32 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល៖ តើ​ម្ចាស់​រថយន្ត Jeep ដែល​បុក​គេ​ស្លាប់ នឹង​ត្រូវ​ដោះលែង​ស្ងាត់ៗ​ដែរ​ឬ​ទេ ក្រោយ​ពលរដ្ឋ​លែង​សូវ​ចាប់​អារម្មណ៍?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល លើក​ជា​សំណួរ​ជាច្រើន​ជុំវិញ​ការ​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់ចោទ​ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ម្ចាស់​រថយន្ត​ទំនើប​ម៉ាក Jeep ដែល​បាន​បុក​បុរស​ម្នាក់​ឱ្យ​បាត់បង់​ជីវិត​កាលពី​ពេល​ថ្មីៗ​នេះ​ថា តើ​ជន​បង្ក​អាច​នឹង​ត្រូវ​ឃុំ​ខ្លួន​ពិតប្រាកដ​ដែរ​ទេ ហើយ​រូប​គេ​នឹង​ត្រូវ​ជាប់​ឃុំ​តាម​ទម្ងន់​ទោស​ពេញលេញ​ដែរ​ឬ​ក៏​អត់ ក្រោយ​ពេល​ពលរដ្ឋ​លែង​សូវ​ចាប់អារម្មណ៍​នឹង​បញ្ហា​នេះ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ករណី​ម្ចាស់​រថយន្ត​ទំនើប​ម៉ាក Jeep បុក​ជនរងគ្រោះ​បណ្តាល​ឱ្យ​ស្លាប់​នេះ នៅ​មាន​សំណួរ និង​ចម្ងល់​ជាច្រើន​ដែល​មហាជន​កំពុង​តាមដាន ដូចជា ហេតុ​អ្វី​បាន​ជា​ជន​បង្ក​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ ក្រោយ​បុក​មនុស្ស​ស្លាប់ ព្រោះ​ថា​រថយន្ត​ក៏​មាន​ស្លាក​លេខ​ត្រឹមត្រូវ ហើយ​ករណី​នេះ​ក៏​ទំនង​ជា​អាជ្ញាធរ​ក៏​បាន​កំណត់​អត្តសញ្ញាណ​របស់​ជន​បង្ក​ច្បាស់លាស់​រួច​ហើយ​ដែរ?

លោក មឿន តុលា លើក​ជា​សំណួរ​បន្ថែម​ថា បើ​មិន​មាន​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​កំពូល​ទេ តើ​ជន​បង្ក​នៅតែ​មាន​សេរីភាព​ក្រៅ​ច្បាប់ ហើយ​អាជ្ញាធរ​នៅតែ​មិន​ហ៊ាន​ចាប់​ជន​បង្ក​មែន​ឬ​ទេ។ ជាង​នេះ​ទៀត បើ​ជន​បង្ក​មិន​ចូល​ខ្លួន​មក​ទេ តើ​អាជ្ញាធរ​នៅតែ​មិន​ហ៊ាន​ចាប់ ឬ​នៅតែ​រក​មិន​ឃើញ​ជន​បង្ក​យ៉ាង​ណា ព្រោះ​ថា​កន្លង​មក អាជ្ញាធរ​បាន​ប្រើ​ការ​អំពាវនាវ​ឱ្យ​ជន​បង្ក​ចូល​ខ្លួន​មក​ដោះស្រាយ ជាជាង​ការ​អនុវត្ត​ច្បាប់​ចំពោះ​រូបគេ​ទៅវិញ។

ការ​លើក​ជា​សំណួរ​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​រថយន្ត​ទំនើប​ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បាន​រត់​គេច​ខ្លួន​ដោយ​គ្មាន​ការ​បង្ក្រាប ក្រោយ​ជន​បង្ក​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ទំនើប​ម៉ាក Jeep និង​ម៉ូតូ ស្ថិត​ក្នុង​ភូមិ​៦ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​បាន​បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈ​អ្នក​បើក​រថយន្ត​បាន​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព។

ក្រោយ​ករណី​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Juppy បាន​អះអាង​ថា នៅ​ថ្ងៃ​បុណ្យ​សព​ជនរងគ្រោះ ឪពុក​ជនល្មើស​បាន​មក​ហៅ​បងស្រី​ជីដូនមួយ​របស់​បុរស​ដែល​បាន​ស្លាប់ ដែល​ស្ត្រី​រូប​នោះ​គឺជា​មេធាវី ទៅ​ជួប​ក្រៅ​រោង​បុណ្យ​និយាយ​ស្ងាត់ៗ អំឡុង​ពេល​ដែល​ស្ត្រី​រូប​នោះ​កំពុង​ឈរ​ធ្វើ​កិច្ច​បច្ឆាមរណៈ។

ក្រោយ​ជជែក​មិន​ចុះសម្រុង​គ្នា គ្រួសារ​ជនល្មើស​បាន​យក​លុយ ១០០០​ដុល្លារ​មក​ចូល​បុណ្យ​សព និង​ព្រមាន​ថា បើ​មិន​ដក​ពាក្យបណ្ដឹង​ទេ គ្រួសារ​គេ​នឹង​មាន​រឿង​បន្ថែម​ទៀត​មិន​ខាន។

ទាក់ទិន​នឹង​ករណី​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ក៏​បាន​នាំគ្នា​បញ្ចេញមតិ​រិះគន់​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ប៉ុន្តែ​ក្រោយ​មក ខ្សែអាត់​សំឡេង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក៏​ត្រូវ​បាន​គេ​ទម្លាយ​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​ផង​ដែរ ដោយ​លោក ហ៊ុន សែន គំរាម​ឱ្យ​ឪពុកម្ដាយ​ជន​បង្ក​ហៅ​កូន​របស់​ពួកគេ​ឱ្យ​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

លោក ហ៊ុន សែន ព្រមាន​ថា បើ​កូន​របស់​ពួកគេ​មិន​ចូល​ខ្លួន​មក​ដោះស្រាយ​រឿង​នេះ​ទេ លោក​នឹង​ដក​តួនាទី​ពួកគេ និង​បណ្តេញ​ចេញពី​តំណែង​តែម្តង។ ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ក៏​បាន​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ករណី​នេះ​ភ្លាមៗ​ដែរ។

ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ស្រាប់តែ​នៅ​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៣ ជនល្មើស​ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បាន​ចូល​ខ្លួន​មក​សារភាព​ទោស​កំហុស​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​នោះ តុលាការ​បាន​ចោទប្រកាន់​រូបគេ​ចំនួន ២​ករណី ទី​១ បើកបរ​ដោយ​ធ្វេសប្រហែស​បណ្តាល​ឱ្យ​អ្នក​ដទៃ​បាត់បង់​ជីវិត និង​ទី​២ ពី​បទ​រត់​គេច​ខ្លួន ហើយ​តុលាការ​ក៏​បាន​សម្រេច​បញ្ជូន​ខ្លួន​ជនល្មើស​ទៅ​ឃុំ​ទុក​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ PJ កាលពី​ថ្ងៃទី​២៤ ធ្នូ នេះ​តែម្តង។

មាត្រា​៨៥ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ចែង​ថា ជន​ណា​ដែល​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី​បួន​លាន​រៀល​ទៅ​ដប់​ប្រាំ​លាន​រៀល។

ដោយឡែក​មាត្រា ៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែង​ពី​បទ​រត់​គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ដោយ​ព្យាយាម​រត់​គេច​ខ្លួន នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​លាន​រៀល​ទៅ​បួន​លាន​រៀល​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន លោក ហ៊ុន ម៉ាណែត បាន​ចេញ​បទបញ្ជា​ថា ប្រសិន​មាន​បទល្មើស​ជាក់ស្តែង​បើក​ឡាន​បុក​គេ​ស្លាប់ មិន​បាច់​សុំ​គោលការណ៍​ទេ គឺ​ចាប់​ខ្លួន​តែម្តង​ទៅ ក្នុង​នោះ​បើ​ជនល្មើស​តវ៉ា គឺ​ត្រូវតែ​វាយ​ខ្នោះ​កុំ​លើកលែង ហើយ​កូន​មន្ត្រី​ប៉ូលិស​អាច​អនុវត្ត​ករណី​នេះ​ដោយ​មិន​បាច់​ទៅ​សុំ​បញ្ជា​ពី​មេ​ស្នងការ​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទោះ​អាជ្ញាធរ​កម្ពុជា ឬ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល រួម​ទាំង​លោក ហ៊ុន ម៉ាណែត បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ករណី​នេះ​ក៏ដោយ ក៏​មិនមែន​មាន​ន័យ​ថា ច្បាប់​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុវត្ត​ដោយ​ពេញលេញ​ទេ ព្រោះថា​ជាក់ស្តែង ច្បាប់​នៅ​កម្ពុជា​គ្មាន​វិសាលភាព​គ្របដណ្ដប់​លើ​មនុស្ស​គ្រប់​រូប​ទេ ដែល​មាន​ន័យ​ថា ច្បាប់​នេះ​គ្របដណ្ដប់​បាន​តែ​ទៅ​លើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ប៉ុណ្ណោះ ប៉ុន្តែ​ច្បាប់​ដដែល​នេះ​គឺ​ស្ថិត​នៅ​ក្រោម​បាតជើង​អ្នក​មាន​អំណាច​ទៅវិញ។

កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន ក្រោយ​បិទ​បញ្ចប់​ការ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ ថា ក្នុង​ឆ្នាំ​២០២២ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​កើត​ឡើង​ជិត ៣​ពាន់​ករណី (២៩៧៦​ករណី) ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ២​ពាន់​នាក់ (១៧០៩​នាក់) និង​រង​របួស​ជាង ៤​ពាន់​នាក់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស