តួនាទី​យ៉ាង​សកម្ម​ជួយ​ពន្លត់​វិបត្តិ​ធំៗ​នៃ​ពិភពលោក និង​មាន​ការ​សាមគ្គី​គ្នា​ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន​ទាំង ១៥​ប្រទេស ក៏​លែង​មាន​ទៀត​ហើយ។

តើ​អ្វី​ទៅ​ជា​ឧបសគ្គ​ដែល​ធ្វើ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កំពុងតែ​ធ្លាក់​ក្នុង​វិបត្តិ​ដូចនេះ?

យោង​តាម​ជំពូក​ទី​៥ និង​ពី​មាត្រា​២៣ ដល់ ៣២ ​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ស្ថាប័ន​នេះ​មាន​អំណាច​ពេញលេញ​ក្នុង​ការ​វះកាត់​វិបត្តិ​នៅ​លើ​ពិភពលោក ជាពិសេស​គឺ​ត្រូវ​ជួយ​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ឬ​សង្គ្រាម​ផ្ទៃក្នុង​របស់​ប្រទេស​នោះ​ដែល​ឈាន​ដល់​ការ​សម្លាប់​រង្គាល​លើ​ជាតិ​សាសន៍​របស់​ប្រទេស​នោះ។

ជាមួយ​គ្នា​នេះ ក៏​ផ្ដល់​ឱ្យ​ស្ថាប័ន​មួយ​នេះ​នូវ​តួនាទី និង​សិទ្ធិ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច ហើយ​ចាត់​វិធានការ​ទៅ​លើ​ប្រទេស​ទាំងឡាយ​ណា​ដែល​បំពាន​ច្បាប់​អន្តរជាតិ និង​បង្ក​អសន្តិសុខ​តំបន់​ដែរ។

ប៉ុន្តែ​តាម​ការ​អង្កេត ចាប់តាំងពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ គឺ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មិន​មាន​វិធានការ​អ្វី​ដាក់​ទៅ​លើ​រុស្ស៊ី នោះ​ទេ ព្រោះតែ​រុស្ស៊ី​ខ្លួន​គេ​ផ្ទាល់​ជា​សមាជិក​អចិន្ត្រៃយ៍​ដែល​យោង​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ គឺ​ប្រទេស​ដែល​ហៅ​ថា​សមាជិក​អចិន្ត្រៃយ៍​មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​សិទ្ធិ​វេតូ ដែល​មាន​ន័យ​ថា សិទ្ធិ​វេតូ​នេះ​គឺ​រាំង​ខ្ទប់​ទាំងស្រុង​មិន​ឱ្យ​មាន​សេចក្ដី​សម្រេច​ណា​មួយ​ចេញ​រូបរាង​បាន​នោះ​ទេ។

គេ​សង្កេត​ឃើញ​ថា ស្ថាប័ន​មួយ​នេះ​តែងតែ​បើក​កិច្ចប្រជុំ​ដើម្បី​រក​មតិ​កុងសង់ស៊ីស​រឹងមាំ​មួយ ក៏​រក​មិន​បាន​នោះ​ដែរ ដោយសារតែ​រុស្ស៊ី​បោះឆ្នោត​ជំទាស់ ហើយ​ពេល​ខ្លះ ចិន​ក៏​បោះឆ្នោត​ជំទាស់​ដូច​រុស្ស៊ី​ដែរ ហើយ​ទីបំផុត​បាន​ត្រឹមតែ​សំឡេង​ភាគច្រើន ហើយ​បញ្ជូន​ទៅ​កាន់​មហាសន្និបាត​ដែល​ពុំ​មាន​សិទ្ធិ​អំណាច​អ្វី​នោះ​ទេ ទោះ​ជា​មាន​ប្រទេស​ប្រឆាំង​នឹង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន លើស​ពី ១២០​ប្រទេស​ក៏ដោយ ក៏​មិន​មាន​ទម្ងន់​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញពី​អ៊ុយក្រែន បាន​នោះ​ដែរ ហើយ​ទីបំផុត ប្រទេស​ទាំងនោះ​បាន​ត្រឹមតែ​អំពាវនាវ​ដោយ​ចេញ​សេចក្ដី​ថ្លែងការណ៍​ប៉ុណ្ណោះ។

ទីបំផុត សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី កំពុងតែ​ឆេះ​កាល​យ៉ាង​សន្ធោសន្ធៅ​មក​ដល់​ពេលនេះ។ ឥឡូវ​នេះ គេ​សង្កេត​ឃើញ​ថា វា​ឆ្លង​ចូល​ដល់​តំបន់​ហ្កាហ្សា​នៃ​ដែនដី​ប៉ាឡេស្ទីន ដែរ។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​តែងតែ​ប្រជុំ​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​មតិ​រួម ហើយ​ចេញ​វិធានការ​បញ្ឈប់​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន តែ​កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ ៦​លើក​មក​ហើយ ក៏​មិន​អាច​មាន​សេចក្ដី​សម្រេច​កើត​ចេញ​ជា​វិធានការ​បញ្ឈប់​សង្គ្រាម​លើ​ដែនដី​ហ្កាហ្សា​បាន​នោះ​ដែរ ព្រោះ​សហរដ្ឋ​អាមេរិក​ជា​ខ្នង​បង្អែក​របស់​អ៊ីស្រាអែល ចេញ​មុខ​ជំទាស់ គឺ​បោះឆ្នោត​វេតូ។

ការ​បោះឆ្នោត​វេតូ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អចិន្ត្រៃយ៍ បាន​នាំ​ឱ្យ​គាំង​សេចក្ដី​ព្រាង​ដំណោះស្រាយ​ដែល​សុំ​បិទ​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា ហើយ​នៅ​ពេល​នោះ ក៏​គេ​ដឹង​ថា អង់គ្លេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក ក៏​បោះឆ្នោត​អនុប្បវាទ​ផង​ដែរ គឺ​មិន​ខុស​អី​ដែល​ចិន​តែងតែ​បោះឆ្នោត​អនុប្បវាទ​នៅ​ពេល​ដែល ១៣​ប្រទេស​ទៀត​គាំទ្រ​ឱ្យ​រុស្ស៊ី ដក​ទ័ព​ចេញពី​អ៊ុយក្រែន នោះ​ទេ។

ឥឡូវ​នេះ​គេ​សង្កេត​ឃើញ​វិបត្តិ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ពុំ​មាន​សិទ្ធិ​អំណាច ហើយ​មិន​មាន​ប្រយោជន៍​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​លើ​ពិភពលោក​នេះ គឺ​ស្ថាប័ន​នេះ​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​របស់​ខ្លួន​ឯង​ដែល​គេ​ហៅ​ថា វិបត្តិ​នៃ​ការ​ខ្វះ​មតិ​កុងសង់ស៊ីស។

ដោយសារតែ​វិបត្តិ​ដូចនេះ​ហើយ បាន​ជា​ការ​រក​ដំណោះស្រាយ​ត្រឹមតែ​ថ្កោលទោស​កូរ៉េខាងជើង បាញ់​មីស៊ីល​ផ្លោង ICBM ក៏​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​បាន​ដែរ ព្រោះតែ​ចិន និង​រុស្ស៊ី មិន​សម្រេច​ឱ្យ​ចេញ​សេចក្ដី​ថ្លែងការណ៍​ដូចនេះ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​អ្នកជំនាញ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ តែងតែ​ជំរុញ​ឱ្យ​ធ្វើ​វិសោធនកម្ម​អំពី​សិទ្ធិ​របស់​ប្រទេស​សមាជិក​អចិន្ត្រៃយ៍ ហើយ​កាត់បន្ថយ​សិទ្ធិ​វេតូ​របស់​ប្រទេស​ទាំងនោះ។

យ៉ាងតិច ៥០​ប្រទេស​បាន​ដាក់​ញត្តិ​ទៅ​ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​ស្នើ​ឱ្យ​កាត់បន្ថយ​សិទ្ធិ​វេតូ​របស់​សមាជិក​ប្រទេស​អចិន្ត្រៃយ៍ ក៏​ទៅ​មិន​រួច​ដែរ។ ជាមួយ​គ្នា​នេះ មាន​ប្រទេស​ច្រើន​ទៀត​បាន​ជំរុញ​ឱ្យ​បន្ថែម​ប្រទេស​ឥណ្ឌា អាល្លឺម៉ង់ ជប៉ុន ប្រេស៊ីល ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍ ក៏​មិន​អាច​ធ្វើ​បាន​ដែរ ព្រោះតែ​ដូច្នេះ​ហើយ ដែល​គេ​មើល​ឃើញ​ថា ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៅ​ក្នុង​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ​ត្រូវតែ​បន្ថែម​សមាជិក​អចិន្ត្រៃយ៍​ថែម​ទៀត ធ្វើ​យ៉ាងណា​កាត់បន្ថយ​អំណាច​វេតូ​របស់​សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន អង់គ្លេស និង​បារាំង ប៉ុន្តែ​មក​ដល់​ពេលនេះ គំនិត​ផ្ដួចផ្ដើម​ឱ្យ​ធ្វើ​វិសោធនកម្ម​អំពី​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅតែ​ចេញ​ពុំ​រួច។

គេ​ថា​ចង់​ធ្វើ​វិសោធនកម្ម លុះត្រាតែ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ នេះ​ជា​អ្នក​សម្រេច ហើយ​បើ​ទោះជា​មហាសន្និបាត​ក៏​ពុំ​មាន​សិទ្ធិ​បង្គាប់​ឱ្យ​រុះរើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

ដូច្នេះ វិបត្តិ​ជាន់​លើ​វិបត្តិ​ក៏​ថា​បាន​នៅ​ឯ​អង្គការ​សហប្រជាជាតិ ហើយ​អនាគត​ការ​ប្រកាន់​បក្ខពួក​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយ​ទំនង​គ្មាន​ទេ​ការ​ជួយ​ពន្លត់​វិបត្តិ​ធំៗ​នៅ​លើ​ពិភពលោក បើ​អ្នក​ដោះស្រាយ​វិបត្តិ​មិន​អាច​ក្លាយ​ជា​អ្នក​សម្រេច​ដោយ​អព្យាក្រឹត្យ និង​ឯករាជ្យ​ផង​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស